ចង់គេច​ពី​វេបសាយ​បោកប្រាស់ ប្រាប់​តែ​តិច​​​ដឹង​តែ​​សុវត្ថិភាព​

  • 2017-11-25 23:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចាយ​វាយ​នៅ​លើ​ប្រព័ន្ធ ​​អ៊ីនធឺណិត​កំពុង​មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន។ ជាមួយ​គ្នា​នេះ​ ក៏​មាន​ជន​ឱកាស​និយម​មួយ​ចំនួន​ បាន​ឆ្លៀត​ឱកាស​បង្កើត​គេហទំព័រ​ ដើម្បី​បោកប្រាស់​យក​ប្រាក់​​ពីអ្នកប្រើប្រាស់​ដោយ​មិន​ដឹង​ខ្លួន។

ចៀសវាង​បញ្ហា​នេះ Sabay សូម​ដក​ស្រង់​គន្លឹះ​​​ណែនាំ​​ខ្លះ​ ដើម្បីគ្នាយើង​បាន​ស្វែង​យល់។

ទាក់ទង​ទៅ​នឹង​វិធីសាស្ត្រ​ក្នុង​ការ​មើល​គេហទំព័រ​ បោកប្រាស់​នេះ សាស្ត្រាចារ្យ​ជំនាញ​ព័ត៌មានវិទ្យា​លោក កៀន តាក់ ​រៀបរាប់​ប្រាប់ Sabay ថា ការ​បោកប្រាស់តាម​​​អ៊ីនធឺណិត​មាន​ច្រើន​វិធី​ណាស់។ ​អ្នក​ខ្លះ​ប្រើ​វិធី​​កុហក​មួយ​ចំនួន​ឱ្យ​អ្នក​ប្រើ​អ៊ីនធឺណិត​​បំពេញ​ ព័ត៌មាន​សំខាន់​ៗ​របស់​ខ្លួន​ចូល​ដូចជា​លេខ​សំងាត់​របស់ ATM ហើយ​ពួក​នោះ​ក៏​ចូល​ទៅ​លួច​ប្រាក់​តែ​ម្ដង។

ចំពោះ​គេហទំព័រ​ដែល​មិន​ស្គាល់​ហើយ​ចង់​ទិញ​ផលិតផល​លើ​អ៊ីនធឺណិត បើ​ចង់​ដឹង​ថា​គេហទំព័រ​នោះ​ជា​គេហទំព័រ​សុវត្ថិភាព ត្រូវ​ពិនិត្យ​មើល​ថា​គេហទំព័រ​នោះ​មាន SSL (Secure Sockets Layer )ដែរ​អត់? មាន​ន័យ​ថា​ប្រសិន​បើ​គេហទំព័រ​មាន SSL ដូចនេះ​ប្រព័ន្ធ​នោះ​នឹង​ជួយ​លាក់​រាល់​ព័ត៌មាន​ផ្ទាល់​ខ្លួន និង​លេខ​កូដATM អ្នក​បំពេញ។

ដើម្បី​ដឹង​ថា​គេហទំព័រ​នោះ​មាន SSL ឬ​អត់ តាម​ធម្មតា​ពេល​បើក​គេហទំព័រ​ដំបូង​វា​តែង​ផ្ដើម Address ដោយ http ប៉ុន្តែ គេហទំព័រ​ដែល​មាន​សុវត្ថិភាព ឬ​អាច​ឱ្យ​យើង​ទុក​ចិត្ត​បាន​នោះ​លុះ​ត្រា​តែ​គេហទំព័រ​នោះ​មាន Address ជា https។

សាស្ត្រាចារ្យ ​បង្រៀន​ជំនាញ​ព័ត៌មានវិទ្យា​ច្រើន​ឆ្នាំ​រូប​នេះ​និយាយ​ថា ការ​ដែរ http មាន​អក្សរ S នៅ​ខាង​ចុង​នេះ​មិន​មែន​មាន​ន័យ​ថា​ម្ចាស់​គេហទំព័រ​អាច​ដាក់​បាន​ដោយ​ខ្លួន​ឯង​នោះ​ទេ ពោល​គឺ​គេ​ត្រូវ​បង់​ថ្លៃ​និង​ត្រូវ​ឆ្លង​កាត់​ការ​ត្រួតពិនិត្យ​យ៉ាង​ត្រឹមត្រូវ។ ករណី​មួយ​ទៀត ​មាន Website មួយ​ចំនួន​ពេល​បើក​ដំបូង​វា​មិន​មាន​លោត​ជា http នោះ​ទេ ប៉ុន្តែ​ពេល​ចូល​ដល់ Linkចុះ​ឈ្មោះ ឬ​ព័ត៌មាន​អ្វី​ផ្សេង នោះ Link នោះ​នឹង​លោត​ជា https វិញ។

ដើម្បី​ជា​ការ​​បង្កើន​សុវត្ថិភាព​ក្នុង​ការ​ទិញ​លើ​អ៊ីនធឺណិត លោក ​កៀន តាក់​ មាន​ប្រសាសន៍​ថា មុន​នឹង​ចុច​លើ Link របស់​គេហទំព័រ​មួយៗ​ត្រូវ​មើល​ទៅ​លើ URL របស់​គេហទំព័រ​នោះ ​ថា​តើ Address របស់​គេហទំព័រ​នោះ​ត្រឹមត្រូវ​ឬ​យ៉ាង​ណា? ហើយ​មិន​ត្រូវ​ចុច​លើ Link ផ្ដេសផ្ដាស ពិសេស​មុន​នឹង​បំពេញ​ព័ត៌មាន​ផ្ទាល់​ខ្លួន ​ពិសេស​អំពី​លេខ ATM ត្រូវ​ត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​ត្រូវ​គិត​ថា Websiteនោះ​ជា​ទី​គួរ​ទុក​ចិត្ត​ដែរ​ឬ​អត់ មុន​នឹង​ទិញ​អ្វី​លើ​Online?

 

អត្ថបទ៖ វណ្ណថេត