គីឡូម៉ែត្រទី “០”​ គិត​រយៈចម្ងាយពី​ភ្នំពេញ​ទៅ​បណ្តាខេត្ត អ្នក​ដំណើរ​ខ្លះ​អាចមិន​ស្គាល់​

  • 2017-12-03 09:21:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្ថិតនៅ​ភាគខាង​ជើងនៃ​រមណីយដ្ឋាន​វត្ត​ភ្នំ​ ​និង​ត្រូវ​បាន​កសាង​ឡើង​លំនាំ​រចនាបថ​ខ្មែរ អមដោយ​ការ​បង្ហាញ​ទិសដៅខេត្ត​នីមួយ​ៗទូទាំង​ប្រទេស​ នៅ​ទី​នោះ​ហើយ​គឺជា​គីឡូម៉ែត្រ​ទី​សូន្យ​ ដែលគិត​​នូវ​រយៈចម្ងាយ​ពី​ភ្នំពេញ​​ឆ្ពោះទៅ​តាមបណ្តា​ខេត្ត​នានាទូទាំងព្រះរាជាណាចក្រកម្ពុជា។  

អ្នកដំណើរមួយ​ចំនួន​ហាក់​មិន​បានចាប់​ភ្លឹក​ទៅនឹង​ទីតាំង​ខាង​លើប៉ុន្មាន​​ឡើង​ និង​គ្រាន់​តែ​ដឹង​ថា រមណីយដ្ឋាន​វត្ត​ភ្នំ​គឺជាទីតាំងមួយ​រាប់នូវ​​រយៈចម្ងាយ​ឆ្ពោះទៅកាន់​បណ្តាខេត្តតែ​ប៉ុណ្ណោះ។ ជាក់ស្តែង​យុវជន​ ម៉ែន បញ្ញា និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង ដែល​បាន​ដើរ​កម្សាន្តនៅរមណីយដ្ឋានវត្តភ្នំ​ឱ្យ​ដឹង​ថា ​ខ្លួន​តែង​ធ្វើ​ដំណើរ​កាត់​ទីតាំងខាង​លើ​ព្រឹកល្ងាច​ ប៉ុន្តែ​មិនដឹង​ទីតាំង​ខាងលើ​គឺជា​ចំណុច​គីឡូម៉ែត្រ​ទីសូន្យ​ឡើយ។ បញ្ញា រៀប​រាប់​ថា “ខ្ញុំ​​រៀង​ភ្ញាក់​ផ្អើល​បន្តិច​ដែរ ព្រោះ​មិន​ដែល​ចាប់​ភ្លឹក និងចង់​ស្នើទៅ​សាលា​ក្រុងដាក់​ស្លាក​បង្ហាញ​ធំ​មួយ​ ហើយចំពោះ​មគ្គុទេសចរ​ទៀត​សោត​ក៏​គួរ​តែ​ណែនាំ​ឱ្យ​ភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ​បាន​ស្គាល់ទីតាំង​ខាង​លើ​នេះដែរ”។

ចំណែក​លោក​ វិបុល​ អ្នក​រត់​ម៉ូតូរឺម៉ក​កង់​បី​ និងតែង​ឈប់​សំចត​ក្បែរទីតាំង​ខាងលើស្ទើ​រាល់​ថ្ងៃ​ក៏ ​មិនបាន​ដឹង​ថា​ បង្គោល​ថ្មខាងលើ​គឺជា​ទីតាំង​គីឡូម៉ែត្រទីសូន្យ​ឡើយ​ ហើយ​គិត​​ថា គ្រាន់តែ​ការបោះបង្ហោះ​ព្រមទាំង​បង្ហាញ​ទិសធម្មតា​ប៉ុណ្ណោះ។ លោក​ វិបុលបញ្ជាក់ថា៖ “ការពិត​ខ្ញុំ​នៅ​រស់​នៅ​​ផ្ទះជួល​ម្តុំ​ហ្នឹង​យូរ​ដែរ តែ​អត់​ដឹង​ ខ្ញុំ​គិត​ថា អ្នកផ្សេង​ទៀតក៏​ប្រហែល​មិន​ដឹង​ដែរ”។

  អ្នក​ស្រី​ ទាវ​ បុប្ឆា ប្រជាពលរដ្ឋ​រស់​នៅ​ម្តុំ​វត្ត​ភ្នំឱ្យ​ដឹង​ថា ទីតាំង​ខាង​លើ​សាង​សង់​ឡើង​ប្រហែល​ ៤ ឆ្នាំ​ ទៅ​៥ ឆ្នាំ​ហើយ​ ប៉ុន្តែ​អ្នក​ស្រី​ផ្ទាល់​ក៏​មិន​​ចាប់អារម្មណ៍​ ទី​នេះជា​គីឡូម៉ែត្រទីសូន្យ​ដែរ។ “ខ្ញុំ​មិន​ដឹង​ថា នៅប្រទេស​គេ​មានការតាំង​បង្ហាញ​បែប​ណាទេ​ ប៉ុន្តែ​នៅទី​នេះ​ផ្ទាល់ខ្ញុំ​ចង់​ឱ្យ​សាលា​ក្រុង​​ដាក់​ស្លាក​បង្ហាញ​មួយធំ​មួយ​ដើម្បីឱ្យ​អ្នក​ដំណើរ​បាន​ស្គាល់​​”។ អ្នក​ស្រី បន្ថែម​។

ទីតាំង​ខាង​លើ​អាច​ជា​ការស្វែងយល់​ទូទៅ​​មួយ​ក្នុងចំណោម​​យុវជន​ខ្មែរ ដូចនេះ​បើអាច​សាលា​រាជធានី​គួរ​​ដាក់ស្លាកបង្ហាញ​ឱ្យ​ធំ។ នេះបើតាមឱ្យ​របស់​យុវជន ម៉ៅ មិថុនា និស្សិតសាកលវិទ្យាល័យ​ន័រ​តុន​។ មិថុនា ឱ្យ​ដឹង​ថា ម្នាក់ៗ​ដឹង​ត្រឹម ​វត្ត​ភ្នំ​គឺជាទីតាំង​កំណត់​រយៈ​ចម្ងាយពីរាជធានី​ភ្នំពេញ​ទៅតាមបណ្តាខេត្ត​ ប៉ុន្តែ​នេះគឺជាទីតាំង​ច្បាស់​លាស់មួយ​ ដែលត្រូវ​បាន​​កំណត់​ដោយសាលារាជធានី​ភ្នំពេញ។

ដូចនេះ​ប្រសិន​បើ​អស់លោក​មិនទាន់​បានឃើញ​បង្គោល​គីឡូម៉ែត្រ​លេខសូន្យ​ សូមលោក​អ្នកអាច​ទៅទស្សនា ​និងថតរូប​ទុកអនុស្សាវរីយ៍​បាន​៕  

អត្ថបទដោយ៖ សុផល