YouTube ប្ដូរវិធីរាប់ View ក្រោយផ្ទុះរឿងចាយលុយទិញ View

  • 2019-09-16 03:53:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ YouTube បាន​ណែនាំ​អំពី​ការ​ផ្លាស់​ប្ដូរ​ធំ​មួយ​លើ​ប្រព័ន្ធ​ចំណាត់​ថ្នាក់​ចម្រៀង​របស់​ខ្លួន ក្រោយ​ប្រទះ​ឃើញ​ថា​តារា​ចម្រៀង និង​​ផលិតកម្ម​ចម្រៀង​បាន​ប្រើ​ប្រាស់​វិធី Hack ដើម្បី​បង្កើន​ចំនួន​ ទស្សនា​ លើ​វីដេអូ​របស់​ពួក​គេ។

ចាប់​ពី​ពេល​នេះ​ទៅ YouTube នឹង​លែង​រាប់​បញ្ចូល ចំនួន​ទស្សនា បាន​មក​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ទៀត​ហើយ​ ចំពោះ​ផ្នែក​​ចំណាត់​ថ្នាក់​ចម្រៀង។ ផ្ទុយ​មក​វិញ ការ​ដាក់​ចំណាត់​ថ្នាក់​វីដេអូ​ចម្រៀង​​មាន​អ្នក​ទស្សនា​ច្រើន​គេ នឹង​ផ្អែក​លើ​តួ​លេខ​ចុច​ទស្សនា​ពិតៗ (ការ​ចុច​ចូល​មើល​វីដេអូ​ដោយ​ខ្លួន​ឯង​ពី​សំណាក់​អ្នក​ប្រើ)។

ការ​ផ្សព្វផ្សាយ​វីដេអូ​ចម្រៀង​តាម​រយៈ​ផ្ទាំង​ពាណិជ្ជកម្ម គឺ​ជា​វីធី​សាស្ត្រ​ពេញ​និយម​មួយ​ក្នុង​សហគ្រាស​ចម្រៀង ដោយ​សារ​វា​អាច​ជួយ​បង្កើន​ចំនួន​ទស្សនា​នៃ​វីដេអូ​ចម្រៀង ដើម្បី​ឈាន​ដល់​ការ​បំបែក​កំណត់​ត្រា​នានា ជា​ពិសេស​កំណត់​ត្រា​វីដេអូ​ចម្រៀង​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​ក្នុង​ពេល​ចេញ​ផ្សាយ ២៤ ម៉ោង​ដំបូង។

ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ប្រព័ន្ធ​ចំណាត់​ថ្នាក់​ចម្រៀង​របស់ YouTube បាន​​ផ្ទុះ​នូវ​ការ​ទាស់ទែង​គ្នា​ជា​ច្រើន។ នៅ​ខែ​កក្កដា តារា​ចម្រៀង​ឥណ្ឌា Badshah បំបែក​កំណត់​ត្រា​សម្រាប់​ MV មាន​ចំនួន​ទស្សនា​ច្រើន​ជាង​គេ​ក្នុង ២៤ ម៉ោង អាច​យក​ឈ្មោះ​ក្រុម BTS។ ប៉ុន្តែ​គេ​សង្ស័យ​ថា​តារា​​ឥណ្ឌា បាន​បង្កើន​ចំនួន​ទស្សនា​របស់​ខ្លួន ដោយ​ចំណាយ​លុយ​ជួល​​ផ្ទាំង​ពាណិជ្ជកម្ម។ វា​ជា​វិធី​មួយ​​ក្នុង​ការ​បង្កើន​ចំនួន​ទស្សនា​បាន​ច្រើន​សន្ធឹក។ ប៉ុន្តែ YouTube សម្រេច​ថា​​មិន​ទទួល​​ស្គាល់​តួ​លេខ​នេះ​ឡើយ។​

​​YouTube បាន​និយាយ​​ថា​​វីដេអូ​​ចម្រៀង​បាន​ចំណាយ​លុយ​​ដើម្បី​បង្កើន​ចំនួន​ទស្សនា នឹង​ត្រូវ​លែង​រាប់​បញ្ចូល ក្នុង​បញ្ជី​វីដេអូ​ចម្រៀង​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​ក្នុង​ពេល ២៤ ម៉ោង​ដំបូង៕​​

ចុចអាន ៖ Samsung ចេញ​វីដេអូ​អូសទាញ​ឲ្យ​មក​ប្រើ Note 10 ព្រោះ​លើ iPhone គ្មាន​មុខងារ​ពិសេស​នេះ

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង