Real Madrid គ្មាន​ប្រវត្តិ​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្រៅ​អេស្ប៉ាញ​១៧​ឆ្នាំ​ហើយ​

  • 2017-12-15 02:45:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gremio នឹង​ប៉ះ​គ្នា​ Real Madrid នៅ​ពាន​ FIFA Club World Cup វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​យប់​​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​ លើ​ទឹកដី​អារ៉ាប់រួម​ដើម្បី​ស្វែង​រក​ក្លឹប​ជើង​ខ្លាំង​របស់​ពិភពលោក​។​

ក្រុម​ជើង​ឯក​ទ្វីប​អឺរ៉ុប​ឡើង​ដល់​វគ្គ​នេះ​ក្រោយ​ផ្ដួល​ក្រុម​ Al Jazira របស់​ម្ចាស់​ផ្ទះ​​ក្នុង​លទ្ធផល​ ២-១ ខណៈ Gremio ជើង​ឯក​ឡាទីន​ បាន​យក​ឈ្នះ​ Pachuca របស់​ម៉ិកស៊ីកូ​ ១-១។ យ៉ាង​ណា​ Real Madrid មាន​កំណត់ត្រា​ល្អ​មួយ​សម្រាប់​ការ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ក្រៅ​ប្រទេស​អេស្ប៉ាញ។

ក្រុម​រហស្សនាម​ថា​ Los Blancos ធ្លាប់​ចាញ់​ Boca Juniors ២-១ នៅ​ទឹកដី​ជប៉ុន​ក្នុង​ពាន Club World Cup ​កាល​​ឆ្នាំ​២០០០ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​ពួកគេ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្រៅ​អេស្ប៉ាញ​១១​លើក​មិន​ដែល​ចាញ់​សោះ។​

Real បាន​ផ្ដួល Bayer Leverkusen, Juventus និង​ Atletico Madrid ២​ដង​នៅ​ Champions League ហើយ​នៅ UEFA Super Cup វិញ​ពួកគេ​ធ្លាប់​​ឈ្នះ​ Feyenoord, Manchester United និង​ Sevilla ២ដង។ ក្រឡេក​ទៅ​ពាន Club World Cup ក្រុម​មក​ពី​ទ្វីប​ដទៃ​មាន​ Olimpia, San Lorenzo និង​ Kashima សុទ្ធ​តែ​ក្លាយ​ជា​ជន​រងគ្រោះ​ក្រោម​ថ្វី​ដៃ​ក្លឹប​​យក្ស​របស់​អេស្ប៉ាញ​មួយ​នេះ៕

ប្រភព៖ Marca   ប្រែសម្រួល៖ វីរ៉ុត