ជនពិការភ្នែកមួយ​ក្រុម សហការគ្នា​បើក​កន្លែងចាប់សរសៃតាម​បែបជប៉ុន

  • 2017-11-23 03:02:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​ត្បិត​តែ​ពិការ​ភ្នែក​ទាំងសងខាង​ក៏ពិត​មែន តែ​គំនិត​មិន​ពិការ​នោះទេ។ ជន​ពិការ​ភ្នែកជាង​១០​នាក់បាន​សហការគ្នាបង្កើត​មជ្ឈមណ្ឌល​ចាប់​សរសៃ​មួយ​ដោយ​ក្រុម​ពួក​គាត់​ផ្ទាល់​ បន្ទាប់​ពី​ធ្វើ​ការ​ឲ្យ​កន្លែង​ចាប់​សរសៃ​ផ្សេង​បាន​ប៉ុន្មាន​ឆ្នាំ។

ស្ថាប​និក​មជ្ឈមណ្ឌល​ចាប់​សរសៃ​ដៃទេព​ម្នាក់ គឺ​លោក ម៉ែន សែនចំរុង ថ្លែង​ថា​លោក​ពិការភ្នែក​តាំង​ពី​អាយុ​មួយ​ឆ្នាំមក​ម្លេះ។ លោក​បន្តថា​នៅ​ឆ្នាំ​១៩៩៤ ពោល​គឺ នៅពេល​ដែល​លោក​មាន​វ័យ​២៥​ឆ្នាំ​ មាន​អង្គការ​មួយ​ដែលមាន​កិច្ច​សហការជាមួយ​អង្គការ​ជប៉ុន បាន​នាំយក​រូបលោក និង​អ្នក​ផ្សេង​ទៀត​ឲ្យ​ហាត់​រៀន​វិធី​ចាប់​សរសៃ​តាម​បែបជប៉ុន។ ពេល​នោះលោក​ថា គ្រូជនជាតិខ្មែរ​ម្នាក់​ដែលមាន​សញ្ញាបត្រ​ថា្នក់​អនុបណ្ឌិ​តផ្នែក​វិជ្ជា​ចាប់​សរសៃជាអ្នក​បណ្តុះ​បណ្តាល។

(បុរស​ដែលពិការភ្នែកទាំងសងខាង​កំពុង​ចាប់សរសៃជូនអតិថិជន)

ដោយ​សារ​ជំនាញ​នេះ​ហើយ​លោក​ថា​បាន​ធ្វើ​ឲ្យ​រូប​លោក​ និង​អ្នក​ផ្សេង​មួយ​ចំនួន​ទៀត​ដែលពិការ​ភ្នែក​ទាំងសងខាង​បាន​រួច​នូវទុក្ខលំបាក ដែល​ត្រូវ​រស់​នៅ​ដោយពឹកពាក់​លើ​អ្នក​ដទៃ។ លោក​ឲ្យ​ដឹងថា ដំបូង​ឡើយ​លោបាន​ធ្វើការ​នៅ​កន្លែងចាប់​សរសៃ​មួយ​ដែលមាន​អ្នក​ចាប់សរសៃជាជនពិការ​ភ្នែក​ផង និងអ្នក​មាន​ភ្នែកភ្លឺ​ធម្មតា​ផង។

លោក​បញ្ជាក់ថាការធ្វើការ​ជាមួយ​មនុស្ស​ភ្នែក​ភ្លឺ ហាក់​មិនសូវ​ស៊ីចង្វាក់​គ្នា​នោះទេ ដោយ​ហេតុនេះ ហើយ​ទើប​លោក​គិត​ឃើញថា​មាន​តែ បើក​កន្លែង​ចាប់​សរសៃ​ដែលមានតែជនពិការ​ភ្នែក​ដូចគ្នា​ទេ ដែល​អាច​យល់ចិត្ត​គ្នា​បាន ហើយ​លោក​ក៏បាន​សម្រេចចិត្ត​បើក​មជ្ឈមណ្ឌល​ចាប់​សរសៃ​ដៃទេព​នេះ ដែលមានទីតាំងនៅខាង​ត្បូង​ផ្សារអូឡាំពិក។

លោកឲ្យ​ដឹងថា​វិជ្ជា​ចាប់​សសៃ ហាក់​ដូចជា​ត្រូវគ្នា​នឹង​រូប​លោក ​ដែល​ជាជន​ពិការ​ភ្នែក​ ព្រោះថា​ត្រូវ​ពឹង​លើ​ការ​ស្ទាប ​ប៉ះពាល់​ រាវរក​ដោយ​ដៃផ្ទាល់​។ លោក ​និង​សហការីរបស់​លោកទាំង​១៤​នាក់​មាន​ជំនាញ​ពីរ​ច្បាស់​លាស់​ក្នុង​ការចាប់​សរសៃ ​ទីមួយគឺព្យាបាល​សរសៃ ​និងសាច់ដុំ ​ទីពីរ គឺសម្រួល។ លោក​បន្ថែម។​

(ក្រុម​ការងារ​របស់​លោក ម៉ែន សែនចំរ៉ុង កំពុង​ចាប់សរសៃជូនអតិថិជន)

​បើតាម​អតិថិ​ជន ដែលតែង​តែ​មក​ចាប់​សសៃ​នៅ ​មជ្ឈបណ្ឌល​ចាប់សរ​សៃ​ដៃ​ទេព​ គឺ​លោកស្រី មាស ណារី ​ឲ្យ​ដឹងថា​ លោក​ស្រី​តែង​មក​ទទួល​សេវាចាប់​សរសៃ​ជារឿយៗ ​នៅមជ្ឈ​មណ្ឌល​នេះ។​

លោក​ស្រីថា​ ត្បិត​កន្លែង​ចាប់​សរសៃសុទ្ធតែ​ជាជន​ពិការ​ភ្នែក​ទាំង​សង​ខាង ​ប៉ុន្តែ​អ្វីៗ​គ្រប់យ៉ាង​ត្រូវ​បាន​រៀប​ចំយ៉ាង​មាន​សណ្ដាប់​ធ្នាប់​ អនាម័យ​ ប្រកប​ដោយ​ផាសុខភាព។

ចំពោះ​តម្លៃ​ចាប់សរសៃវិញ លោក ម៉ែន សែន​ចំរ៉ុង ឲ្យ​ដឹង​ថា​សម្រាប់​ភ្ញៀវជាតិ តម្លៃ​ប្រាំ​​ដុល្លារ​សម្រាប់​រយៈពេល​មួយ​ម៉ោង និង​ប្រាំពីរ​ដុល្លារ​សម្រាប់​ជនបរទេស​ក្នុងរយៈពេលដូចគ្នា។ លោក ចំរ៉ុង លើកឡើង​ទៅកាន់​សាធារណជន​ថា «សូម​កុំមើលឃើញតែចំណុច ដែលគួរឲ្យអាណិតរបស់ជនពិការ សូមមើលលើសមត្ថភាពរបស់ពួកគេវិញ»៕​

ចុចទស្សនា​វីដេអូទីនេះ៖

អត្ថបទ​ដោយ៖ ឈិត ធារ៉ាត់

ប្រភព៖ ៣០ដេលី

អត្ថបទពេញនិយម