អស្ចារ្យបំផុត! កូនខ្មែរចេះ១៦ភាសា ហើយសុទ្ធតែអាចប្រើការបាន(មានវីដេអូ)

  • 2017-12-15 03:03:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​និស្ស័យ​ស្រឡាញ់​ការសិក្សា​រៀន​សូត្រ​តាំង​ពី​តូច​ក្រូច​ឆ្មា និង​ផ្ដើម​ពី​ការ​ចូល​ចិត្ត​អាន​សៀវភៅ​និយាយ​ពី​បុគ្គល​ល្បីៗ​លើ​ពិភពលោក​អាច​ប្រើប្រាស់​បាន​ច្រើន​ភាសា ធ្វើ​ឲ្យ​កូន​ខ្មែរ​មួយ​មាន​មហិច្ឆតា​ចង់​ក្លាយ​​ដូចជា​បុគ្គល​ទាំង​នោះដែរ និងតាំង​គោល​ជំហរ​រៀន​មិន​លោះ​ថ្ងៃ​​គ្រប់​ទី​កន្លែង​ រហូត​អាច​ប្រើប្រាស់​ភាសា​បរទេស​ជុំវិញ​ពិភពលោក​យ៉ាង​ស្ទាត់​ជំនាញ​ដល់ ១៦ភាសា​ឯណោះ។

រៀបរាប់​មក​កាន់​ Sabay នឹម លាង​ហេង មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​កំពង់ចាម​រូប​នេះ​ ប្រាប់​ថា ចាប់​ផ្ដើម​រៀន​មុន​គេ​បង្អស់ គឺ​ភាសា​អង់គ្លេស​ក្នុង​ឆ្នាំ ១៩៩៩ ក្នុង​ពេល​ដែល​លោក​បួស​ជា​ព្រះសង្ឃ​នៅ​ឯ​ស្រុក​កំណើត ប៉ុន្តែ​មិន​មែន​សាលា​ធំដុំ​អ្វី​នោះ​ទេ។ ជា​ឱកាស​ល្អ​មិន​រង់​ចាំ​យូរ ក្នុង​ឆ្នាំ​ដដែល លាង​ហេង បាន​ស្គាល់​គ្រូ​ខ្មែរ​សុរិន្ទ​ម្នាក់​ចេះ​ភាសា​ថៃ ហើយ​ក៏​បាន​រៀន​ដំណាល​គ្នា​ជាមួយ​ភាសា​អង់គ្លេស​នោះ​តែ​ម្ដង​ជាមួយ​សិស្ស​ពីរ​បី​នាក់​ផ្សេង​ទៀត។

និយាយ​ពី​ភាសា​ថៃ​ដដែល យុវជន​ឈ្មុសឈ្មុល​ជាមួយ​ការ​រៀន​នេះ បាន​ស្គាល់​ជាមួយ​គ្រូ​ម្នាក់​ទៀត មក​ពី​ខេត្ត​កំពង់ធំ ធ្លាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ចេះ​ភាសា​ថៃ​ច្បាស់​លាស់ លោក​ក៏​បាន​សុំ​គ្រូ​នោះ​រៀន​បន្ថែម​ទៀត​ ​ចេះ​ល្មម​អាច​ប្រើប្រាស់​បាន។ ចំណែក​ឯ​ភាសា​អង់គ្លេស​ក៏​ចេះ​អាច​ប្រើការ​បាន​ដំណាល​គ្នា​នៅពេលនោះ។

កំឡោះ​រូប​សង្ហារ​វ័យ​៣១​ឆ្នាំ​នេះ បន្ត​ទៀត​ថា បន្ទាប់​ពី​ចេះ​ពីរ​ភាសា​នេះ​ហើយ ក្នុង​ឆ្នាំ​ដដែល​លោក​ក៏​រៀន​ភាសា​ជប៉ុន និង​ភាសា​ចិន​បន្ថែម​ទៀត បាន​រយៈ​ពេល​ជាង​មួយ​ឆ្នាំ ប៉ុន្តែ​នៅ​មិន​ទាន់​អាច​ប្រើ​ការ​បាន​នៅ​ឡើយ​ទេ។

ពេល​វេលា​ចេះ​តែ​រំកិល​ទៅ​មុខ ក្នុង​ឆ្នាំ ២០០១ លាង​ហេង បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​ឃ្លាត​ឆ្ងាយ​ពី​គ្រួសារ ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​រាជធានី​ភ្នំពេញ។ នៅ​លើ​ទឹក​ដី​ភ្លើង​ពណ៌​នេះ លាង​ហេង​មិន​បោះបង់​គោល​បំណង​របស់​ខ្លួន​ឡើយ លោក​ក៏​បាន​ស្វះស្វែង​រក​សាលា​រៀន​ភាសា​ កូរ៉េ ជប៉ុន ចិន និង​អង់គ្លេស​ឲ្យ​ចេះ​កាន់​តែ​ច្បាស់​ថែម​ទៀត​រហូត​ចេះ​ច្បាស់​លាស់។

ឱកាស​ចេះ​តែ​ផ្ដល់​ឲ្យ​ជា​បន្ត​បន្ទាប់ លោក​ក៏​បាន​ស្គាល់​អតីត​និស្សិត​ម្នាក់​ធ្លាប់​ជាប់​អាហារូបករណ៍​នៅ​ប្រទេស​រុស្ស៊ី ហើយ​ក៏​បាន​ធ្វើការ​ក្នុង​ស្ថាន​ទូត​រុស្ស៊ី មិន​បង្អែបង្អង់​​យូរ​ លាងហេង ក៏​បាន​ទំនាក់​ទំនង​រៀន​ភាសា​នេះ បាន​រយៈពេល​ជាង​១​ឆ្នាំ និង​អាច​ប្រើប្រាស់បាន។

បន្ទាប់​មក​ទៀត គ្រូ​ភាសា​បរទេស​ចេះ​ច្រើន​ភាសា​រាប់​មិន​អស់​នេះ បាន​ទៅ​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​នៅ​អង្គការ CCF (Cambodia Children's Fund) របស់​លោក​ស្កុតនីសិន។ ប្រៀប​ដូចជា​ទេវតា​ប្រទាន​ឱកាស​អ៊ីចឹង នៅ​ទី​នោះ​លោក​បាន​ស្គាល់​គ្រូ​បរទេស​ជា​ច្រើន ដែល​ធ្វើ​ការ​ស្ម័គ្រ​ចិត្តដូចជា គ្រូ​បារាំង អាមេរិក អាល្លឺម៉ង់ កាណាដា អូស្ត្រាលី​ អេស្ប៉ាញ ព័រទុយហ្គាល់។ល។ មិន​បណ្ដែត​បណ្ដោយ​ឲ្យ​វេលា​កន្លង​ផុត​ទៅ​ទទេៗ​នោះ​ឡើយ លាង​ហេង​ បាន​សុំ​រៀន​ជាមួយ​គ្រូ​ទាំង​នោះ​យ៉ាងចាស់​ដៃ​តែ​ម្ដង​ ក្រៅ​ពី​ទំនេរ​ពី​ការងារ។ ក្នុង​នោះ​ភាសា​ដែល​លោក​រៀន​ពេល​នោះ គឺ អេស្ប៉ាញ អាល្លឺម៉ង់ និង​បារាំង។

បើ​និយាយ​ពី​ភាសា​អាល្លឺម៉ង់ បន្ទាប់​ពី​គ្រូ​នោះ​ត្រឡប់​ទៅប្រទេស​កំណើត​វិញ​ លោក​ក៏​បាន​ស្គាល់​ជាមួយ​លោកគ្រូ​ម្នាក់ ​ជា​សិស្ស​ធ្លាប់​ទៅ​រៀន​នៅ​អាល្លឺម៉ង់ ក៏​សុំ​រៀន​ដោយ​មិន​គិត​ប្រាក់​កម្រៃ​នោះ​ទេ រហូត​អាច​ប្រើ​ការ​បាន។ ទន្ទឹម​នឹង​នោះ លាង​ហេង ​ក៏​បង់លុយ​រៀន​​ភាសា​អេស្ប៉ាញ​ បន្ថែុមទៀតនៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​រហូត​ដល់​ចេះ​​យ៉ាង​ច្បាស់​លាស់។

ចំពោះ ភាសា​អ៊ីតាលី​វិញ កំពូល​អ្នក​រៀន​គ្មាន​គូ​ប្រៀប​នេះ​ប្រាប់​ថា លោក​បាន​ស្គាល់​ជនជាតិ​អ៊ីតាលី​ម្នាក់​ និង​បាន​សុំ​រៀន​ទៀត។ ដោយ​សារភាសា​នេះ​មិន​ខុស​គ្នា​ជាមួយ​អេស្ប៉ាញ ​លោក​ក៏​រៀនឆាប់​ចេះ​មិន​ប្រើ​ពេល​វេលា​យូរ​នោះ​ទេ។ កាន់​តែ​ពិសេស គ្រូ​អ៊ីតាលី​នោះ​ចេះ​ព័រទុយហ្គាល់ លាង​ហេង​ក៏​បាន​រៀន​ដំណាល​គ្នា ហើយ​ក៏​ចេះ​ទាំង​ពីរ​ភាសា​ក្នុង​ពេល​តែ​មួយ។

ក្រោយ​ពី​ចេះ​ភាសា​បរទេស​ជា​ច្រើន​ទាំង​នោះ​ហើយ អំឡុង​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៤ និស្សិត​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ព័ត៌មាន​វិទ្យា​មក​ពី​សាកលវិទ្យាល័យ​ន័រតុន​រូបនេះ ក៏​សម្រេច​ចិត្ត​រៀន​ភាសា​វៀតណាម និង​ភាសា​ឥណ្ឌា ដោយ​ជួល​គ្រូ​មក​បង្ហាត់​ទាល់​តែ​ចេះ​អាច​ប្រើ​ការ​បាន។

អ្នក​ស្រឡាញ់​ការ​សិក្សា​​ដ៏​កំពូល​នេះ ប្រាប់​ទៀត​ថា ក្រោយ​មក​លោក​ក៏​បាន​ជាប់​អាហារូបករណ៍​ទៅ​សិក្សា ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ធនធាន​មនុស្ស​នៅ​ប្រទេស​ថៃ។ អំឡុង​ពេល​រៀន​នៅទីនោះ​ លោក​ក៏​បាន​ស្គាល់​​និស្សិតមក​ពី​ប្រទេស​ឡាវ ហ្វីលីពីន បង់ក្លាដេស ក៏​សុំ​ពួក​គេ​រៀន​ភាសា​ទាំង​នោះ និង​សន្ទនា​ជាមួយ​គ្នា​ជា​រៀងរាល់​ថ្ងៃ។

ក្រោយ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ លាង​ហេង បាន​រៀន​បន្ថែម​ភាសា​ដទៃ​ទៀត​ដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​អារ៉ាប តាម​រយៈ​ការ​ស្វះស្វែង​រក​គ្រូ​នៅ​វិហារ​ឥស្លាម​ផង និង​ទាក់ទង​ជាមួយ​អ្នក​ចេះ​ភាសា​ទាំង​នោះផង លុះ​ត្រា​តែ​ចេះ​អាច​ប្រើ​ការ​បាន។

រហូត​មក​ដល់​បច្ចុប្បន្ន​ លោក នឹមលាង​ហេង ចេះ​រហូត​ដល់​១៦ ភាសា​ឯណោះ​ដូចជា៖ ថៃ អង់គ្លេស កូរ៉េ ចិន ជប៉ុន បារាំង វៀតណាម ឡាវ អេស្ប៉ាញ រុស្ស៊ី ព័រទុយហ្គាល់ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី អារ៉ាប ឥណ្ឌា ទួរគី។ ប៉ុន្តែ​លោក​នៅ​តែ​មាន​បំណង​ចេះ​ភាសា​ដទៃ​ទៀត មិន​បញ្ចប់​ត្រឹម​ប៉ុន​នេះ​នោះ​ទេ។

តាម​រយៈ​ការ​ចំណាយ​ពេល​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​លើ​ការ​សិក្សា​ភាសា​បរទេស​ដ៏​ច្រើន​នេះ អស់​រយៈ​ពេល​ជាង​១០​ឆ្នាំកន្លងមកនេះ សមិទ្ធផល​ដែល​លោក​ទទួល​បាន​ធំ​បំផុត​នោះ​គឺ ទ្រព្យ​សម្បត្តិ​ដែល​ចោរ​លួច​មិន​បាន​គ្មាន​ថ្ងៃ​សាបសូន្យ​ គឺ​ចំណេះវិជ្ជា​ជា​ច្រើន​ឥតគណនានេះហើយ។ ជា​ពិសេស​លោក​អាច​រក​ប្រាក់​ចំណូល​តាម​រយៈ​ការ​បង្រៀន​តាម​សាលា តាម​ផ្ទះ តាម​ក្រុមហ៊ុន សឹង​តែ​គ្មាន​ម៉ោង​សេស​សល់​ឡើយ និង​បកប្រែ​តាម​កម្មវិធី​ធំៗ ក៏​ដូចជា​បកប្រែ​ឯកសារ​ឲ្យ​បណ្ដា​ក្រុម​ហ៊ុន​នានា​។ល៕

ទស្សនាវីដេអូបទយកការណ៍ពិសេសខាងក្រោមនេះ៖

អត្ថបទ៖ វឌ្ឍនៈ