ដូណាល់ ត្រាំ ចំណាយពេលវាយកូនគោល ច្រើនជាង អូបាម៉ា ៣ដង ក្រោយកាន់ដំណែង១ឆ្នាំ

  • 2017-11-27 07:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ដូណាល់ ត្រាំ បាន​ចំណាយ​ពេល ៨១ថ្ងៃ នៅ​លើ​ទីលាន​វាយ​កូនគោល ក្នុង​រយៈពេល​១ឆ្នាំ​ដំបូង​របស់​លោក ក្នុង​នាម​ជា​ប្រធានាធិបតិ​អាមេរិក។

លោក ដូណាល់ ត្រាំ

លោក ត្រាំ បន្ទាប់​ពី​លេង​វាយ​កូនគោល នៅ​ឯ Trump International Golf Club នៃ​ទីក្រុង West Palm Beach រដ្ឋ Florida នា​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ បើ​គិត​ទៅ​បាន​ចំណាយ​ពេល​លេង​កីឡា​នេះ ច្រើន​ជាង​អតីត​ប្រធានាធិបតី George W Bush ក្នុង​អំឡុង​ពេល​កាន់​តំណែង ៨ឆ្នាំ​ទៅ​ទៀត។

អតីត​ប្រធានាធិបតី George W Bush

ជាមួយ​គ្នា​នេះ​ដែរ លោក ត្រាំ បាន​ចំណាយ​ពេល​ច្រើន​ជាង​ដល់​ទៅ ៣ដង បើ​ប្រៀបធៀប​ជាមួយ​អតីត​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្នុង​អំឡុង​ពេល​កាន់​តំណែង​រយៈពេល ១ឆ្នាំ​ដំបូង។ នេះ​បើ​យោង​តាម​សារព័ត៌មាន Independent។

ជាទូទៅ ការ​លេង​វាយ​កូនគោល​របស់ លោក ត្រាំ តែងតែ​ត្រូវ​លាក់បាំង​ដោយ​ក្រុម​ជំនួយការ​សេតវិមាន ដែល​និយាយ​ថា លោក ត្រាំ នឹង​ចំណាយ​ពេល​ចុង​សប្ដាហ៍​ដើម្បី​ធ្វើ​ការ ឬ នៅ​ក្នុង​កិច្ចប្រជុំ។

លោក ត្រាំ ដែល​ជា​អតីត​តារា​ទូរទស្សន៍ និង​អ្នក​ជំនួញ​អចលនទ្រព្យ ធ្លាប់​បាន​រិះគន់​លោក អូបាម៉ា ចំពោះ​ការ​លេង​វាយ​កូនគោល​នេះ ដោយ​ចំអក​ដល់​ក្រមសីលធម៌​ការងារ​របស់​លោក អូបាម៉ា ទៀត​ផង។

នៅ​ក្នុង​ខែ​តុលា ឆ្នាំ២០១៤ លោក ត្រាំ ធ្លាប់​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម Twitter ថា «តើ​អ្នក​អាច​ជឿ​ទេ ជាមួយ​នឹង​បញ្ហា និង​ការ​លំបាក​ទាំង​អស់ ដែល​ប្រឈម​នឹង​សហរដ្ឋអាមេរិក លោក​ប្រធានាធិបតី អូបាម៉ា បែរ​ជា​ចំណាយ​ពេល​លេង​វាយ​កូនគោល​ទៅ​វិញ»។

លោក បារ៉ាក់ អូបាម៉ា

គួរ​បញ្ជាក់​ថា លោក បារ៉ាក់ អូបាម៉ា បាន​ចំណាយ​ពេល​លេង​វាយ​កូនគោល ចំនួន ២៦ជុំ បន្ទាប់​ពី​កាន់​តំណែង​បាន​១ឆ្នាំ​ដំបូង និង​រហូត​ដល់​ទៅ ៣៣៣ជុំ ក្នុង​រយៈពេល​កាន់​តំណែង ៨ឆ្នាំ ខណៈ លោក George W Bush លេង​ត្រឹមតែ ២៤ជុំ​ប៉ុណ្ណោះ ក្នុង​រយៈ​ពេល​កាន់​តំណែង ៨ឆ្នាំ ព្រោះ​លោក​បាន​ឈប់​លេង នៅ​ក្នុង​ឆ្នាំ២០០៣ ដោយសារតែ ការ​រិះគន់​អំពី​ពេលវេលា​ទំនេរ​របស់​លោក ក្នុង​អំឡុង​សង្គ្រាម​អ៊ីរ៉ាក់៕

ប្រភព៖ Independent   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី