អត្ថន័យ​ពរ​បី​ប្រការ​ ដែល​មនុស្ស​ភាគ​ច្រើន​មិន​ធ្លាប់​បាន​ដឹង

  • 2017-12-21 02:18:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រឿង​ព្រេង​ដំណាល​ថា​ មាន​ព្រះ​រាជា​មួយ​អង្គ​ព្រះនាម​សុរិយា​ទេវេស​ គង់​នៅ​ព្រះ​រាជ​និវេសន៍​មួយ​ក្នុង​ព្រៃ​សែន​ភូវាំង​ ក្បែរ​ជើង​ភ្នំ​ជីសូរ្យ​សព្វ​ថ្ងៃ។​ ក្រោយ​ពេល​សាង​សង់​ព្រះរាជនិវេសន៍​រួច​ ព្រះ​អង្គ​ក៏​ធ្វើ​ពិធី​ចម្រើន​ព្រះ​កេស​ព្រះ​រាជឱរស (បង្កក់​បុត្រា) យ៉ាង​ឱឡារិក​ ដោយ​មាន​ព្រាហ្មណ៍​ព្រឹទ្ធាចារ្យ​ កវី​ បណ្ឌិត​ ចូល​ថ្វាយ​ព្រះពរ​សព្ទសាធុការ​ ប៉ុន្តែ​មាន​ព្រាហ្មណ៍​ម្នាក់​បាន​ចូល​ថ្វាយ​ព្រះពរ​ក្រោយ​គេ​ និង​មាន​ន័យ​ប្លែក​ពី​គេ​ថា​៖ "សូម​ឱ្យ​មាន​កម្លាំង​ដូច​ស្រមោច​ សូម​ឱ្យ​មាន​ឫទ្ធិ​ដូច​ខ្មោច​ សូម​ឱ្យ​មាន​ចិត្ត​មុត​ដូច​មនុស្ស​ស្រី"។  

គ្រា​នោះ​ព្រះរាជា​ក្រោធ​យ៉ាង​ខ្លាំង​ ប៉ុន្តែ​ព្រាហ្មណ៍​ក៏​សុំ​ធ្វើ​ពិសោធន៍​ជា​បន្ទាល់​ថ្វាយ​ជូន​ ហើយ​ព្រះរាជា​ក៏​បាន​រាជានុញ្ញាត។

 

ត្រង់​ន័យ​ទី​១​ដែល​ថា​ "សូម​ឱ្យ​មាន​កម្លាំង​ដូច​ស្រមោច​" ព្រាហ្មណ៍​បាន​ឱ្យ​គេ​ធ្វើ​រូប​ដែក​មួយ​ប៉ុន​ខ្លួន​មនុស្ស​ ហើយ​ហៅ​មនុស្ស​ម្នាក់​ឱ្យ​មក​លើក​ ប៉ុន្តែ​ពុំ​អាច​លើក​រួច​សោះ​ឡើយ។ ព្រាហ្មណ៍​ក៏​បាន​ឱ្យ​ម្ជុល​មួយ​ប៉ុន​ខ្លួន​ស្រមោច​ យក​មក​កាត់​ប្រវែង​ប៉ុន​ស្រមោច​ រួច​ប្រឡាក់​ទឹក​ឃ្មុំ​ ដើម្បី​ដាក់​ឱ្យ​ស្រមោច​រោម​ ពេល​នោះ​ក៏​មាន​ស្រមោច​មួយ​ពាំ​កំណាត់​ម្ជុល​នោះ​ទៅ​បាត់។ ត្រង់​នេះ​ហើយ​ដែល​ព្រាហ្មណ៍​ទូល​ស្ដេច​ថា​ "សូម​ឱ្យ​មាន​កម្លាំង​ដូច​ស្រមោច"។  

ចំណែក​ន័យ​ទី​២​ ដែល​ថា​ "សូម​ឱ្យ​មាន​ឫទ្ធិ​ដូច​ខ្មោច​" ព្រាហ្មណ៍​បាន​ឲ្យ​គេ​យក​ខ្មោច​តៃហោង​៧​យ៉ាង ​គឺ​ស្លាប់​ដោយ​សម្រាល​កូន​១​ ស្លាប់​ដោយ​ពស់​ចឹក​១​ ស្លាប់​ដោយ​ក្របី​វ័ធ​១​ ស្លាប់​ដោយ​រន្ទះ​បាញ់​១​ ស្លាប់​ដោយ​គេ​កាប់​១​ ស្លាប់​ដោយ​លង់​ទឹក​១​ និង​ស្លាប់​ដោយ​ចង​ក​១​ ឱ្យ​យក​ទៅ​កប់​នៅ​ទី​ឆ្ងាយ​ពី​ភូមិ​ស្រុក​ រួច​យក​ផ្តិល​ប្រាក់​ល្អៗ​ទៅ​កប់​ចន្លោះ​ក្បាល​ខ្មោច​នីមួយៗ​ មិន​តែ​ប៉ុណ្ណោះ​ឱ្យ​យក​ពែ​រួត​ ពែ​ហ៊ុម​ ពែ​ជើង​ត្រុំ​ ពែ​ច្រមុះ​ជ្រូក​ជាដើម​ ទៅ​តម្រៀប​នៅ​លើ​ផ្នូរ​ នៃ​ក្បាល​ខ្មោច​ទាំង​នោះ​ ដោយ​មាន​ដាក់​បាយ​ស​ បាយ​ក្រហម​ ក្បាល​ជ្រូក​ មាន់​ឆ្កាង​នៅ​ត្រង់​នោះ​ផង​ លុះ​ដល់​យប់​ស្ងាត់​ព្រាហ្មណ៍​ក៏​ប្រើ​ពួក​អាមាត្យ​ណា​ម្នាក់​ដែល​ចង់​បាន​ឱ្យ​ទៅ​យក​ផ្តិល​ប្រាក់​ទាំង​នោះ​ ប៉ុន្តែ​ពុំ​មាន​នរណា​ម្នាក់​ហ៊ាន​ទៅ​យក​សោះ​ឡើយ។​ ត្រង់​នេះ​ហើយ​ដែល​ព្រាហ្មណ៍​ក្រាប​ទូល​ព្រះរាជា​ថា​ "សូម​ឱ្យ​មាន​ឫទ្ធិ​ដូច​ខ្មោច"។

រីឯ​ន័យ​ទី​៣​ដែល​ថា​ "សូម​ឱ្យ​មាន​ចិត្ត​មុត​ដូច​មនុស្ស​ស្រី"​ ព្រាហ្មណ៍​បាន​ធ្វើ​ការ​ពិសោធន៍​វែង​ឆ្ងាយ​ ដោយ​ដំបូង​បាន​ហៅ​បុរស​កម្សត់​ម្នាក់​មក​និយាយ​ថា​៖ "មើល៍!​ ឯង​សព្វ​ថ្ងៃ​កម្សត់​តោក​យ៉ាក​ណាស់​ បើ​ខ្ញុំ​បង្គាប់​ឱ្យ​អ្នក​ឯង​សម្លាប់​ប្រពន្ធ​អ្នក​ឯង​ចោល​ ក្នុង​រយៈពេល​បី​ថ្ងៃ​ទៀត​ ខ្ញុំ​នឹង​តាំង​ឱ្យ​អ្នក​ឯង​ធ្វើ​ជា​មន្ត្រី​ធំ​ តើ​អ្នក​ឯង​សុខ​ចិត្ត​ឬ​ទេ?”។​ បុរស​នោះ​សញ្ជឹង​គិត​ហើយ​បាន​តប​វិញ​ថា​ ខ្លួន​មិន​ហ៊ាន​សម្លាប់​ប្រពន្ធ​ខ្លួន​នោះ​ទេ​ ត្បិត​អី​នាង​បាន​រួម​សុខ​រួម​ទុក្ខ​ជាមួយ​គ្នា​ជា​យូរ​មក​ហើយ​ មួយ​ទៀត​ភរិយា​របស់​ខ្លួន​ជា​នារី​ទន់​ខ្សោយ។​ លឺ​ដូច្នេះ​ ព្រាហ្មណ៍​បាន​ឲ្យ​បុរស​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ថ្ងៃ​បន្ទាប់​ព្រាហ្មណ៍​បាន​ឱ្យ​អាមាត្យ​លប​ទៅ​ហៅ​នាង​ជា​ប្រពន្ធ​មក​សួរ។​ ពេល​មក​ដល់​ ព្រាហ្មណ៍​បាន​សួរ​ថា៖ "នែ​នាង​ ប្ដី​នាង​ជា​មនុស្ស​ក្រ​ណាស់​ អនាគត​នាង​ក៏​ពុំ​មាន​សង្ឃឹម​អ្វី​ដែរ​ ដូច្នេះ​ខ្ញុំ​ស្នើ​ស្ងាត់ៗ​ជាមួយ​នាង​ថា​ បើ​នាង​ហ៊ាន​សម្លាប់​ប្ដី​នាង​ ក្នុង​រយៈ​ពេល​បី​ថ្ងៃ​ទៀត​ ខ្ញុំ​នឹង​លើក​នាង​ជា​ប្រពន្ធ​ពេញ​យស​ ហើយ​ខ្ញុំ​នឹង​ប្រគល់​ដាក់​ដៃ​នាង​ នូវ​ទ្រព្យ​សម្បត្តិ​មាន​តម្លៃ​ទាំង​អស់"។ នាង​នោះ​នៅ​ស្ងៀម​មួយ​សន្ទុះ​ពុំ​ចេញ​ស្ដី​ ព្រាហ្មណ៍​ក៏​អនុញ្ញាត​ឱ្យ​នាង​យក​ទៅ​គិត​មួយ​ថ្ងៃ​សិន​ចុះ​ ចាំ​ដល់​ស្អែក​សឹម​មក​ប្រាប់​វិញ។

លុះ​ដល់​ស្អែក​ឡើង​ នាង​ឆ្លើយ​ជម្រាប​ព្រាហ្មណ៍​នៅ​ចំពោះ​មុខ​ព្រះ​មហា​ក្សត្រ​ថា​ ខ្លួន​ព្រម​ធ្វើ​តាម​អ្វី​ដែល​ព្រាហ្មណ៍​បាន​ប្រាប់​ ព្រោះ​ខ្លួន​គ្មាន​សង្ឃឹម​លើ​ប្ដី​ទេ​ បើ​រក​ស៊ី​នេសាទ​ត្រី​យ៉ាង​នេះ។ គ្រាន់​តែ​លឺ​នាង​ឆ្លើយ​ដូច​នេះ​ភ្លាម​ ព្រាហ្មណ៍​ក្រាប​ទូល​ព្រះរាជា​មួយ​រំពេច​ថា​ នេះ​ហើយ​ជា​បន្ទាល់​ដែល​ថា​ មាន​ចិត្ត​មុត​ដូច​មនុស្ស​ស្រី។  

ព្រះ​មហាក្សត្រ​ កាល​បើ​ទ្រង់​បាន​យល់​សព្វ​គ្រប់​បន្ទាល់​ហើយ​ ព្រះ​អង្គ​ក៏​បាន​តែង​តាំង​ព្រាហ្មណ៍​នោះ​ជា​អ្នក​ប្រាជ្ញ​ធំ​ ហើយ​ប្រទាន​ពរ​តាម​សេចក្ដី​ប្រាថ្នា​៕

អត្ថបទ៖ សូទ្រី

ប្រភព៖ សៀវភៅប្រជុំរឿងព្រេងបុរាណខ្មែរ

អត្ថបទពេញនិយម