អតីតកំពូលតារាស្រី៣រូប ចង់ហក់ចូលសិល្បៈវិញ តែហាក់គ្មានទីផ្សារ
- 2017-12-21 03:55:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតកំពូលតារាស្រី៣រូប ចង់ហក់ចូលសិល្បៈវិញ តែហាក់គ្មានទីផ្សារ
ចន្លោះមិនឃើញ
សឿ សុធារ៉ា កែវ ពេជ្រពិសី និង ឌុច សោភា សុទ្ធតែជាកំពូលស្រីស្អាត ដែលល្បីល្បាញខ្លាំងក្នុងវិស័យសម្ដែងកាលពីប្រមាណជិត១០មុន។ បន្ទាប់ពីបាត់មុខមួយរយៈធំ ប្រជាប្រិយភាពរបស់អ្នកទាំង៣ ហាក់ស្រុតចុះខ្លាំង និងមិនសូវទទួលបានការងារសិល្បៈនោះទេ ទោះប្រកាសចូលប្រលូកវិញពេញទំហឹងក្ដី។ តារាសម្ដែងស្រី៣រូបនោះមានដូចជា៖
១ សឿ សុធារ៉ា៖
កំពូលតារាសម្ដែងសាច់សដូចបណ្ដូលចេក សឿ សុធារ៉ា បានផ្ដាច់ពីសិល្បៈ ក្រោយរៀបអាពាហ៍ពិពាហ៍៣យប់ ៣ថ្ងៃយ៉ាងគគ្រឹកគគ្រេងជាមួយអតីតតារាចម្រៀង សាពូន មីដាដា។ ដោយជាប់ភារកិច្ចមើលខុសត្រូវជំនួញ និងមើលថែបុត្រផងនោះ តារាស្រីខាងលើបានពន្យារពេលវិលចូលសិល្បៈវិញរហូតជាង៥ឆ្នាំ។
នៅអំឡុងឆ្នាំ២០១៦ សឿ សុធារ៉ា បានប្រកាសត្រលប់ចូលសិល្បៈជារឿយៗ តែហាក់មិនសូវទទួលបានការចាប់អារម្មណ៍ពីផលិតករណាឡើយ។ ទន្ទឹមគ្នានេះ ជានិច្ចកាលគេសង្កេតឃើញថានាងតែងបង្ហាញមុខក្នុងកម្មវិធីសប្បុរសធម៌ និងពិធីជប់លៀងផ្សេងៗរបស់ជាសិល្បករចាស់ថ្មីជាច្រើនទៀត។ រហូតពាក់កណ្ដាលឆ្នាំ២០១៧ ក៏លេចដំណឹងថា តួឯកក្នុងរឿង "មាយាស្ត្រី" បានពពោះកូនទី៣ ទើបវត្តមាននាងក្នុងសកម្មភាពសិល្បៈហាក់រង្វើលជាថ្មី។
២ ឌុច សុភា៖
ក្រោយបែបបាក់ស្វាមីដែលជាអាណិកជន ស្រីស្អាតដែលល្បីល្បាញខ្លាំងកាលពីជិត១០ឆ្នាំមុននេះ បានប្រកាសចូលសិល្បៈតាមបណ្ដាញទំនាក់ទំនងរបស់នាងកាលពីចុងឆ្នាំ២០១៦ដោយសរសេរថា៖ "បើខ្ញុំចូលសិល្បៈវិញ តើអ្នកទាំងអស់គាំទ្រទេ?”
កាលណោះ ឌុច សុភា ក៏បានបញ្ជាក់ប្រាប់ Sabay ដែរថា អ្នកនាងពិតជាចូលវិញមែន ហើយបើមានគេហៅថត គឺទទួលទាំងអស់ តែកន្លងផុតទៅជិត១ឆ្នាំហើយ វត្តមានរបស់នាងនៅលើកញ្ចក់ទូរទស្សន៍ និងផ្ទាំងសំពត់សនានា ហាក់នៅមានតិចតួចនៅឡើយ។
៣ កែវ ពេជ្រពិសី៖
ក្រោយរបូតស្នេហ៍ជាមួយស្វាមី តារាទឹកភ្នែកដ៏លេចធ្លោរូបនេះបានស្រវាចាប់ការងារសិល្បៈវិញតាំងពីឆ្នាំ២០១៣មកម្ល៉េះ។ គ្រានោះ ប្រជាប្រិយភាពនាងហាក់លោតឡើងគួរសមក្រោយសម្ដែងភាពយន្តភាគ "ពន្លកស្នេហ៍យុវវ័យ" ឲ្យទូរទស្សន៍បាយ័ន។ ក្រោយមកទៀត នៅឆ្នាំ២០១៥ទីផ្សារភាពយន្តរបស់នាងស្ងាត់ឈឹងជាថ្មី ដោយនាងទទួលបានតែការងារងថត MV បន្តិចបន្តួចប៉ុណ្ណោះ។
សម្រាប់២ឆ្នាំចុងក្រោយនេះ វត្តមាន កែវ ពេជ្រពិសី ក្នុងវិស័យសិល្បៈស្ងាត់សូន្យស្ទើរតែម្ដង។ ក្នុងនោះ នាងក៏ធ្លាប់លើកឡើងថា បើនៅតែស្ងាត់ដូចនេះ ខ្លួនអាចនឹងបោះបង់ការងារសិល្បៈ ហើយមកយកចិត្តទុកដាក់លើជំនួញវិញ៕