មកស្គាល់មុខមាត់ អ្នកបច្ចេកវិទ្យាខ្មែរ ជាប់ឈ្មោះជា "ស្ថាបនិកប្រចាំឆ្នាំ"
- 2018-09-27 01:02:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់មុខមាត់ អ្នកបច្ចេកវិទ្យាខ្មែរ ជាប់ឈ្មោះជា "ស្ថាបនិកប្រចាំឆ្នាំ"
ចន្លោះមិនឃើញ
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកបច្ចេកវិទ្យាខ្មែរជាច្រើនរូបបានជាប់ឈ្មោះជាបន្តបន្ទាប់លើឆាកអន្តរជាតិ ដោយការបង្កើតបាននូវផលិតផលថ្មី សម្រាប់ជាផ្នែកមួយជួយដល់ការរស់នៅក្នុងសង្គមជាតិលើផ្នែកបច្ចេកវិទ្យា។
ថ្ងៃនេះ Sabay នឹងបង្ហាញអ្នកបច្ចេកវិទ្យា ២ រូបដែលប្រជែងបានពាន "ស្ថាបនិកប្រចាំឆ្នាំ"(Founder of the year) ពីកម្មវិធីថ្នាក់តំបន់អាស៊ាន ជាពានសម្រាប់ផ្នែក Start up Business ដោយប្រើបច្ចេកវិទ្យា Asean Rice Bowl Startup Awards។
#លោក សុខ សុខមង្គល ស្ថាបនិក Codingate
នៅឆ្នាំ ២០១៧ លោកសុខ សុភមង្គល ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Codingate ជាក្រុមហ៊ុនផ្តល់សេវាបង្កើតវិបសាយ និងបង្កើតប្រព័ន្ធគ្រប់គ្រងលើអាជីវកម្ម ត្រូវបានគណៈកម្មការជ្រើសរើសជាបេក្ខជនជយលាភីលើផ្នែកស្ថាបនិកប្រចាំឆ្នាំ ២០១៧ (Founder of the year) ។
លោកថា ការទទួលពានរង្វាន់នេះគឺជាមោទនភាពថ្មីមួយទៀត បន្ថែមជោគជ័យដែលលោកបានសម្រេចបានកន្លងមក។
ក្រៅពីពានរង្វាន់ផ្ទាល់ខ្លួនថ្នាក់តំបន់ ស្ថាបនិកវ័យក្មេងរូបនេះ ក៏ធ្លាប់បានឈ្នះពានជាច្រើនទៀត រួម ទាំងពានកម្មវិធី Cambodia Rice Bowl Startup Awards ដែលកាលនោះឈ្នះពានផ្ទាល់ខ្លួនមួយទៀតគឺពាន Founder of the Year ប្រចាំប្រទេសកម្ពុជា។
ចំណែកកម្មវិធីសុខក្រម ដែលជាផលិតផលរបស់លោក បានឈ្នះពានពីរគឺ Best Startup of the Year និង Best Life Sciences / Medtech Startup។
#លោក ធុល រិទ្ធី ស្ថាបនិកកុំព្យូទ័រគម្ពីរ
លោក ធុល រិទ្ធី ដែលអ្នករាល់គ្នាស្គាល់ថាជា ស្ថាបនិកកុំព្យូទ័រគម្ពីរ បានប្រជែងឈ្នះអ្នកបច្ចេកវិទ្យាជាច្រើនរូបក្នុងកម្មវិធី Asean Rice Bowl Startup Awards រហូតជាប់ជា ជយលាភី ស្ថាបនិកប្រចាំឆ្នាំ ២០១៨។
លោក ធុល រិទ្ធី ជាអ្នកបង្កើតកន្លែងបណ្ដុះបណ្ដាលចំណេះដឹងបច្ចេកវិទ្យាមួយរូបមានឈ្មោះថា SmallWorld ដែលបង្កើតឡើងតាំងពីឆ្នាំ ២០១១។
ពេលនេះ SmallWorld កំពុងធ្វើការបោះជំហានធំមួយ តាមរយៈការបង្កើតកុំព្យូទ័រផ្ទាល់ខ្លួន ដើម្បីជាការលើកទឹកចិត្តដល់អ្នករៀនសរសេរកូដជំនាន់ក្រោយ។
កុំព្យូទ័រដែលការងារលោកផលិតឡើង បានប្រើម៉ាកសញ្ញាឈ្មោះ Koompi “គម្ពីរ" ដោយគោលដៅគឺលក់ឲ្យសិស្ស-និស្សិតដែលមិនធ្លាប់ប៉ះកុំព្យូទ័រពីមុនមក ហើយពេលថ្មីៗនេះបានឈ្នះពានមួយគឺ ពាន Best Newcomer ប្រចាំឆ្នាំ២០១៨៕