អារ៉ាប់រួម​បង្កើត​កម្មវិធី​បញ្ជូន​អវកាសយានិក​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ​ ISS ​ដំបូង​គេ​របស់ខ្លួន

  • 2017-12-07 12:16:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុ​ប្រធានាធិបតី​ប្រទេស​អេមីរ៉ាត់​អារ៉ាប់​រួម​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ថា​ ប្រទេស​នឹង​បង្កើត​កម្មវិធី​បញ្ជូន​អវកាស​យានិក​៤​រូប​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ​ ISS ​ដំបូង​គេ​ក្នុង​រយៈ​ពេល​ ៥​ ឆ្នាំ​ទៀត​ ។

Sheikh Mohammed bin Rashed Al-Maktorum ​អនុ​ប្រធានា​ធិប​តី​ និង​ជា​នាយក​រដ្ឋ​មន្រ្តី​ប្រទេស​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​ នៅ​ថ្ងៃ​នេះ​ដែល​ជា​សករាជ​ថ្មី​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​ពួក​យើង​ចាប់​ផ្តើម​ជាមួយ​នឹង​ការ​បង្កើត​កម្មវិធី​បញ្ជូន​អវកាស​យានិក​ទៅ​កាន់​អាវកាស​ដំបូង​គេ​ UAE Astronaut Programme ​ក្នុង​រយៈ​ពេល​ ៥ ​ឆ្នាំ​ខាង​មុខ​ទៀត​ហើយ​ប្រជាជន​អារ៉ាប់​រួម​ទាំង​អស់​នឹង​ជំនះ​រាល់​ឧបសគ្គ​នានា​ ។ ប្រទេស​សម្បូរ​ប្រេង​នៅ​ជាប់​ឈូង​សមុទ្រ​មួយ​នេះ​កាល​ពី​មុន​ធ្លាប់​ប្រកាស​ពី​មហិច្ចិតា​បញ្ជូន​យាន​គ្មាន​មនុស្ស​បើក​ទៅ​កាន់​គន្លង​ភព​អង្គារ​ (Mars) ​នៅ​ឆ្នាំ​ ២០២១ ​ដោយ​ដាក់​ឈ្មោះ​ថា​“​យាន​នៃ​ក្តី​សង្ឃឹម​”។ ដោយឡែក​កម្មវិធី​បញ្ជូន​អវកាស​យានិក​នេះ​នឹង​ធ្វើ​ឱ្យ​ខ្លួន​ក្លាយ​ជា​រដ្ឋ​មួយ​ក្នុង​ចំណោម​រដ្ឋ​ផ្សេង​ទៀត​នៅ​មជ្ឈឹម​បូព៌ា​ដែល​បាន​បញ្ជូន​មនុស្ស​ទៅ​កាន់​លំហរ​អាកាស​ខណៈ​ខ្លួន​សន្យា​ថា​នឹង​ក្លាយ​ជា​អ្នក​ត្រួសត្រាយ​សកល​លោក​ក្នុង​ការ​រុករក​អវកាស​ក្នុង​រយៈ​ពេល​ជាង​ ៥០ ​ឆ្នាំ​ទៀត​ ។

យ៉ាងណាមិញ​អ្នក​អវកាស​យានិក​អារ៉ាប់​រួម​ដែល​ស្នើ​សុំ​កម្មវិធី​នេះ​នឹង​ឆ្លង​កាត់​តាម​នីតិវិធី​វិនិច្ឆ័យ​យ៉ាង​ម៉ត់ចត់​ជាមួយ​នឹង​ការ​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ​រយៈ​ពេល​រាប់​ខែ​មុន​ពេល​ជ្រើស​យក​បួន​នាក់​ចុង​ក្រោយ​ ។ រំឮកថា​ជនជាតិ​អារ៉ាប់​ដំបូង​គេ​ដែល​នៅ​ក្នុង​លំហរ​អាកាស​គឺ​លោក​ Sultan bin Salman Al-Saud ​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែល​បាន​ស្ថិត​ក្នុង​បេសកកម្ម​យាន​អវកាស​អាមេរិក​នៅ​ក្នុង​ឆ្នាំ​ ១៩៨៥ ។ ពីរ​ឆ្នាំ​បន្ទាប់​អ្នក​បើកបរ​យន្ត​ហោះ​ទ័ព​អាកាស​ស៊ីរី​លោក​ Muhammed Faris ​បាន​ចំណាយ​ពេល​មួយ​សប្តាហ៍​នៅ​លើ​ស្ថានីយ​អវកាស​ Mir ​របស់​សហភាព​សូវៀត​ (​បច្ចុប្បន្នរុស្ស៊ី​) ។ គួរ​បញ្ជាក់​ថា​ UAE ​ធ្លាប់​លើក​ឡើង​ថា​ ខ្លួន​គ្រោង​នឹង​សង់​ “​ទីក្រុង​វិទ្យាសាស្រ្ត​” ដើម្បី​ផ្ស៊ាំ​ជីវិត​នៅ​លើ​ភព​អង្គារ​និង​​សង់​លំនៅឋាន​លើ​ភព​ក្រហម​មួយ​នេះ​នៅ​ឆ្នាំ​ ២១១៧​ ៕ ប្រែសម្រួល៖ សិរីបុទ្រ

ប្រភព៖ Phys   ប្រែ​សម្រួល៖ សិរីបុទ្រ