ទោះរវល់ឡើងសង្វៀន រឿង សោភ័ណ្ឌ នៅតែមិនភ្លេចកិច្ចការជួយសង្គម
- 2018-08-29 01:44:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះរវល់ឡើងសង្វៀន រឿង សោភ័ណ្ឌ នៅតែមិនភ្លេចកិច្ចការជួយសង្គម
ចន្លោះមិនឃើញ
អ្នកប្រដាល់លេងកណ្ដាប់ដៃ រឿង សោភ័ណ្ឌ រួមជាមួយមិត្តភ័ក្ដិមួយចំនួនទៀត ប្រមូលលុយគ្នាបានប្រហែល ១០០០ដុល្លារ ទិញសម្ភារសិក្សាផ្សេង ជួយដល់សិស្សនៅសាលាថ្នល់ទទឹង កាលពីព្រឹកម្សិលមិញនេះ។
បើតាមការឲ្យដឹងពី រឿង សោភ័ណ្ឌ រួមនិងមិត្តភ័ក្ដិ ប្រាប់ថា កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញនេះបានទិញសម្ភារសិក្សាមួយចំនួនដូចជា មួកការពារសុវត្ថិភាព សៀវភៅ ខ្មៅដៃ ជ័រលុប ជាដើម ជាការលើកទឹកចិត្ត ដល់សិស្សឆ្នើមនៅសាលាបឋមសិក្សាថ្នល់ទទឹង។ ក្រៅតែពីការជួយជាសម្ភារខាងលើនេះហើយ ពោលក៏មានជាថវិកាមួយចំនួនទៀតដែរ សម្រាប់ជូនដល់លោកគ្រូ អ្នកគ្រូនៅសាលានោះទៀតផង។
ក្រុមមនុស្សធម៌ខាងលើនេះបន្ថែមថា គោលបំណងនៃកម្មវិធីនេះទៀតនោះ គឺចង់ចែករំលែកសេចក្ដីសុខដល់គ្នាទៅវិញទៅមក និងបណ្ដុះចិត្តដល់ក្មេងៗទាំងនោះ ឲ្យចេះជួយគ្នា ស្រឡាញ់រាប់អានគ្នានៅពេលពួកគេធំទៅ ហើយអាចធ្វើទង្វើល្អបែបនេះផងដែរ។ ព្រោះអីភាពលំបាក ការខ្វះខាតទាំងនេះ សុទ្ធតែពួកលោកធ្លាប់ឆ្លងកាត់ យល់ពីអារម្មណ៍មួយនេះ។
រឿង សោភ័ណ្ឌ ជាអ្នកប្រដាល់ល្បីឈ្មោះនៅកម្ពុជានាពេលបច្ចុប្បន្ននេះ។ កម្មវិធីចែកជូនសម្ភារសិក្សានេះធ្វើឡើងកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។ នេះក៏មិនមែនជាលើកទី១ ដែលក្រុមមនុស្សធម៌របស់ រឿង សោភ័ណ្ឌ បានធ្វើនោះដែរ ពីមុនក៏ធ្លាប់ជួយចាស់ជរា សាងសង់សាលារៀន ជួយក្មេងកំព្រា បរិច្ចាគឈាមជាដើម៕