ទី​បំផុត​ Tesla ​សង់​ទីតាំង​ផ្ទុក​ថ្ម​​លីចូមធំ​ជាង​គេ​ក្នុង​លោក​នៅ​អូស្ត្រាលី​មុន​ ១០០ ​ថ្ងៃ​

  • 2017-11-24 13:38:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Tesla ​បាន​បញ្ចប់​ការ​ដំឡើង​ទីតាំង​ផ្ទុក​ថ្ម​លីចូម​ធំ​ជាង​គេ​ក្នុង​លោក​នៅ​រដ្ឋ​ South Australia ​ប្រទេស​អូស្ត្រាលី​ដើម្បី​​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ក្នុង​ប្រទេស​ក្រោយ​ជួប​កង្វះ​ខាត​ការ​ប្រើប្រាស់​តាំង​ពី​ខែ​កុម្ភៈ។

ទីតាំង​ផ្ទុក​ថ្ម​​លីចូម​ថាម​ពល​ ១០០ ​ម៉េហ្កាវ៉ាត់​​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្គត់ផ្គង់​ថាមពល​ដល់​បណ្ដាញ​អគ្គិសនី​របស់​រដ្ឋ​ដែល​វា​អាច​ផ្គត់ផ្គង់​​​ថាមពល​​បាន​ដល់​ទៅ​ ៣០ ០០០ ​លំនៅ​ឋាន​សម្រាប់​រយៈពេល​១​ម៉ោង​ ។ Tesla ​បាន​ចាប់​ដៃ​ជាមួយ​ក្រុមហ៊ុន​ថាមពល​កកើត​ឡើងវិញ​របស់​បារាំង​ Neoen ​ដើម្បី​ភ្ជាប់​ទី​តាំង​ផ្ទុក​ថ្ម​ li-thium ​ជាមួយ​ស្ថានីយ​ថាមពល​ប្រើប្រាស់​ខ្យល់​របស់​ Neoen។

ដោយ​ឡែក​វិបសាយ​ Nikkei ​រាយ​ការណ៍​ថា​ ក្រុមហ៊ុន​បាន​ប្រើប្រាស់​ថ្ម​របស់​ Samsung ដើម្បី​ដំណើរ​ការ។ នាយក​ប្រតិបត្តិ​និង​ជា​ស្ថាបនិក​របស់​ Tesla ​លោក​ Elon Musk ​និយាយ​ថា​ ការ​ដំឡើង​ថ្ម​នេះ​នឹង​មិន​គិត​កម្រៃ​សេវា​បើ​សិន​ជា​វា​មិន​ត្រូវ​បាន​ដំឡើង​ក្នុង​រយៈពេល​ ១០០ ​ថ្ងៃ​នៃ​ការ​ចុះ​កុងត្រា​លើ​គម្រោង​សាងសង់​ខណៈ​ការ​កំណត់​នៅ​ថ្ងៃ​ទី​ ១ ​ធ្នូ​ខាង​មុខ។ Musk ​បាន​ផ្ដល់​សំណើ​​ដំបូង​នេះ​លើ ​Twitter ​បន្ទាប់​ពី​រដ្ឋ​ South Australia ​កង្វះ​ខាត​ការ​ប្រើប្រាស់​អគ្គិសនី​កាល​ពី​ខែ​កុម្ភៈ​ហើយ​នៅ​ខែ​កញ្ញា​ប្រជាជន​ទូទាំង​រដ្ឋ​​មាន​ប្រមាណ​ ១,៧ ​លាន​នាក់​គ្មាន​ថាមពល​ប្រើប្រាស់​។

នាយក​រដ្ឋមន្ត្រី​របស់​រដ្ឋ​លោក​ Jay Weaterill ​និយាយ​ថា​ ទីតាំង​ផ្ទុក​ថ្ម​​លីចូម​ធំ​ជាង​គេ​ក្នុង​លោក​នឹង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ថាមពល​របស់​យើង​ហើយ​វា​នឹង​បង្ហាញ​ពិភពលោក​ថា​ South Australia ​គឺ​ជា​រដ្ឋ​នាំ​មុខ​គេ​ផ្នែក​ថាមពល​កកើត​ឡើងវិញ​ជាមួយ​នឹង​ទីតាំង​ផ្ទុក​ថ្ម៕

ប្រភព៖ BBC   ប្រែ​សម្រួល​៖​ សិរីបុទ្រ