ពុទ្ធសាសនបណ្ឌិត្យ អតីតកាលដ៏អស្ចារ្យ
- 2017-12-21 04:50:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពុទ្ធសាសនបណ្ឌិត្យ អតីតកាលដ៏អស្ចារ្យ
ចន្លោះមិនឃើញ
វិទ្យាស្ថានមួយដែលមានរាងតូចច្រឡឹងសង់តាមរចនាបទខ្មែរ និងជាឃ្លាំងនៃចំណេះដឹងផ្នែកវប្បធម៌ សាសនានិងអក្សរសាស្រ្តខ្មែរជាដើម បើគិតមកដល់ពេលនេះមានអាយុកាលជិត៩០ឆ្នាំទៅហើយ។វិទ្យាស្ថាននេះមានទីតាំងនៅតាមបណ្តោយវិថីរដ្ឋសភា ជាប់របងរដ្ឋសភាជាតិ ដែលមានឈ្មោះថា «ពុទ្ធសាសនបណ្ឌិត្យ»។
ពុទ្ធសាសនបណ្ឌិតត្រូវបានបង្កើតឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៣០ ដោយមាន កញ្ញា ការប៉ឺឡែស ជនជាតិជ្វីប សញ្ជាតិបារាំង ជាអគ្គលេខានៅស្ថាប័នមួយនេះ។ ស្ថាប័ននេះបង្កើតឡើងក្នុងគោលបំណងអប់រំផ្សព្វផ្សាយព្រះពុទ្ធសាសានាថេរវាទ។ ក្រៅពីការអប់រំ និងផ្សព្វផ្សាយសាសនា វិទ្យាស្ថានមួយនេះក៏ជាកន្លែងចងក្រងទំនៀមទម្លាប់ ប្រពៃណីខ្មែរ និងអក្សរសាស្រ្តជាតិផងដែរ។
ថ្វីត្បិតតែវិទ្យាស្ថាននេះគ្រប់គ្រងដោយអាណាព្យាបាលបារាំង តែវិទ្យាស្ថាននេះបានរួមចំណែកលើកកំពស់ចំណេះដឹងដល់ប្រជាពលរដ្ឋនៅតាមស្រុកឆ្ងាយៗតាមរយៈនូវអ្វីដែលខ្លួនផលិតបាន រហូតធ្វើឲ្យស្ថាប័នសាសនានៅប្រទេសស្រីលង្ការ ឥណ្ឌា និងអ៊ីតាលី ជាដើមបានទាក់ទងដោះដូរព័ត៌មាន និងមានរហូតដល់ការស្នើសុំព្រះត្រៃបិតកបកប្រែ និងទស្សនាវដ្តីកម្ពុជាសុរិយាទៀតផង។
ពុទ្ធសាសនបណ្ឌិត្យត្រូវបានប្រគល់ឲ្យស្ថិតនៅក្រោមការត្រួតត្រារបស់រដ្ឋាភិបាលខ្មែរវិញនៅឆ្នាំ១៩៥០ និងបានដាក់ឲ្យនៅក្រោមក្រសួងធម្មការ និងសាសនានៅឆ្នាំ១៩៥៤។ វិទ្យាស្ថាននេះបានបន្តការងាររបស់ខ្លួនដោយបានខិតខំចងក្រង និងផ្សព្វផ្សាយនូវវប្បធម៌ ប្រពៃណី អក្សរសាស្រ្តខ្មែរ ក្នុងន័យលើកកំពស់កិត្យានុភាពវប្បធម៌ និងអរិយធម៌ជាតិ និងបានការទទួលស្គាល់ពីបណ្តាប្រទេសផ្សេងៗផងដែរ។
ក្នុងមួយឆ្នាំពុទ្ធសាសនបណ្ឌិត្យនៅក្នុងសម័យឯករាជ្យ អាចលក់នូវស្នាដៃដែលខ្លួនផលិតបានចន្លោះពី៤០០ ០០០ក្បាល ទៅ៥០០ ០០០ក្បាល។ ក្រៅពីនេះ ពុទ្ធសាសនបណ្ឌិត្យ ក៏ដើរតួរជាបណ្ណាល័យសម្រាប់ព្រះសង្ឈ និងគ្រហស្ថចូលអាន និងស្រាវជ្រាវផងដែរ។ នៅពេលនោះក្នុងបណ្ណាល័យពុទ្ធសាសនបណ្ឌិត្យមានផ្ទុកឯកសារចំនួន១ ៥០០ចំណងជើងមានជាភាសាខ្មែរ បារាំង អង់គ្លេស សៀម ឡាវ និងភូមា ជាដើម។ ឯកសារទាំងនោះនិយាយពីប្រវត្តិសាស្រ្ត បុរាណវិទ្យា អក្សរសាស្រ្ត និងប្រធានបទមួយចំនួនផ្សេងទៀត។
ទោះជាមានភាពរុងរឿងយ៉ាងនេះក្តី វិទ្យាស្ថានមួយនេះមិនអាចដំណើរការបានទៀតទេនៅពេលដែលប្រទេសធ្លាក់ក្នុងស្ថានភាពសង្គ្រាម។ នៅឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រមកាន់អំណាច វិទ្យាស្ថាននេះត្រូវបិទដំណើរការទាំងស្រុង។ ទោះយ៉ាងណាងនៅឆ្នាំ១៩៩២វិទ្យាស្ថានមួយនេះបានដំណើរការឡើងវិញ ហើយបានខិតខំស្តារមុខមាត់ និងសមត្ថភាពរបស់ខ្លួនដោយមានការគាំទ្រពីអង្គការដៃគូមួយចំនួនសម្រាប់ដំណើរការ។ ម្យ៉ាងស្ថាប័ននេះក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងធម្មការ និងសាសនាដូចសម័យសង្គមរាស្រ្តនិយមដែរ។
រហូតមកដល់បច្ចុប្បន្ននេះ វិទ្យាស្ថានពុទ្ធសានបណ្ឌិត្យមានផ្ទុកនូវឯកសាររាប់ពាន់ចំណងជើង ដែលដំបូងឡើយនៅឆ្នាំ១៩៩៤ មានចំនួន១ ០០០ចំណងជើង និងបានឡើងដល់៦ ០០០ចំណងជើងនៅបំណាច់ឆ្នាំ១៩៩៦។ អ្នកសិក្សាស្រាវជ្រាវទាំងព្រះសង្ឈ និងគ្រហស្ថនៅតែបន្តទៅអាន និងស្រាវជ្រាវនៅវិទ្យាស្ថានមួយនេះ។ អ្វីដែលនៅរក្សាបានដដែលនោះ គឺវិទ្យាស្ថានមួយនេះ នៅតែបន្តបោះពុម្ពផ្សាយទស្សនាវដ្តីកម្ពុសុរិយា របស់ខ្លួនដដែល ដែលទស្សនាវដ្តីមួយនេះបានដើរតួនាទីដ៏សំខាន់មួយក្នុងការផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី និងអក្សសាស្រ្តជាតិជាដើម។
ព្រះភិក្ខុ វ៉ង់ សុភស្ត សាស្រ្តាចារ្យផ្នែកទស្សនវិជ្ជា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានសង្ឈដីកាថាសម័យអតីតកាលវិទ្យាស្ថានមួយនេះប្រជុំដោយអ្នកប្រាជ្ញខ្មែរ ដែលបានចងក្រងនូវវនានុក្រមខ្មែរ បកប្រែព្រះត្រៃបិតក ជាដើម។ ព្រះអង្គមានសង្ឈដីកាបន្តថាដោយហេតុផលសង្គ្រាម អ្នកប្រាជ្ញខ្មែរនាសម័យនោះ ត្រូវបានស្លាប់បាត់បង់ជីវិត។ យ៉ាងមិញព្រះអង្គជឿថានៅថ្ងៃខាងមុខ វិទ្យាស្ថានមួយនេះនឹងមានប្រជុំដោយអ្នកប្រាជ្ញខ្មែរវិញមិនខាន។ ទោះយ៉ាងនេះក្តី ព្រះអង្គបន្ថែមថាវិទ្យាស្ថានមួយនេះ នៅតែជាឃ្លាំងស្តុកឯកសារ ទាក់ទងវប្បធម៌ សាសនា និងអក្សរសាស្រ្តជាតិ ដែលបានកត់ត្រាទុកតាំងពីមុនសម័យសង្គ្រាម ដែលអ្នកសិក្សាស្រាវជ្រាវនៅតែអាចទៅរក និងអានបាន។
បើតាមគេហទំព័ររបស់ស្ថាប័ននេះបញ្ជាក់ថាពុទ្ធសានបណ្ឌិត្យកំពុងវិវត្តខ្លួនទៅជាមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ខ្មែរមួយស្របតាមបទដ្ឋានអន្តរជាតិ តាមរយៈការបណ្តុះបណ្តាល និងអប់រំអ្នកស្រាវជ្រាវវ័យក្មេង។ ជាងនេះទៅទៀតវិទ្យាស្ថាននេះក៏នឹងប្រមូលចងក្រងរាល់ឯកសារស្រាវជ្រាវនានាដាក់ចូលក្នុងប្រព័ន្ធកុំព្យូទ័រដើម្បីសម្រួលដល់ការរកឯកសារពីអ្នកសិក្សាទាំងក្នុង និងក្រៅប្រទេស។ នេះបើតាមប្រភពដដែល៕