ស្នាដៃ​ឆ្នើម​ប្រចាំ​មហោស្រព​ភាពយន្តជាតិលើកទី៥ នឹងទទួលបាន​ទឹកប្រាក់ ៣០លានរៀល​

  • 2017-12-07 03:10:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបើកមហោស្រពភាពយន្តជាតិលើកទី៥ បានប្រព្រឹត្តិនៅសាលសន្និសីទចតុម្មុខ ក្រោមអធិតីភាព ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានគណៈកម្មធិការរៀបចំមហោស្រពភាពយន្តជាតិលើទី៥នេះ រួមជាមួយផលិតករភាពយន្ត អ្នកដឹកនាំរឿងជាច្រើនរូប តួសម្តែង និងក្រុមការងារផលិតភាពយន្តរបស់កម្ពុជាជាច្រើនរូបចូលរួមអបអរយ៉ាងច្រើនកុះករ។

ថ្លែងក្នុងបើកមហោស្រពនេះ ឯកឧតម្ត សោម សុគន្ធ បានបង្ហាញចំណាប់អារម្មណ៍ថា មហោស្រពភាពយន្តជាតិ ជាព្រឹត្តការណ៍ដ៏សំខាន់ប្រចាំឆ្នាំដើម្បីចូលរួមចំណេកលើកស្ទួយដំណើរការអភិវឌ្ឍឧស្សាហកម្មភាពយន្តនៅកម្ពុជា។

តាមរយៈលោក ប៉ុក បូរក្ស ប្រធានស្តីទីនាយកដ្ឋានសិល្បៈភាពយន្ត ប្រកាសក្នុងពិធីបើកមហោស្រពភាពយន្តជាតិលើកទី៥នេះឱ្យដឹងថា ភាពយន្តឆ្នើមប្រចាំមហោស្រពភាពយន្តជាតិលើកទី៥នេះ នឹងទទួលបានពានមាសមួយ អមដោយទឹកប្រាក់ ៣០លានរៀល (៧ ៥០០ដុល្លា)។ រីឯបុគ្គលដែលជាអ្នកឯកទេសឆ្នើមលើស្នាដៃផលិតភាពយន្ត នឹងទទួលបានពានរង្វាន់១ អមដោយទឹកប្រាក់ ៤លានរៀល (១ ០០០ដុល្លារ)។

មហោស្រពភាពយន្តជាតិលើទី៥ឆ្នាំនេះ ទទួលបានភាពយន្តស្នើសុំចូលរួមប្រកួតពីផលិតកម្មភាពយន្តក្នុងស្រុកចំនួន៩ផលិតកម្ម សរុបខ្សែភាពយន្តចំនួន ១៤ចំណងជើង ដោយស្ថិតក្នុងដំណាកពាក់កណ្តាលផ្តាច់ព្រ័ត្រនេះមានភាពយន្តចំនួន៨ ត្រូវបានជាប់ជម្រើសប្រកួតប្រជែង និងកំពុងចាក់បញ្ចាំងនៅតាមបណ្តាលរោងភាពយន្តនៅក្នុងទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី៦ ដល់ទី៩ ហើយថ្ងៃទី១០ ខែធ្នូ​ឆ្នាំ២០១៧នេះ ភាពយន្តណាដែលនឹងជាប់ជាភាពយន្តឆ្នើមប្រចាំមហោស្រពជាតិនឹងត្រូវបានប្រកាស ក្នុងកម្មវិធីបិទមហោស្រព។

អត្ថបទ៖ Sunny