មិន​ច្បាស់​ គួរ​ទិញ​ម៉ូតូ​អូតូ​​ឬ​ចង្កឹះ​លេខ អាច​ពិចារណា​ប៉ុន្មាន​ចំណុច​នេះ​

  • 2017-11-29 02:45:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពី​ម៉ូតូ​អូតូ​និង​ម៉ូតូ​ចង្កឹះ​លេខ ​មានការ​យល់​ឃើញ​ខុស​គ្នា។ យុវវ័យ​ភាគ​ច្រើន​ពេញចិត្ត​ម៉ូតូ​អូតូ​ជាង​ចង្កឹះលេខ ដោយសារ​ការ​ប្រើប្រាស់​ងាយ​ស្រួល​​ជាង។​ ប៉ុន្តែ​បើ​និយាយ​ពី​កម្លាំង​ម៉ាស៊ីន​និង​ល្បឿន​អតិបរមា ប្រាកដ​ណាស់​ដែល​ម៉ូតូ​ចង្កឹះ​លេខ​អាច​ធ្វើ​បាន​ប្រសើរ។

យ៉ាងណា​ បើ​ធ្វើការ​ប្រៀប​ធៀប​គ្នា​មាន​ចំណុច​​ច្រើន ដែលគួរ​ពិចារណា​លើ​ប្រភេទ​ម៉ូតូ​ទាំង​ពីរ​នេះ។

Sabay ប្រៀបធៀប​ប៉ុន្មាន​ចំណុច​សំខាន់ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ពិចារណា​ឲ្យ​បាន​ច្បាស់ មុន​សម្រេច​ចិត្ត​ថា​គួរ​ជ្រើសរើស​យក​មួយ​រវាង​ជម្រើស​ទាំង​ពីរ។

+ភាព​ងាយស្រួល​នៃ​ការ​រៀន​បើកបរ

  • ម៉ូតូ​ចង្កឹះ​លេខ​ពិបាក​ក្នុង​ការ​រៀន​និង​រាង​សាំញ៉ាំ​បន្តិច
  • ម៉ូតូ​អូតូ​ងាយស្រួល​ក្នុង​ការ​រៀន ព្រោះ​មាន​លេខ​ស្វ័យប្រវត្តិ

+កម្លាំង​ម៉ាស៊ីន

  • ម៉ូតូ​ចង្កឹះ​លេខ​ជា​មធ្យម​មាន​កម្លាំង​ម៉ាស៊ីន​ចន្លោះ​ពី ១៥០ សេសេ​ទៅ ២,០០០ សេសេ
  • ម៉ូតូ​អូតូ​ជា​មធ្យម​មាន​កម្លាំង​​ម៉ាស៊ីន​ចន្លោះ ៥០ សេសេ​ទៅ ២៥០ សេសេ

+ល្បឿន​អតិបរមា

  • ប្រភេទ​ម៉ូតូ​អូតូ​ជា​ទូទៅ​អាច​រត់​បាន​ល្បឿន​អតិបរមា​ចន្លោះ ៦៤ ទៅ ១២០ គ.ម/ម៉
  • ​​ម៉ូតូ​​ប្រើ​ចង្កឹះ​លេខ​ អាច​រត់​ដល់​ល្បឿន ១៧៧ គ.ម/ម៉ (ប៉ុន្តែ​ត្រូវ​គោរព​ច្បាប់​នៃ​ល្បឿន​កំណត់​ក្នុង​ការ​បើកបរ)

+ការ​សន្សំ​សំចៃ​សាំង

  • ភាគ​ច្រើន​នៃ​ម៉ូតូ​ចង្កឹះ​លេខ ក្នុង​មួយ​លីត្រ​អាច​ជិះ​បាន​ប្រហែល ៣០ ទៅ ៤០ គ.ម/លីត្រ
  • ម៉ូតូ​អូតូ​ជួយ​សន្សំ​សំចៃ​សាំង​ជាង ដោយ​ខ្លះ​ម៉ាស៊ីន​ច្រើន​ប្រើ​ប៊ិច FI ស៊ី​សាំង​តិច អាច​ជិះ​បាន​ដល់​ជាង ៦០គ.ម/លីត្រ

+ទំហំ​ធុង​សាំង

  • ម៉ូតូ​ចង្កឹះ​លេខ​មាន​ធុង​សាំង​ធំ​ជាង អាច​ផ្ទុក​បាន​ច្រើន​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ងាយស្រួល
  • ម៉ូតូ​អូតូ​មាន​ធុង​សាំង​តូច សាក​សម​ក្នុង​ការ​ធ្វើ​ដំណើរ​ក្នុង​ក្រុង​បាន​យ៉ាង​ល្អ

+តម្លៃ (ទីផ្សារ​កម្ពុជា)

  • ជា​មធ្យម​ម៉ូតូ​ចង្កឹះ​លេខ​ពី​ធន់​កណ្ដាល​ដល់​ធន់​ខ្ពស់ (ថ្មី) តម្លៃ​ចន្លោះ​ពី​ជាង ១ ៥០០​ដុល្លារ​ដល់ ៤ ០០០ ដុល្លារ ឬ​អាច​ខ្ពស់​ជាង​នោះ​។
  • ម៉ូតូ​អូតូ​ពេញ​និយម​ក្នុង​ទីផ្សារ​កម្ពុជា ដូច​ជា​គេ​និយម​ហៅ​កូន​ទា​មាន​ក្រោម ១ ពាន់​ដុល្លារ​ក៏​អាច​ទិញ​បាន ឬ​លើស​ពី​នោះ​ដល់​ក្បែរ ២ ទៅ ៣ ពាន់​ដុល្លារ​ក៏​មាន។

+សមត្ថភាព​ផ្ទុក​ឥវ៉ាន់

  • ម៉ូតូ​ចង្កឹះ​លេខ​មាន​ឃ្លុប​ទុក​ឥវ៉ាន់​តូច​នៅ​ខាង​ក្រោម​កែប
  • ម៉ូតូ​អូតូ​មាន​ឃ្លុប​ទុក​ឥវ៉ាន់​ធំ​នៅ​ខាង​ក្រោម​កែប

+ការ​ថែទាំ

  • អាច​និយាយ​ថា​ម៉ូតូ​ចង្កឹះ​លេខ​ធន់​កណ្ដាល ដូច​ជា​អា​សង់​ (ហុងដាឌ្រីម) មិន​សូវ​ចំណាយ​ថ្លៃ​ថែទាំ​ប៉ុន្មាន​ទេ​ក្នុង​មួយ​ខែៗ ដោយ​ជា​ញឹកញយ​ត្រឹម​តែ​ប្ដូរ​ប្រេង​ម៉ាស៊ីន រឹត​ហ្រ្វាំង​និង​ច្រវាក់​តែ​ប៉ុណ្ណឹង​ឯង
  • ចំពោះ​ម៉ូតូ​អូតូ ត្រូវ​ចំណាយ​លុយ​ច្រើន​ជាង​លើ​ការ​ថែ​រក្សា ក្រៅ​ពី​ប្តូរ​ប្រេង​ម៉ាស៊ីន ទៀត​សោត​ត្រូវ​ប្តូរ​ប្រេង​ហ្រ្វាំង, ប្រេង​កាឡេ, គោះ​សំអាត​សំបុក Air ដែល​ចំណុច​ទាំង​នេះ​សុទ្ធ​ចាំ​បាច់​ក្នុង​ការ​ថែទាំ

+សុវត្ថិភាព​ក្នុង​ការ​បើកបរ

  • ម៉ូតូ​ទាំង​ពីរ​ប្រភេទ សុទ្ធ​សឹង​តែ​ទាមទារ​ការ​សិក្សា​និង​ចំណេះ​ដឹង​ខ្ពស់ នៃ​ច្បាប់​ចរាចរណ៍​ជៀសវាង​មាន​បញ្ហា​លើ​ដង​វិថី។ នា​ឆ្នាំ ២០១៣ របាយការណ៍​មួយ​នៅ​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ទាំង​ម៉ូតូ​ចង្កឹះ​លេខ​និង​អូតូ បូក​បញ្ចូល​គ្នា​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៨៨,០០០ ដង។​

+សរុប​ជា​រួម

ប្រសិន​បើ​អ្នក​គ្រាន់​តែ​ទិញ​សម្រាប់​ធ្វើ​ដំណើរ​ក្នុង​ក្រុង​ជា​ធម្មតា​ឬ​សិស្ស​និស្សិត ជម្រើស​ល្អ​គួរ​ទិញ​ម៉ូតូ​អូតូ​ប្រសើរ​ជាង ស្រប​ពេល​ក្រៅ​ពី​ងាយស្រួល​បើកបរ ទៀតសោត​ក៏​ជួយ​សន្សំ​សំចៃ​សាំង​បន្តិច​ដែរ ថ្វី​បើ​ការ​ចំណាយ​លើ​ការ​ថែទាំ​ខ្ពស់​បន្តិច​ក្តី។ ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​អ្នក​ទិញ​សម្រាប់​បើកបរ​ផ្លូវ​ឆ្ងាយ និង​មិន​សូវ​ខ្វល់ខ្វាយ​លើ​ការ​ថែទាំ​ច្រើន ជម្រើស​នៃ​ម៉ូតូ​ចង្កឹះ​លេខ​គឺ​ល្អ​បំផុត។

ខណៈ​តម្លៃ​បើ​និយាយ​ជា​រួម​ម៉ូតូ​ចង្កឹះ​លេខ​ស៊េរី​ក្រោយ ធូរ​ថ្លៃ​ជាង ពួក​ម៉ូតូ​អូតូ ប៉ុន្តែ​បើ​លក់​ចេញ​ទៅ​វិញ​អ្នក​ត្រូវ​ចាំ​ថា​ម៉ូតូ​អូតូ​ក៏​ត្រូវ​ខាត​ជាង​រាង​ខ្ពស់​បន្តិច​ដែរ។​

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អត្ថបទ៖ កៅ រក្សា