អ្នកបង់​លុយជាសាច់ប្រាក់សុទ្ធលើ​ផ្លូវល្បឿនលឿន នឹង​ត្រូវគិតតម្លៃដើមវិញ ចាប់ពីដើមខែក្រោយ! ចុះអ្នកប្រើ ETC និង ANPR?

  • 2024-04-25 07:34:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​បាន​បើកឱ្យប្រើប្រាស់​ដោយឥតគិតថ្លៃ និងការបញ្ចុះតម្លៃជាបន្តបន្ទាប់លើ​ការប្រើប្រាស់​ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ នាពេលកន្លងមក ពេលនេះ​ក្រុមហ៊ុន​បាន​សម្រេច​គិតតម្លៃដើមវិញ ចាប់ពីដើមខែឧសភា ឆ្នាំ​២០២៤តទៅ សម្រាប់​អ្នកទូទាត់ជាសាច់ប្រាក់សុទ្ធ ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់គន្លង ETC និង ANPR រក្សាការបញ្ចុះតម្លៃដដែល។

យោងតាម​ផេក «ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ» បាន​ឱ្យដឹងថា យោងតាមកិច្ចព្រមព្រៀងសម្បទានរវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនផ្លូវល្បឿនលឿន បានចែងថា “ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងមិនគិតថ្លៃសេវាធ្វើដំណើរចំនួនមួយខែចំពោះរថយន្តគ្រប់ប្រភេទក្នុងរយៈពេលបើកសាកល្បងខែដំបូង ដោយគិតចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ ហើយក្រុមហ៊ុនផ្លូវល្បឿនលឿននឹងបន្តបញ្ចុះតម្លៃសេវាធ្វើដំណើរចំនួន ២០% ចំពោះរថយន្តគ្រប់ប្រភេទក្នុងរយៈពេល១ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។”

ជាក់ស្តែង ក្រុមហ៊ុនត្រូវគិតថ្លៃសេវាធ្វើដំណើរពេញលេញឡើងវិញ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣មកម្ល៉េះ ប៉ុន្តែដើម្បីថ្លែងអំណរគុណទៅដល់សង្គមជាតិ និងអតិថិជនដែលតែងតែគាំទ្រ និងប្រើប្រាស់ផ្លូវល្បឿនលឿន ជួយដល់កំណើនសេដ្ឋកិច្ច ព្រមទាំងជួយជម្រុញដល់វិស័យដឹកជញ្ជូននៅកម្ពុជាឱ្យកាន់តែប្រសើរឡើង រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន បានសម្រេចបន្តការបញ្ចុះតម្លៃ២០% ក្នុងលក្ខណ្ឌផ្សេងៗគ្នាជូនអតិថិជនផ្លូវល្បឿនលឿន ពោលគឺការវិលត្រឡប់តម្លៃសេវាធ្វើដំណើរមកតម្លៃដើមវិញបានបែងចែកចេញជាដំណាក់កាល និងតាមគោលការណ៍ដូចខាងក្រោម៖

១- បន្តរក្សាការបញ្ចុះតម្លៃ២០%សម្រាប់អតិថិជនដែលប្រើប្រាស់គន្លង ETC និង ANPRដែលគិតចាប់ពីថ្ងៃប្រកាសសេចក្តីជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ២៤:00នាទី។ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង00:00នាទី ថ្លៃសេវាធ្វើដំណើរនឹងត្រឡប់មកតម្លៃដើមវិញ។

២- ចំពោះការទូទាត់ជាសាច់ប្រាក់សុទ្ធ(MTC)នឹងត្រឡប់តម្លៃសេវាធ្វើដំណើរមកតម្លៃដើមវិញចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង00:00នាទី។

៣- ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះតទៅ សាធារណជនគ្រប់រូបនឹងអាចបំពាក់ឧបករណ៍ETCដោយឥតគិតថ្លៃបាន ដោយគ្រាន់តែបញ្ចូលទឹកប្រាក់ក្នុងគណនីចំនួន២០$ (ម្ភៃដុល្លារអាមេរិច)។ សាធារណជនគ្រប់រូបអាចធ្វើការស្នើរសុំឧបករណ៍ETCបាន នៅតាមអគាររដ្ឋបាលនៅគ្រប់ច្រកចូលផ្លូវល្បឿនលឿន និងមជ្ឈមណ្ឌលផ្តល់សេវាកម្មETCដែលមានទីតាំងនៅខាងស្តាំដៃបញ្ជរបង់ប្រាក់ភ្នំពេញ និងក្រុងព្រះសីហនុ។ ក្រុមហ៊ុនសូមលើកទឹកចិត្តឱ្យសាធារណជនទាំងអស់គ្នាបំពាក់ឧបករណ៍ETCឱ្យបានកាន់តែច្រើន ដើម្បីទទួលបានការបញ្ចុះតម្លៃ បង្កើនប្រសិទ្ធិភាពចរាចរណ៍ និងកាត់បន្ថយការកកស្ទះ។

៤- ការអនុគ្រោះផ្សេងៗសម្រាប់ភ្ញៀវVIP មិនទទួលផលប៉ះពាល់ពីគោលការណ៍ខាងលើឡើយ ដោយក្រុមហ៊ុននឹងបន្តរក្សាការអនុគ្រោះតាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះហត្ថលេខា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី