ឡៅ​ ចន្រ្ទា​ និយាយ​អ្វី​ខ្លះ​ចំពោះ​គីឡូ​៦៥​ បច្ចុប្បន្ន​មិន​សូវ​បាន​ជោគជ័យ

  • 2017-11-23 08:07:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជើង​ខ្លាំង​វ័យ​ក្មេង​របស់​កម្ពុជា​ ឡៅ​ ចន្រ្ទា​ មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ហាក់​ដូច​ជា​មិន​សូវ​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត​នោះ​ទេ​ បន្ទាប់​ពី​រូប​គេ​ដំឡើង​ទម្ងន់​ដល់​ទៅ​ ៦៥​គីឡូក្រាម​ ពោល​មាន​ចាញ់​មាន​ស្មើ។​

កីឡាករ ឡៅ​ ចន្រ្ទា​

ឡៅ​ ចន្រ្ទា​ បាន​ឲ្យ​ដឹង​ថា​ កាល​វ៉ៃ​ត្រឹម​ទម្ងន់​ ៦៣,៥​ មិន​សូវ​ជា​មាន​កីឡាករ​ខ្លាំង​ៗ​នោះ​ឡើយ​ មិន​ថា​កម្លាំង​ ឬ​ស្នៀត​ប្រយុទ្ធ​ទេ​គឺ​ប្រហាក់ប្រហែល​គ្នា​តែ​ម្ដង​ ដោយ​ឡែក​ចំពោះ​ទម្ងន់​ថ្មី​ ៦៥គីឡូក្រាម​នេះ​ គឺ​មាន​ជើង​ខ្លាំង​ច្រើន​សម្រាប់​ថៃ​ មាន​ទាំង​កីឡាករ​ក្មេងៗ​និង​ចាស់​វស្សា​ក៏​មាន​ដែរ។​

កីឡាករ ឡៅ​ ចន្រ្ទា ក្រហម

ម្ចាស់​ខ្សែក្រវាត់​៣ស្ថាប័ន​រូប​នេះ​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា​ អាច​ថា​ជា​ប្រភេទ​ទម្ងន់​ថ្មី​ដែល​រូប​គេ​មិន​សូវ​មាន​បទ​ពិសោធ​ ណា​មួយ​កីឡាករ​ថៃ​ជើង​ចាស់​មាន​បទ​ពិសោធ​ជោកជាំ​លើ​ប្រភេទ​ទម្ងន់​រួម​នឹង​ក្បាច់​ល្អ​ទៀត​នោះ​ វា​ពិបាក​ដែរ​សម្រាប់​កីឡាករ​កម្ពុជា​ក៏​ដូច​ជា​រូប​គេ​យក​ជ័យជម្នះ។​ កីឡាករ​ថៃ​បើ​ល្អ​វ៉ៃ​ប្រយោល​ និង​ពូកែ​ចាប់​ឡាំ​ហើយ​គឺ​ពិបាក​យក​ឈ្នះ​លើ​ពួកគេ​ណាស់។​ និយាយ​ការ​ហ្វឹកហាត់​វិញ​ ប្អូន​ប្រុស​ ឡៅ​ ស៊ីណាត​ រូប​នេះ​គឺ​ធ្វើ​ការ​ហ្វឹកហាត់​ត្រៀម​ជា​ធម្មតា​ដូច​មុន​អញ្ចឹង​មិន​ធ្វេស​ប្រហែល​នោះ​ទេ។​

កីឡាករ ឡៅ ចន្រ្ទា

ឡៅ​ ចន្រ្ទា​ ជា​ជើង​ខ្លាំង​ប្រចាំ​ក្លឹប​ប្រដាល់​ ទ័ព​ពិសេស​ឆ័ត្រ​យោង​ ៩១១​ និង​ជា​ម្ចាស់​ខ្សែក្រវាត់​៣ស្ថាប័ន​ទៀត​ផង​ ប្រកួត​លើក​ចុង​ក្រោយ​ចាញ់​ពិន្ទុ​កីឡាករ​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ​ ហើយ​នៅ​ថ្ងៃ​អាទិត្យ​ទី២៦ ​វិច្ឆិកា​ ២០១៧​ នេះ​ គេ​នឹង​ត្រូវ​ប្រកួត​សងសឹក​អ្នក​ប្រដាល់​ថៃ​ Kla Khunserk​ ក្នុង​កម្មវិធី​ Carabao​ ម៉ោង​៦ល្ងាច​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​