អៀរឡង់​សន្យា​ទារ ១៣ ​ប៊ីលាន​អឺរ៉ូ​ពី​ Apple ​ឱ្យ​បាន​ក្នុង​រឿង​បង់​ពន្ធ​

  • 2017-11-23 14:47:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​អៀរឡង់​ឱ្យ​ដឹង​ថា​ រដ្ឋាភិបាល​នឹង​ព្យាយាម​ទារ​ពន្ធ​ឡើង​វិញ​ពី​ Apple ​បន្ទាប់​ពី​ប្រើ​ពេល​ជាង​១​ឆ្នាំ​ចាប់​តាំង​ពី​និយ័ត​ករ​សហភាព​អឺរ៉ុប​បាន​បញ្ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ឱ្យ​បង់​ពន្ធ​រហូត​ដល់​១៣​ ប៊ីលាន​អឺរ៉ូ​បូក​នឹង​ការ​ប្រាក់​ដែល​មិន​បង់​ពន្ធ​ ។

នាយក​រដ្ឋមន្ត្រី​អៀរឡង់​លោក​ Leo Varadkar ​និយាយ​ថា​ យើង​បាន​បង្ហាញ​ពួកគេ​ (Apple) ​ថា​ ពួកយើង​ត្រូវ​បង្កើត​គណនី​រក្សា​ទុក​មួយ ​ហើយ​ចង់​ឱ្យ​មូលនិធិ​ត្រូវ​បាន​បង់​ចូល​ក្នុង​គណនី​នោះ​ដោយ​មិន​រង់ចាំ​ការ​ពន្យារ​ពេល​ណាមួយ​ឡើយ​ ។ កិច្ច​សន្យា​នេះ​កើត​មាន ​ស្រប​ពេល​សហភាព​អឺរ៉ុប​បាន​រិះគន់​ខ្លាំងៗ​ដល់​ក្រុម​អាជ្ញាធរ​ប្រមូល​ពន្ធ​ក្នុង​ក្រុង​ Dublin ថា​បាន​ចាត់​វិធាន​ការ​យឺតយ៉ាវ​។

កាល​ពី​ខែ​មុន​គណៈ​កម្មការ​សហភាព​អឺរ៉ុប​និយាយ​ថា​ ខ្លួន​បាន​កោះ​ហៅ​ក្រុម​អជ្ញារធរ​របស់​ក្រុង​ Dublin ​ឱ្យ​ចូល​តុលាការ​យុត្តិធម៌​អឺរ៉ុប​ជុំវិញ​រឿង​ពន្យា​ពេល​ប្រមូល​ពន្ធ​ ។ យ៉ាងណាមិញ​ក្រុង​ Dublin បាន​ចាត់​ទុក​ការ​កោះ​អញ្ជើញ​របស់​គណៈកម្មការ​ថា​គឺ​ជា​រឿង​គួរ​ឱ្យ​សោកស្តាយ​យ៉ាង​ខ្លាំង​ខណៈ​ខ្លួន​ជិត​បាន​រៀប​ចំ​គណនី​សន្សំ​ដើម្បី​ប្រមូល​មូល​និធិទៅ​ហើយ​ ។

ក្រុមហ៊ុន​ Apple ​ត្រូវ​បាន​បញ្ជា​ឱ្យ​បង់​ពន្ធ​កាល​ពី​ថ្ងៃ​ទី​ ៣ ​មករា​ មក​ម្ល៉េះ​ប៉ុន្តែ​ខ្លួន​មិន​បាន​ធ្វើ​តាម​ការ​បង្គាប់​នោះ​ទេ​ ។ ទាំង​ភាគី​ប្រមូល​ពន្ធ​ប្រទេស​អៀរឡង់​ និង​អ្នក​ត្រូវ​បង់​ពន្ធ​ក្រុមហ៊ុន​ Apple ​បាន​បញ្ជាក់​ពី​សេចក្ដី​សម្រេច​ដំបូង​ដោយ​អះអាង​ថា​ការ​ដោះស្រាយ​បញ្ហា​បង់​ពន្ធ​កំពុង​ដំណើរ​ការ​ជាមួយ​រដ្ឋាភិបាល​អៀរឡង់​និង​ច្បាប់​របស់​សហភាព​អឺរ៉ុប​។

រដ្ឋាភិបាល​អៀរឡង់​និយាយ​ថា​ ខ្លួន​បាន​បន្ត​ទំនាក់​ទំនង​ជាមួយ​គណៈ​កម្មការ​ និង​ក្រុមហ៊ុន​អាមេរិក​ជាង​១​ឆ្នាំ​មក​ហើយ​ ។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​អៀរឡង់​លោក​ Paschal Donohoe ​និយាយ​ថា​ រដ្ឋាភិបាល​របស់​លោក​កំពុង​ស្ថិត​ក្នុង​ចំណុច​រសើប​មួយ​ក្នុង​ការ​ពិភាក្សា​ជាមួយ​ Apple ​រឿង​កំណត់​រយៈពេល​ការ​បង់​ពន្ធ​ ៕

ប្រភព៖ RT   ប្រែសម្រួល៖ សិ​រី​បុ​ទ្រ