រុស្ស៊ី​វាយ​ប្រហារ​តាម​អាកាស​លើ​ស៊ីរី សម្លាប់​មនុស្ស​ជា​ច្រើន​នាក់

  • 2017-11-27 04:20:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាងហោច​ណាស់​មាន​មនុស្ស ៥៣​នាក់​បាន​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​នៅ ភាគ​ខាង​កើត​ភូមិ Al-Shafa​ប្រទេស​ស៊ីរី។ ភូមិ​នេះ​ស្ថិត​នៅ​ក្នុង​ទីក្រុង Deir al-Zour ជា​តំបន់​ចុង​ក្រោយ​មួយ​ដែល​ក្រុម ISIS កាន់​កាប់។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ស៊ីរី (SOHR) ដែល​មាន​មូលដ្ឋាន​នៅ​ចក្រ​ភព​អង់គ្លេស​បាន​និយាយ​ថា​ដំបូង​ឡើយ​មាន​មនុស្ស ៣៤ នាក់​ត្រូវ​បាន​សម្លាប់​ដោយ​ការ​បាញ់​ប្រហារ​មក​លើ​អគារ​លំនៅឋាន ហើយ ២១ នាក់​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​អស់​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​គឺ​សុទ្ធ​តែ​ជា​កុមារ។

ប្រភព​ដដែល​បាន​អះ​អា​ទៀត​ថា ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ច្រើន​ទៀត បន្ទាប់​ពី​ការ​រុះ​រើ​សំណល់​អគារ​បែក​បាក់។ ក្រុម​ឃ្លាំ​មើល​នេះ​និយាយ​ថា​មនុស្ស ១២០ នាក់​ត្រូវ​បាន​សម្លាប់​ចាប់​តាំង​ពី​កង​ទ័ព​ស៊ីរី​បាន​ចាប់​ផ្ដើម​ការ​វាយ​លុក​នៅ​ទីនោះ​កាល​ពី​ជិត​ពីរ​សប្ដាហ៍​មុន។

មុន​នេះ​ប្រទេស​រុស្ស៊ី​បាន​បញ្ជាក់​ថា​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​ខ្លួន​ចំនួន ៦ គ្រឿង​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ក្នុង​តំបន់​នេះ​ប៉ុន្តែ​ពួកគេ​និយាយ​ថា​ការ​វាយ​ប្រហារ​នេះ គឺ​សំដៅ​ទៅ​លើ​ពួក​សកម្ម​ប្រយុទ្ធ និង​បន្ទាយ​របស់​ពួកគេ​ប៉ុណ្ណោះ។

កិច្ច​ចរចា​សន្តិភាព​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្ត​នៅ​ទីក្រុង​ហ្សឺណែវ​នៅ​សប្ដាហ៍​ក្រោយ ប៉ុន្តែ​ការ​ចរចា​មុន​ៗ​ជា​ច្រើន​ត្រូវ​បាន​បរាជ័យ៕

ប្រភព៖ BBC   ប្រែសម្រួល៖ សុភារ័ត្ន

អត្ថបទពេញនិយម