ច្បាស់ការ! ដឹងពីអត្តសញ្ញាណពិតរបស់ អនាគតស្វាមី សុគន្ធ នីសា
- 2017-11-24 08:10:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាស់ការ! ដឹងពីអត្តសញ្ញាណពិតរបស់ អនាគតស្វាមី សុគន្ធ នីសា
ចន្លោះមិនឃើញ
តារាចម្រៀង សុគន្ធ នីសា ដែលបានប្រកាសថា និងចូលរោងការមិនលើសឆ្នាំ២០១៧នេះ ពេលនេះ ត្រូវបានប្រភពមួយបង្ហាញឲ្យដឹងថ្ងៃខែ ចូលនាងចូលរោងការពិតប្រាកដហើយ។ នាងនឹងចូលរោងការនៅថ្ងៃទី១ ខែ ធ្នូ ឆ្នាំ ២០១៧នេះ ដែលអាពាហ៍ពិពាហ៍របស់នាង នឹងធ្វើនៅ សណ្ឋាគារសូហ្វីតែល ភ្នំពេញ ជាមួយកូនកំលោះឈ្មោះ ពៅ សម្បត្តិ ជាអ្នកជំនួញធំម្នាក់។
តាមការឲ្យដឹងពី អ្នកស្រី ស៊ួរ វ៉ាន់នី ម្ចាស់ផលិតកម្ម "រស្មីស្ទឹងសង្កែ" ដែលជាអតីតជម្រករបស់ សុគន្ធ នីសា ធ្លាប់ជ្រកនៅទីនោះ ហើយត្រូវបានតារាចម្រៀងរូបនេះ បានអញ្ជើញមកចូលរួម ធ្វើជាភ្ញៀវកិត្តិយសនោះបានប្រាប់ លោក ពៅ សម្បត្តិ ដែលអនាគតស្វាមី សុគន្ធ នីសា គឺជាអ្នកជំនួញធំម្នាក់ ដែលមានភាគហ៊ុនធំមួយនៅ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ល្បីឈ្មោះ និង ជាអាណិកជនថែមទៀតផង។
"គេមានណាស់ក្មួយអើយ នៅក្រៅប្រទេស គេមានភាគហ៊ុននៅមេញូឡាយ គេការថ្ងៃ១នេះអញ្ជើញមីងដែរ"។ អ្នកស្រី ស៊ួរ វ៉ាន់នី ថ្លែងឲ្យដឹង។
តាមអ្នកស្រី ស៊ួរ វ៉ាន់នី មិនបានដឹងថា អនាគតស្វាមី របស់ សុគន្ធ នីសា មានវ័យប៉ុន្មានឆ្នាំ ហើយជា ខ្មែរអាណិកជន រស់នៅប្រទេសណាឡើយ ត្បិតអីអ្នកស្រី មិនសួរដេញដោល ពីបង្ហាញទាំងនោះឡើយ។
ជាមួយនោះដែរ អ្នកស្រីបានសម្ដែងការសប្បាយចិត្តជាខ្លាំងនៅពេលដែលឃើញ សុគន្ធ នីសា ចូលរោងការជាមួយ បុរសមានទ្រព្យបែបនេះ ហើយអ្នកស្រី នឹងទៅចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍នេះ មិនអាក់ខានឡើយ។
អ្នកស្រី បន្ថែមថា៖ "គេមានសំណាងណាស់ កាលគេមកច្រៀង អត់មានអីទេនៅផ្ទះជួល គេសែនអរបានខ្ញុំយកមកច្រៀងតែសរសើរគេដែរបាននៅរាប់អានមីងគេមកបុណ្យមីង ផ្ដល់កិត្តិយសអោយយើងដែរ គេអញ្ជើញពូមកផង គេមានចិត្តគិតយើងពេលគេមាន។
ការចូលរោងការរបស់ សុគន្ធ នីសា នៅថ្ងៃទី១ ខែ ធ្នូ ឆ្នាំ ២០១៧ គឺក្រោយ លោក សុខ ជំនោរ ដែលជាអតីត សង្សារនាង តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ។ លោក សុខ ជំនោរ គ្រោងចូលរោងការនៅថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ខាងមុខនេះ នៅមជ្ឈមណ្ឌលកោះពេជ្រ ដោយអនាគតភរិយារបស់លោក គឺជាបុគ្គលិកធនាគារឯកជនមួយនៅភ្នំពេញ។
ជាមួយគ្នានោះ ប្រភពជិតស្និទ្ធមួយបានទម្លាយថា បន្ទាប់ពីពិធីអាពាហ៍ពិពាហ៍ នីសា និងអនាគតស្វាមី ប្រព្រឹត្តទៅចប់សព្វគ្រប់តាមប្រពៃណីហើយ ពួកគេនឹងធ្វើដំណើរទៅក្រេបទឹកឃ្មុំនៅកោះ ម៉ាល់ឌីវ ដែលជាកោះដ៏ល្បីល្បាញរបស់ពិភពលោក និងជាកន្លែងដែល តារាស្រីទឹកមុខស្រទន់នេះ តែងប្រាថ្នា៕