កូនប្រុសពៅ នាយក្រឹម ទម្លាយរឿងឪពុកឈប់ផ្គត់ផ្គង់គ្រួសារច្រើនឆ្នាំមកហើយ
- 2017-11-28 08:47:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនប្រុសពៅ នាយក្រឹម ទម្លាយរឿងឪពុកឈប់ផ្គត់ផ្គង់គ្រួសារច្រើនឆ្នាំមកហើយ
ចន្លោះមិនឃើញ
កន្លងមកនាយ ក្រឹម ធ្លាប់និយាយថា ទោះបីជាមានទំនាក់ទំនងស្នេហាជាមួយ ស្រីលាភ ហៅនាង ព្រលឹត ក្ដីខ្លួននៅតែជួយទំនុកបម្រុងភរិយាដើម ព្រមទាំងកូនៗជានិច្ច ក្នុងនាមជាឪពុក និងជាមេគ្រួសារ។
ផ្ទុយខុសស្រលះពីការលើកឡើងរបស់នាយ ក្រឹម ទាំងស្រុង ខណៈកូនប្រុសពៅឈ្មោះ អ៊ូ ដានីញ៉ែល បានចេញមុខច្រានចោល និងបានបដិសេធថា ជាង៣ឆ្នាំមកហើយដែលឪពុក របស់ខ្លួនមិនសូវអើពើរវីរវល់ជាមួយប្រពន្ធកូន។ ចំណែកឯការចាយវាយរៀនសូត្រវិញចាប់តាំងពីឆ្នាំ ២០១៤ មកគឺ ដានីញ៉ែល និងម្ដាយប្រឹងប្រែងរកដោយខ្លួនឯងទាំងអស់ មិនមានការជួយជ្រោមជ្រែងពីលោក ឪពុក ដូចមុនទៀតទេ។
ជាមួយអារម្មណ៍មិនសប្បាយចិត្ត ព្រោះតែគ្រួសារខ្វះភាពកក់ក្ដៅដូចពេលមុន អ៊ូ ដានីញ៉ែល បាននិយាយថា៖" មិនមែនទើបតែឥឡូវនេះទេដែលប៉ាខ្ញុំ គាត់មិនខ្វាយខ្វល់ជាមួយប្រពន្ធកូន ។ និយាយទៅតាំងពីឆ្នាំ ២០១៤ ក្រោយពីគាត់មានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយស្រីលាភ ពេលហ្នឹងលុយខ្ញុំរៀន និងផ្ដល់ឲ្យម៉ាក់ដូចមុនគឺអត់ទេ"។
បន្ថែមពីនេះក្រោយពីផ្ទុះជម្លោះប្ដឹងផ្ដល់រវាងម្ដាយលោក និងស្រីលាភ កាលពីខែសីហាកន្លងទៅ នាយក្រឹមបានទៅស្រែកនៅផ្ទះធ្លាប់រស់សោកសុខជាមួយប្រពន្ធកូនថា ចាប់ពីថ្ងៃនេះទៅខ្លួនឈប់មកជាន់ផ្ទះហ្នឹងទៀតហើយ។នេះបើតាមកូនប្រុសពៅ នាយ ក្រឹម លើកឡើងដូច្នេះ។
អ៊ូ ដានីញ៉ែល ថា៖" ចាប់តាំងពីគាត់បោះពាក្យសម្ដីបែបហ្នឹងមក គាត់មិនដែលមកជាន់ផ្ទះដែលខ្ញុំ និងម៉ាក់រស់នៅទៀតទេ ។ ហើយខ្ញុំក៏មិនដែលបានជួបមុខគាត់ទៀតដែរ បើជួបវិញក៏គាត់មិននិយាយរកខ្ញុំដែរ"។
ចំណែកឯសាមីខ្លួន នាយ ក្រឹម វិញនៅតែអះអាងថា រាល់ការចាយវាយរៀនសូត្រនៅក្នុងផ្ទះសព្វថ្ងៃហ្នឹងលោកនៅតែផ្គត់ផ្គង់ឲ្យប្រពន្ធកូនដដែល មិនដែលឲ្យខ្វះខាតអ្វីនោះទេ គ្រាន់តែថាមួយរយៈចុងក្រោយនេះខ្លួនបែកចែកពេលវេលាខ្លះដើម្បីទៅមើលថែ ស្រីលាភ និងកូនភ្លោះទាំងពីរ។
នាយថា ចំពោះពាក្យសម្ដីដែលកូនប្រុសហ៊ានប្រើដូច្នេះមកលើខ្លួន ដោយសារតែមានអ្នកចាំអុជអាលនៅពីក្រោយខ្នង តែប៉ុណ្ណោះ៕