នៅ សុនិតា ប្រើ​វិធី​ទាំង​អស់​ការពារ​ខ្លួន​ពី Covid-19 ដែល​សឹង​មិន​ជឿ​ថា​នាង​អាច​ធ្វើ​បាន!

  • 2020-03-26 08:21:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​សម្ដែង​ស្រី នៅ សុនិតា កាន់​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ឆ្លង​រីក​រាលដាល នៃ​ជំងឺ​ផ្លូវ​ដង្ហើម​កូវីដ-១៩ ដល់​ខ្លួន និង​ក្រុម​គ្រួសារ។ អ្នកនាង ចាប់​ផ្ដើម​អនុវត្ត​វិធានការ​អនាម័យ​មួយ​ចំនួន​ដែល​ប្រិយមិត្ត​ខ្លះ​នឹក​ស្មាន​មិន​ដល់ ហើយ​ពេលខ្លះគេថានាង​ធ្វើដូចឆ្កួតពេលចេញ​ក្រៅម្ដងៗ។

យើង​ក្រឡេក​ទៅ​មើល​ការ​អនុវត្ត​វិធានការ​អនាម័យ​របស់​នាង និង​ក្រុម​គ្រួសារ​បន្តិច។ សុនិតា តែ​តែ​ហៅ​សមាជិក​ក្នុង​ផ្ទះ​ទាំង​៦​នាក់ មក​ពន្យល់​ពី​ការ​លាង​ដៃ និង​ប្រាប់​ពី​ការ​វិវត្ត​ថ្មី​ៗ​នៃ​ការ​ឆ្លង​មេរោគ​កូវីដ-១៩ ជា​រៀងរាល់​១សប្ដាហ៍​ម្ដង។ នៅ​មុខ​ផ្ទះ​នាង​​ដាក់​ម៉ាស អាល់កុល​លាង​ដៃ សម្រាប់​អ្នក​មក​លេង ឬ​ទិញ​អីវ៉ាន់​ពី​នាង។ ប៉ុណ្ណេះ​ហើយ​មិន​គ្រប់​ទេ នាង​ធ្វើ​រឿង​ចម្លែក​ពីរ​ទៀត​ពេល​ចេញ​ក្រៅ​ផ្ទះ។

បច្ចុប្បន្ន នៅ សុនិតា បាន​ក្លាយ​ជា​អាជីវករ និង​ជា​ស្ដ្រី​មេផ្ទះ​ពេញ​បន្ទុក​ដែល​ពេល​ខ្លះ​នាង​ត្រូវ​បង្ខំចិត្ត​ចេញ​ក្រៅ​ផ្ទះ​ដើម្បី​ទិញ​អីវ៉ាន់។ ស្រោម​ដៃ ម៉ាស និង​អាល់កុល​លាង​ដៃ គឺ​ជា​របស់​ជាប់​ខ្លួន​ចាំបាច់​បំផុត​សម្រាប់​នាង។ សុនិតា ថា​នាង​កម្រ​ប៉ះ​បង្កាន់​ដៃ​ជណ្ដើរ ប៊ូតុង​ជណ្ដើរ​យន្ដ ឬ​ទូរ ATM ដោយ​ផ្ទាល់​ណាស់ ហើយ​បើ​ប៉ះ​ត្រូវ​សម្អាត​ដៃ​ភ្លាម​ដោយ​ទឹក​អាល់កុល ព្រោះ​នៅ​ក្រៅ​ផ្ទះ​មាន​ហានិភ័យ​ច្រើន។

នៅ សុនិតា៖"សូម្បី​ដៃ​ទ្វា​ឡាន​ខ្ញុំ​មុន​បើក​ខ្ញុំ​បាញ់​អាល់កុល ខ្លួន​ប្រាណ​ខ្ញុំ​ក៏​ដូច​គ្នា ហើយ​មុន​ចូល​ផ្ទះ ​ខ្ញុំ​ដោះ​ម៉ាស ស្រោម​ដៃ​ចោល...រួច​ខ្ញុំ​បាញ់​អាល់កុល​សម្អាត​ម្ដង​ទៀត។ ខ្ញុំ​មិនមែន​ជា​អ្នក​មាន ឬ​ឆ្កួត​អី​ទេ តែ​វា​ជា​ពេល​វេលា​ត្រូវ​ការ​ពារ​ខ្លួន និង​ក្រុម​គ្រួសារ"។

តារា​សម្ដែង​នៅ សុនិតា ដែល​ពេល​នេះ​មាន​កូន​មួយ​ទៅ​ហើយ​នោះ នៅ​តែ​មាន​ចិត្ដ​ស្រឡាញ់​អាជីព​សិល្បៈ និង​មាន​ទឹកចិត្ដ​ចង់​ចែក​រំលែក​ចំណេះដឹង​ដែល​ខ្លួន​មាន​ទៅ​កាន់​ជន​រួម​ជាតិ ជា​ពិសេស​ក្នុង​គ្រា​ដែល​កម្ពុជា​កំពុង​ជួប​គ្រោះ​ភ័យ​នេះ។

សុនិតា សង្កេត​ឃើញ​ថា ពលរដ្ឋខ្លះមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ ដោយ​ពួកគេ​មិន​បាន​អនុវត្ដ​ទាល់​តែ​សោះ​នូវ​វិធានការ​អនាម័យ ហើយ​អ្នក​ខ្លះ​អនុវត្ដ​ដែរ​តែ​មិន​បាន​ត្រឹមត្រូវ ដែល​ទាមទារ​ឲ្យ​បុគ្គល​ម្នាក់​ៗ​ចេះ​តាម​ដាន​សកម្មភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ឡើង​វិញ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ