របរ​ដេរ​កាបូប​ពី​ពោះ​វៀនរថយន្ត ជួយ​ឲ្យ​បុរស​ពិការម្នាក់ មានសង្ឃឹម​ក្នុងជីវិត

  • 2017-11-21 09:28:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាបុរស​ពោះ​ម៉ាយ និង​ពិការជើង​ម្ខាង​ផង លោ ព្រំ រ៉ៃ ត្រូវ​ទទួល​បន្ទុក​កូនចិញ្ចឹម​កូន​ស្រី​ម្នាក់​បន្ទាប់​ពីចែក​ផ្លូវជាមួយ​ភរិយា។ ជីវិតជាជន​ពិការ និង​ថែម​ទាំង​បែក​បាក់​ពី​ភរិយា​ផង​ លោក​ថា​ខ្លួន​លោក​ហាក់​តែល​តោល និង​ថែមទាំង​មានគំនិត​ចង់​សំលាប់​ខ្លួន​ផង។

ទោះយ៉ាងណាជីវិត​លោក ព្រំ រៃ បាន​ប្រែប្រួល ប្រែ​ប្រួល​ដោយ​សារ​លោក​បាន​មក​រៀន​ជំនាញ​ដេរកាបូប​នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ក្នុងទីក្រុង​ភ្នំពេញ និងបាន​ឃើញ​ជនពិការ​ដទៃ​ទៀត​មាន​ស្ថានភាព​លំបាកជាង​លោក តែ មាន​ការ​តស៊ូជាង​រូប​លោក​ទៅ​វិញ។

(លោក ព្រំ រ៉ៃ ពេល​កំពុង​ផ្តល់​បទសម្ភាសន៍)

លោក​មាន​ប្រ​សាសន៍ថាៈ «កាល​ដែល​យើង​មិនទាន់​មានជំនាញ​ណាអូន អត់​ចង់រស់​នៅទេ​...​អង្គុយ​មុខផ្ទះ​ឃើញគេទៅណាមក​ណី​ស្រួល ដ៏យើង(​ពិការ)​អ៊ីចឹង អត់ចង់រស់នៅ តែដ៏មានអង្គការ​មួយ​ រើសខ្ញុំ​មក​បណ្តុះ​បណ្តាល​វិជ្ជាជីវៈហ្នឹង ខ្ញុំ​មក​ដល់​ឃើញគេ​ពិបាកជាង​ខ្ញុំ...មាន​អារម្មមួយគិតថា​​គេពិបាក​ចង់​ងាប់​នៅ​ទ្រាំរស់​នៅ​បាន ចុះ​ឯង​នៅ​ដើរបាន ដៃ ភ្នែក​នៅ​ប្រើការបាន​ តែ​ចង់​ស្លាប់ ដ៏អ៊ីចឹង​អារម្មខ្ញុំ​ផ្លាស់​ប្តូរ»។

(លោក ព្រំ​ រ៉ៃ កំពុង​ដេរកាបូបពីពោះវៀន​រថយន្ត ដោយ​ក្នុង​មួយ​ថ្ងៃ​លោក អាច​ដេរបាន​យ៉ាង​តិច​ចំនួន​ពីរ)

​​​ក្រោយ​ពី​ចេះជំនាញ​ហើយ បុរស​មាន​ស្រុក​កំណើត​នៅខេត្ត​កំពង់ធំរូបនេះ​បាន​ចូល​បំរើការ​នៅ​សហគ្រាស​សង្គម​ Smart Craft ដោយ​អាច​ឲ្យ​លោក​មានចំណូល​ចិញ្ចឹម​ជីវិត និង​អាច​ឲ្យ​កូន​ស្រី​រៀន​សូត្រ​បានទៀតផង។ ជំនាញ​ដែល​លោកបាន​រៀន​គឺ រៀន​ដេរ​កាបូប​ក្រ​ណាត់ធម្មតា តែ​ពេល​លោក​ប្រឡូក​ក្នុង​វិស័យ​ការងារ​លោក​បាន​ដេរ​កាបូប​ពី​ពោះវៀនរថយន្ត និងបាវ​ស៊ីម៉ងត៍​។ ក្នុង​មួយ​ថ្ងៃ លោក​ថា លោក អាច​ដេរបាន​យ៉ាង​តិច​កាបូបចំនួន​ពីរ​ឬច្រើនជាងនេះ​ទៅ​តាម​ប្រ​ភេទនៃកាបូប។​​

(ប្រ​ភេទ​កាបូប​ដែល​លោក ព្រំ រ៉ៃ បាន​ដេរ)

​ក្រោយពី​រកឃើញ​នូវ​ពន្លឺជិវិត​ថ្មី លោក ព្រំ​ រ៉ៃ ក៏មិន​ភ្លេច​ដែរ​នូវការ​ផ្តែផ្តាំទៅ​កាន់ជនពិការដូច​រូបលោក​ផ្សេងទៀតមិន​ត្រូវ​អស់សង្ឃឹមក្នុងជីវិត ពោល​ត្រូវតស៊ូជម្នះជោគវាសនាអាក្រក់នានា​  ដែល​លោក​ថា​ទើប​ជីវិត​មាន​ពន្លឺភ្លឺស្វាង និងក្លាយជាបុគ្គល​ល្អ​ម្នាក់​ក្នុង​សង្គម៕

ចុច​ទស្សនា​វីដេអូ ៣០ដេលី៖

អត្ថបទ​ដោយ៖ ឈិត សុធារ៉ាត់

អត្ថបទថ្មី