ជួយ​អរ! សួស សង​វាចា ទទួល​បាន​រទេះរុញ ឯ​អ្នក​ចម្រៀង​ម្នាក់ បាន​លុយ​ទៅ​ដាក់​លលាដ៍​ក្បាល​វិញ

  • 2020-02-22 01:23:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម​រយៈ​កម្លាំង​មនុស្ស​ធម៌ អតីត​តារា​ចម្រៀង​អាជីព​លោក សួស សងវាចា ទទួល​បាន​រទេះ​រុញ និង​ថវិកា​ពី​សប្បុជន​ក្នុង​ស្រុកមួយ​ចំនួន។ ដោយ​ឡែក​អ្នក​ចម្រៀង​អាហ្វែ​លោក កែវ ធីម ទទួល​បាន​ថវិកា​ទៅ​វះកាត់​ដាក់​លលាដ៍​ក្បាល​វិញ ក្រោយ​គ្រោះ​ថ្នាក់​កាល​ពី​២​ឆ្នាំ​មុន។

តំណាង​សមាគមមិត្ដ​សិល្បៈ​ស្ម័គ្រ​ចិត្ដ​ជួយ​សង្គម​លោក ហេង ឡុង ដែល​ដឹកនាំ​កម្មវិធី​សប្បុរសធម៌ បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​មួយ​នៅ​រសៀលម្សិលមិញ​ថា ដោយ​មើល​ឃើញ​ការ​លំបាក​របស់​សិល្បករ​ទាំង​ពីរ សមាគម​បាន​អំពាវនាវ​ដល់​សប្បុរសជន​ឲ្យ​ជួយ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​អំពាវនាវ​ក៏​មាន​ក្រុម​អ្នកឧកញ៉ា និង​ឯកឧត្ដម​ដែល​មាន​គ្នា​ជិត​២០០​នាក់ បាន​ដោះស្រាយ​បញ្ហា​នេះ​ក្នុង​រយៈ​ដ៏​ខ្លី។

លោក ហេង ឡុង ៖ ”ខ្ញុំ​សូម​កោត​សរសើរ​ចំពោះ​សណ្ដាន​ចិត្ដ​ក៏​ល្អ​របស់​អស់​លោក​ដែល​មាន​លោក​ឧកញ៉ា លឹម ប៊ុណ្ណា និងឧកញ៉ា ប៉ាប៉ា សុវិជ័យ ជា​តំណាង​នៅ​ពេល​នេះ។ ការ​ជួយ​នៅ​ពេល​ដូច​បាន​សង្គ្រោះ​ជីវិត និង​សម្រួល​ដល់​ជីវភាព​មួយ​ផ្នែក”។

សូម​បញ្ជាក់​ថា នៅ​ក្នុង​សកម្មភាព​មនុស្សធម៌​នេះ លោក សួស សងវាចា ដែល​មាន​ជំងឺ​ឡើង​ឈាម​ស្លាប់​មួយ​ចំហៀង​ខ្លួន ទទួល​បាន​រទេះ​រុញ​ប្រើ​ម៉ាស៊ីន​មួយ​គ្រឿង​ដែល​មាន​តម្លៃ ៣៨០០​ដុល្លារ និង​ប្រាក់​ឧបត្ថម្ភ​ចំនួន​១០០០​ដុល្លារទៀត ដើម្បី​សម្រួល​បញ្ហា​ជីវភាព និង​ពិនិត្យ​ជំងឺ។

រី​ឯ​លោក កែវ ធីម ដែល​ផុង​លលាដ៍​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​២​ឆ្នាំ​មុន​នោះ ទទួល​បាន​ប្រាក់​ចំនួន​៦០០០ដុល្លារ ដើម្បី​ទៅ​ដាក់​លលាដ៍​នៅ​វៀតណាម​វិញ និង​ប្រាក់​សម្រាប់​បង់​ថ្លៃ​បន្ទប់​ជួល​រស់​នៅ​សព្វ​ថ្ងៃ​តម្លៃ​៦៥​ដុល្លារ ចំនួន​៦​ខែ​ទៀត៕

រូបថត៖ ជិន សុភ័ក្ត្រ

ជិន សុភ័ក្ត្រ