ទីផ្សារស្មាតហ្វូនបន្តហក់ឡើង ខណៈអ្នកប្រើប្រាស់ពេញនិយមទូរសព្ទអេក្រង់ធំ
- 2017-12-01 14:25:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីផ្សារស្មាតហ្វូនបន្តហក់ឡើង ខណៈអ្នកប្រើប្រាស់ពេញនិយមទូរសព្ទអេក្រង់ធំ
ចន្លោះមិនឃើញ
ការស្ទង់មតិមួយបានបង្ហាញថាអ្នកប្រើប្រាស់ស្មាតហ្វូនអេក្រង់ធំ ឬ phablets កើនឡើងដែលធ្វើឱ្យទីផ្សារស្មាតហ្វូនហក់ឡើងយ៉ាងគំហុក ។
អ្នកឃ្លាំមើលទីផ្សារនិយាយកាលពីថ្ងៃពុធថា ទីផ្សារស្មាតហ្វូនសកលត្រូវបានគេរំពឹងថានឹងមានស្ថេរភាពបើសិនជាកំណើនមិនគួរឱ្យចាប់អារម្មណ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតខណៈពេលដែលអតិថិជនបែរជាពេញនិយមប្រើស្មាតហ្វូនអេក្រង់ធំ ឬត្រូវគេស្គាល់ថា phablets ។ របាយការណ៍មួយរៀបចំដោយក្រុមហ៊ុនស្រាវជ្រាវ IDC និយាយថា phablets ដែលមានទំហំអេក្រង់ធំជាង ៥.៥ អ៊ីង (១៤ សង់ទីម៉ែត្រ) មានចំនួន ៤០% នៃស្មាតហ្វូនដែលបានលក់ ១,៥ ពាន់លានគ្រឿងក្នុងឆ្នាំ ២០១៧ នេះហើយភាគហ៊ុន phablets នឹងកើនឡើងច្រើនជាងពាក់កណ្តាលនៅឆ្នាំ ២០១៩ ។
យោងតាមក្រុមអ្នកស្រាវជ្រាវរបស់ IDC បង្ហាញថា ទីផ្សារស្មាតហ្វូនទូទៅបោះជំហានយឺតយ៉ាវនៃចំនួនប្រហែល៣%ដែលនឹងជម្រុញការលក់រហូតដល់ ១,៧ ពាន់លានគ្រឿងនៅឆ្នាំ ២០២១ ។ តែកំណើនកើតមានដោយសារតែស្មាតហ្វូនអេក្រង់ធំខណៈការលក់ស្មាតហ្វូនអេក្រង់ ៥.៥ អ៊ីង ឬអេក្រង់តូចជាងនេះមានការធ្លាក់ចុះ ។ អ្នកវិភាគមួយរូបប្រចាំ IDC លោក Ryan Reith និយាយថា ក្នុងឆ្នាំ ២០១២ phablets មានត្រឹមតែ ១% នៃការនាំចេញស្មាតហ្វូនហើយឥឡូវនេះពួកវាកំពុងខិតជិត ៥០%នៃទីផ្សារបន្ទាប់ពីប៉ុន្មានឆ្នាំក្រោយមក ។ លោកបន្តថា អតិថិជនបន្តប្រើប្រាស់វីឌីអូកម្សាន្ត ហ្គេម បណ្តាញសង្គម និងកម្មវិធីផ្ទុកទិន្នន័យដទៃផ្សេងទៀតលើស្មាតហ្វូនរបស់ពួកគេធ្វើឱ្យមានការសម្រេចចិត្តទិញស្មាតហ្វូនអេក្រង់ធំ និងមានមុខងារសំខាន់ៗក្នុងទូរសព្ទ ។ IDC និយាយថា អ្នកទិញ iPhone ជាក់ស្តែងកំពុងស្ថិតក្នុងរបាយការណ៍នេះជាមួយនឹង iPhone អេក្រង់ធំមានចំនួន ៤១% នៃបរិមាណលក់ក្នុងឆ្នាំ ២០១៧ និង ៥០% ឬច្រើនជាងនេះនៅឆ្នាំ ២០១៨ ខាងមុខ ។
ទន្ទឹមគ្នានេះដែរទូរសព្ទអេក្រង់ធំ និងទំនើបទាន់សម័យសម្រុកចូលទីផ្សារនឹងធ្វើឱ្យតម្លៃស្មាតហ្វូនហក់ឡើងផងដែរ ។ អ្នកគ្រប់គ្រងការស្រាវជ្រាវលោក Anthony Scarsella និយាយថាមិនមានក្តីងឿងឆ្ងល់សោះឡើយថា ២០១៧ ជាឆ្នាំដែលមានស្មាតហ្វូនថ្មីទំនើបចុងក្រោយនៃទីផ្សារស្មាតហ្វូន ។ ស្មាតហ្វូនម៉ូដែលទំនើបចុងក្រោយគេរបស់ Samsung, Apple Google, LG និងក្រុមហ៊ុនដទៃផ្សេងទៀតបានជម្រុញតម្លៃស្មាតហ្វូនឡើងដល់តម្លៃ ៨៥០ ដុល្លារលើកដំបូង ។ទោះបីជាតម្លៃស្មាតហ្វូនកើនឡើងក៏ដោយក៏អតិថិជនស្ម័គ្រចិត្តទិញទូរសព្ទស៊េរីទំនើបចុងក្រោយគេដាក់ចូលក្នុងហោប៉ៅដែរ ។ តម្លៃលក់ស្មាតហ្វូនជាមធ្យមត្រូវគេរំពឹងថានឹងកើនដល់ ៣១៧ ដុល្លារនៅឆ្នាំ ២០២១ ដោយកើនឡើងពី ២៨២ ដុល្លារក្នុងឆ្នាំ ២០១៦ ។ IDC ធ្វើការប៉ាន់ប្រមាណថាចំណែកទីផ្សារសម្រាប់ស្មាតហ្វូនដើរដោយប្រព័ន្ធ Android នឹងមាន ៨៥,១ % នៅឆ្នាំនេះហើយវានឹងបង្ហាញពីទីផ្សារទូទៅក្នុងរយៈពេលពីរបីឆ្នាំខាងមុខទៀតដោយមាន ៨៦,៣% នៅឆ្នាំ ២០២១ ។ ដោយឡែកចំណែកទីផ្សាររបស់ Apple វិញត្រូវបានស្ទាបស្ទង់ឃើញថានឹងមាន ១២,៨% ក្នុងឆ្នាំ ២០១៧ហើយត្រូវគេមើលឃើញថាធ្លាក់ចុះមក ១៤,៦% នៅឆ្នាំ ២០២១ ៕