Wenger៖ គ្មាន​ទេ​ រឿង Sanchez និង Ozil ចេញ​ពី Arsenal នៅ​ខែ​មករា

  • 2017-11-28 12:54:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប Arsenal លោក Arsene Wenger ក្នុង​ថ្ងៃ​នេះ​បាន​និយាយ​ថា ទាល់​តែ​មាន​រឿង​មិន​គួរ​ឲ្យ​ជឿ​កើត​ឡើង ទើប​ខ្សែ​ប្រយុទ្ធ​ស្លាប Alexis Sanchez និង​ខ្សែ​បម្រើ​ប្រយុទ្ធ Mesut Ozil ចាក​ចេញ​ពី​ក្លឹប​កាំភ្លើង​ធំ​នៅ​ខែ​មករា​ខាង​មុខ។

ពេល​ដែល​ត្រូវ​បាន​អ្នក​សារព័ត៌មាន​សួរ​ថា​តើ Sanchez និង Ozil នឹង​បន្ត​នៅ Arsenal ឬ​ទេ នៅ​ខែ​មករា លោក Wenger បាន​ឆ្លើយ​តប​វិញ​ថា៖ "ហ្នឹង​ហើយ ប្រាកដ​ណាស់។ បើ​តាម​ការ​គិត​របស់​ខ្ញុំ ពួក​គេ​នឹង​បន្ត​លេង​ឲ្យ​ក្លឹប​រហូត​ដល់​រដូវ​កាល​នេះ​ចប់។ ទាល់​តែ​មាន​រឿង​មិន​គួរ​ឲ្យ​ជឿ​កើត​ឡើង ទើប​ Sanchez និង Ozil នឹង​ចាក​ចេញ​នៅ​ខែ​មករា"។ អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​រូប​នេះ​បាន​បន្ត​ទៀត​ថា៖ "ដរាប​ណា ពួក​គេ​នៅ​បន្ត​លេង​ឲ្យ​ក្លឹប ពួក​គេ​នឹង​ប្រឹង​ប្រែង​គ្រប់​បែប​យ៉ាង​ដើម្បី​លេង​ឲ្យ​បាន​ល្អ​នៅ​ក្នុង​ក្លឹប​មួយ​នេះ"។

ទោះ​ជា​យ៉ាង​ណា ពេល​សួរ​ថា តើ​កីឡាករ​ទាំង​ពីរ​នឹង​បន្ត​លេង​ឲ្យ​ក្លឹប​កាំភ្លើង​ធំ​ទៀត​ទេ ក្រោយ​រដូវ​កាល​នេះ​បាន​បញ្ចប់ លោក Wenger បាន​និយាយ​ថា៖ "ខ្ញុំ​មិន​មែន​ជា​អ្នក​សម្រេច​ទេ រឿង​ហ្នឹង។ ពួក​គេ​ទេ​ដែល​ជា​អ្នក​សម្រេច"។

បើ​គ្មាន​អ្វី​ប្រែ​ប្រួល​ទេ ទាំង Sanchez និង Ozil នឹង​​ផុត​កុង​ត្រា​ជាមួយ Arsenal ហើយ​នៅ​ពេល​រដូវ​កាល ២០១៧/២០១៨ បញ្ចប់​ទៅ។

តាំង​ពី​ចាក​ចេញ​ពី​ក្លឹប Barcelona មក​ចូល​រួម​ជាមួយ Arsenal នៅ​ក្នុង​ឆ្នាំ ២០១៤ មក ខ្សែ​ប្រយុទ្ធ Sanchez បាន​រក​គ្រាប់​បាល់​ឲ្យ​ក្លឹប​មួយ​នេះ​រហូត​ដល់​ទៅ ៥៦ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ១១៣​លើក។ ចំណែក​ឯ​ Ozil វិញ បាន​មក​លេង​ឲ្យ​ក្លឹប​កាំភ្លើង​ធំ ​មុន Sanchez មួយ​រដូវ​កាល​ ហើយ​បាន​ធ្វើ​ការ​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ដល់​ទៅ ៤៥​លើក តាំង​ពី​ពេល​នោះ​មក៕

ប្រែសម្រួល៖ ហ៊ីម រស្មី