យានអវកាស​រុស្ស៊ី​ឡើង​ដល់​កណ្ដាល​អាកាស​ ស្រាប់​តែ​​ធ្លាក់​មក​ដី​វិញ

  • 2018-10-12 04:27:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមមន្រ្តីរុស្ស៊ីកំពុងស៊ើបអង្កេតរកមូលហេតុនៃបញ្ហាម៉ាស៊ីយានអវកាសដែលបានបង្ខំអោយមានការចុះចតគ្រាអាសន្នក្រោយពីចេញដំណើរបានបន្តិចកាលពីថ្ងៃព្រហស្បតិ៍ទី ១១ តុលា។

សមាជិកអវកាសយានិក ២ នាក់ ម្នាក់ជាជនជាតិរុស្ស៊ីនិងម្នាក់ជាអាមេរិក មានសុខភាពល្អមិនមានគ្រោះថ្នាក់អ្វីទេបន្ទាប់ពីការចុះមកកាន់ផែនដីវិញ។ ពួកគេបានកំពុងធ្វើដំណើរទៅកាន់ស្ថាននីយអវកាសអន្តរជាតិសម្រាប់បេសកកម្ម ៦ ខែ ខណៈយានរបស់គេមានបញ្ហា។ បន្ទប់យានដែលពួកគេជិះបានផ្តាច់ចេញពីរ៉ុក្កែតនិងធ្លាក់នៅចម្ងាយ ៤០០ គីឡូម៉ែត្រពីទីតាំងបាញ់បង្ហោះ។

ការបាញ់បង្ហោះទំនងជារលូន តែនៅ៩០វិនាទីក្រោយការចេញដំណើរ ទីភ្នាក់ងារអវកាសអាមេរិកណាសាបានរាយការណ៍អំពីបញ្ហាមួយនៅម៉ាស៊ីនរ៉ុក្កែតនៅចន្លោះកំណាត់ទី ១​និងទី ២។ រូបវីដេអូ បង្ហាញអវកាសយានិកញ័រខ្លួនជាខ្លាំងដែលបង្កដោយបញ្ហាម៉ាស៊ីន។

នៅប្រមាណ ១១៤ វិនាទីនៃការហោះចេញ ប្រព័ន្ធគេចខ្លួនគ្រាអាសន្នបានរោទិ៍ឡើង ដោយផ្តាច់បន្ទប់អវកាសយានិកចេញពីរ៉ុក្កែតហើយបន្ទប់យានបានធ្លាក់ចុះមកផែនដីវិញ។ បន្ទប់ដាក់អវកាសយានិកដែលក្រោយមកបានគ្រលាស់ឆត្រយោង បានប្រើពេល៣៤នាទីទើបធ្លាក់ដល់ដីនៅកាហ្សាក់ស្ថាន នៅចម្ងាយរាប់រយគីឡូម៉ែត្រពីកន្លែងដែលវាហោះចេញ។

បេសកកម្មសង្រ្គោះមួយត្រូវបានបង្កើតនិងបញ្ជូនចេញភ្លាម ដោយប្រើរថយន្តនិងទាហានត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់កន្លែងដែលបន្ទប់យានធ្លាក់នៅជិតទីក្រុងហ្សេកាហ្កាន៕

ប្រភព ៖ rasmeinews.com

អត្ថបទថ្មី