“ដែន​ដី​ស្នេហ៍​អាថ៌កំបាំង​" ធ្វើ​ឲ្យ​ ដួង ម៉ានិច និង ណាខុន ភ្លឺ​ភ្នែក​​

  • 2017-12-04 07:25:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​មិញ​នេះ​ស្ថានីយ​​​ទូរទស្សន៍​ PNN ​បាន​ធ្វើ​ពិធី​ក្រុង​ពាលី​ខ្សែ​ភាព​យន្ត​ភាគ​ថ្មី​រ​​រឿង "ដែន​ដី​ស្នេហ៍​អាថ៌កំបាំង​" ដែល​មាន​ ណាខុន ដួង ម៉ានិច និង ណាតាយា ​ជា​តួ​ឯក​ប្រុស​ស្រី​ក្នុង​រឿង​​​ខាង​លើ​នេះ​។

ក្នុង​ពិធី​ក្រុង​ពាលី​ ដួង មានិច ជា​តួ​អង្គ​ក្នុង​រឿង​បាន​លើក​ឡើង​ថា រឿង​ភាគ​ថ្មី​មួយ​នេះ​នាង មាន​អារម្មណ៍​ថា​ប្លែក​ជាង​រឿង​មុន​ៗ​ដែល​ធ្លាប់​សម្ដែង​កន្លង​មក​ ព្រោះ​មាន​ឈុត​ឆាក​​វាយ​តប់​ជិះ​សេះ​ ព្រម​ទាំង​មាន​ចរិត​ម៉ឺងម៉ាត់​ តស៊ូ​​លះ​បង់​គ្រប់​បែប​យ៉ាង​ដើម្បី​ការ​ពារ​ទឹក​ដី​មិន​ឲ្យ​បាត់បង់​។

អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​​តួ​ឯក​ស្រី​ក្នុង​រឿង​"ពស់​កេង​កង​" ថា៖​" ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ប្លែក​ និង​ភ្លឺ​ភ្នែក​ខ្លាំង​ណាស់​ក្នុង​រឿង​ភាគ​"ដែន​ដី​ស្នេហ៍​អាថ៌កំបាំង​" នេះ​ ព្រោះ​ប្លែក​ទាំង​ការ​ស្លៀក​ពាក់​ និង​ការ​សម្ដែង​ខុស​ពី​រឿង​មុន​ៗ​។ ទោះ​បី​ជា​យ៉ាង​ណា​ខ្ញុំ​នៅ​តែ​សប្បាយ​ចិត្ត​ ដោយ​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​​ៗ​បន្ថែម​ទៀត​"។

សម្រាប់​តួ​ឯក​ប្រុស​វិញ​ ណាខុន ក៏មាន​ការ​ពេញ​ចិត្ត​មិន​ខុស​ពី​ ដួង ម៉ានិច ប៉ុន្មាន​ឡើយ​លោក ថា​ ធ្លាប់​សម្ដែង​​ជា​តួ​អង្គ​បែប​សម័យ​ មក​ឲ្យ​លេង​ជា​តួ​មេទ័ព​ ដូច្នេះ​ខ្លួន​មាន​អារម្មណ៍​ខុស​ប្លែក​ពី​រឿង​មុន​ៗ​ឆ្ងាយ​។ ទោះ​បី​ជា​​ប៉ះ​ឈុត​ឆាក​មិន​ធ្លាប់​ជួប​ពី​មុន​មក​​ក្ដី​ តែ​​តួ​ឯក​ប្រុស​ក្នុង​រឿង​ "កញ្ញា​អំពិល​ផ្អែម" នឹង​ខិត​ខំ​ប្រឹង​ប្រែង​សម្ដែង​ឲ្យ​បាន​ល្អ​​ដើម្បី​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ទស្សនិកជន​។

លោក​ថា​៖"​ប៉ះ​គ្នា​ជាមួយ​ អានិច លើក​ទី​១​ សាច់​រឿង​ទាំង​មូល​ក៏​ប្លែក​ទៀត ​ព្រោះ​រឿង​នេះ​ខ្ញុំ​ត្រូវ​រៀន​បាញ់​ព្រួញ​ ជិះ​សេះ​ ហើយ​ការ​តុប​តែង​ខ្លួន​ខុស​ប្លែក​ពី​រឿង​មុន​ៗ​ទាំង​ស្រុង និយាយ​ទៅ​ក្នុង​រឿង​មួយ​នេះ​អត់​សូវ​ចំណាយ​សម្លៀក​បំពាក់​ច្រើន​ទេ​"។

ដោយ​ឡែក​លោក ពុទ្ធ ពណ៌​ ជា​ផលិតករ​រឿង​ "ដែន​ដី​ស្នេហ៍​អាថ៌កំបាំង​" បាន​ថ្លែង​ថា​ រឿង​ភាគ​ថ្មី​មួយ​នេះ​ ទូរទស្សន៍​ PNN បាន​សហការ​​ជាមួយ​ផលិតកម្ម​ភូមិ​ពេជ្រ​ភាពយន្ត​។ ជា​ប្រភេទ​ខ្សែ​ភាពយន្ត​ភាគ​បែប​​​មនោ​សញ្ចេតនា​ស្នេហា​ត្រីកោណ​រវាង​​កំលោះ​សង្ហា​​ ជាមួយ​នារី​រូប​ស្រស់​សោភា​ពីរ​រូប​។ រឿង " ដែន​ដី​ស្នេហ៍​អាថ៌កំបាំង​" មាន​ ៤០ ភាគ​ នឹង​​​ដំណើរ​ការ​ចេញ​​ថត​នៅ​ថ្ងៃ​ទី​ ៥ ខែ ធ្នូ ឆ្នាំ ២០១៧ ខាង​មុខ​នេះ​​ គ្រោង​​​ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍​ PNN នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៨ ។​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម