Terry ថា Chelsea ក្រោម​ Mourinho អាច​ផ្ដួល Man City ក្រោម Pep បច្ចុប្បន្ន​បាន

  • 2017-12-19 13:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ John Terry ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា អតីត​ក្រុម​របស់​ខ្លួន Chelsea ក្នុង​រដូវ​កាល ២០០៤/២០០៥ ឬ ២០០៥/២០០៦ អាច​បំបាក់​ក្រុម​ Manchester City ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola បច្ចុប្បន្ន​បាន។

ពេល​សួរ​ដោយ​សារព័ត៌មាន Sky Sports ថា​តើ​មាន​ក្រុម​ណា​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អង់គ្លេស​ដែល​ Terry គិត​ថា​អាច​ប្រជែង​ពាន​ជាមួយ Manchester City បច្ចុប្បន្ន​បាន ខ្សែ​ការពារ​រូប​នេះ​បាន​ឆ្លើយ​ទៅ​វិញ​ថា៖ "ខ្ញុំ​អាច​និយាយ​បាន​ថា ក្រុម Chelsea រដូវ​កាល​ ២០០៤/២០០៥ ឬ ២០០៥/២០០៦ ក្រោម​ការ​ដឹកនាំ​របស់​ Mourinho អាច​ធ្វើ​បាន"។

ពេល​សួរ​បញ្ជាក់​ថា ក្រុម​ទាំង​ហ្នឹង​អាច​លេង​ឈ្នះ Manchester City របស់​លោក Pep ឥឡូវ​ទេ វីរបុរស​ក្លឹប​តោ​ខៀវ​រូប​នេះ បាន​តប​យ៉ាង​ខ្លី​ថា៖ "បាទ បាទ​ប្រាកដ​ណាស់។ ពួក​យើង​មិន​ខ្លាច​ទេ ក្រុម​ដែល​មាន​សាច់​បាល់​លេង​ច្រើន​ជាង​យើង ដោយ​សារ​ពួក​យើង​ប្រុង​ប្រៀប​ជា​ស្រេច"។ ខ្សែ​ការពារ Terry បាន​ពន្យល់​ទៀត​ថា៖ "ពេល​ហ្នឹង​ពួក​យើង​មាន​កម្លាំង​ខ្លាំង យើង​មាន​ខ្សែ​ការពារ​ស្លាប​ល្អ យើង​មាន​ Claude Makelele ដែល​ជា​ខ្សែ​បម្រើ​ការពារ​ដ៏​ល្អ ហើយ​យើង​មាន​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​នៅ​ពី​មុខ​យើង គេ​នោះ​គឺ Didier Drogba។ បន្ថែម​ពី​ហ្នឹង​យើង​មាន Frank Lampard ដែល​ជួយ​គាំទ្រ Drogba ដើម្បី​សម្រួល​ដល់​ការ​ស៊ុត"។

គួរ​រំលឹក​ឡើង​វិញ​ផង​ដែរ​ថា លោក Jose Mourinho បាន​ចាក​ចេញ​ពី Porto មក​ដឹកនាំ Chelsea ដំបូង​នៅ​ក្នុង​ឆ្នាំ ២០០៤ ហើយ​ក៏​បាន​ឈ្នះ​ពាន​លីគ​កំពូល​អង់គ្លេស​ពីរ​ដង​ជាប់​គ្នា នៅ​ពីរ​រដូវ​កាល​ដំបូង​របស់​ខ្លួន។

ខ្សែ​ការពារ​ John Terry បាន​លេង​ឲ្យ Chelsea រហូត​ដល់​ជិត ២០​ឆ្នាំ ហើយ​ទើប​តែ​ចាក​ចេញ​ពី​ក្លឹប​ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ ២០១៧​នេះ។ ក្រោយ​មក Terry បាន​ចូល​រួម​ជាមួយ​ក្លឹប Aston Villa ដែល​កំពុង​លេង​ក្នុង​លីគ Championship ដែល​ជា​ក្របខ័ណ្ឌ​បាល់ទាត់​លំដាប់​ពីរ​នៅ​អង់គ្លេស។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្លឹប​ Manchester City ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ញាក់​សាច់​នា​រដូវ​កាល​ថ្មី​នេះ​ក្នុង​លីគ​កំពូល​អង់គ្លេស ដោយ​ស្មើ​តែ​ម្ដង​គត់​ក្នុង ១៨​ប្រកួត​ចុង​ក្រោយ ក្រៅ​ពី​ហ្នឹង​ឈ្នះ​ទាំង​អស់៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី