ចំណាត់ការបិទបទ"គ្រូបង្រៀនស្រវឹងស្រា" កើតជាក្ដីក្ដាំងវែកញែកពេញបណ្ដាញសង្គម
- 2017-12-21 08:31:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណាត់ការបិទបទ"គ្រូបង្រៀនស្រវឹងស្រា" កើតជាក្ដីក្ដាំងវែកញែកពេញបណ្ដាញសង្គម
ចន្លោះមិនឃើញ
ចំណាត់ការបិទមិនឲ្យចាក់ផ្សាយបទ "គ្រូបង្រៀនស្រវឹងស្រា" នៅតាមទូរទស្សន៍ និងបណ្ដាវិទ្យុ ដែលចេញដោយក្រសួងព័ត៌មាន កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៧ បានក្លាយជាប្រធានបទដ៏ក្ដៅគគុកដែលសិល្បករ និងអ្នកគាំទ្រវិស័យចម្រៀងជាច្រើននាំគ្នាជជែកវែកញែកជាហូរហែ។ ទន្ទឹមនឹងទទួលបានការសាទរជាអនេកពីសំណាក់មហាជន ពិសេសអ្នកពាក់ព័ន្ធស្ថាប័នអប់រំ ក៏អ្នកស្ដាប់ចំនួនទៀតរិះគន់យ៉ាងសម្បើមដែរទៅលើចំណាត់ការយ៉ាងរហ័សនេះ។
ក្នុងនោះមន្ត្រីរាជការ គ្រូបង្រៀន និងអ្នកប្រើប្រាស់បណ្ដាញសង្គមយក្ស Facebook ជាច្រើននាក់បង្ហាញការគាំទ្រយ៉ាងពេញទំហឹងថា នេះគឺជាសកម្មភាពល្អ១ដែលក្រសួងខាងលើមានចំណាត់ការយ៉ាងរហ័សដូចនេះ ពោលគឺទប់ស្កាត់បានលឿន ហើយសម្រេចមុនបទនេះថតចេញ MV និងចេញលក់។
ក្រៅពីយល់ឃើញដូចមូលហេតុដែលក្រសួងបានអះអាង អ្នកគាំទ្រខ្លះបានបន្ថែមយោបល់ផ្ទាល់ខ្លួនថា ចំណងជើង"គ្រូបង្រៀនស្រវឹងស្រា" វាធ្ងន់ណាស់! ត្បិតខ្លួនទទួលស្គាល់បទនេះនិពន្ធឡើងក្នុងន័យអប់រំក្ដី តែវាប៉ះពាល់ខ្លាំងដល់មុខរបរជាគ្រូបង្រៀន។
ផ្ទុយទៅវិញមតិរិះគន់ក៏កើតមានជាហូរហែដែរលើបញ្ហានេះ ដោយអ្នកនិយមចូលចិត្តវិស័យចម្រៀងបានលើកឡើងចំៗថា នេះជាអ្វីដែលមិនគួរកើតមាន។ បទ "គ្រូបង្រៀនស្រវឹងស្រា" គ្មានអ្វីបន្តុះបង្អាប់គ្រូទេ ផ្ទុយទៅវិញ ជាចម្រៀង១ដែលក្រើនរំលឹកដល់គ្រូៗមួយចំនួន ដែលប្រព្រឹត្តខុសវិន័យដូចនោះមែន។ ម្យ៉ាងវាមិនមែនជារឿងខុសអ្វីឡើយដែលគ្រូបង្រៀនផឹក ឬស្រវឹងស្រា កុំឲ្យតែផឹកស្រវឹងពេលបង្រៀនទៅបានហើយ។
ជាមួយគ្នានោះ អ្នកប្រើប្រាស់ Facebookច្រើននាក់ទៀតបានសង្កត់ន័យជារួមថា ចម្រៀងដែលគ្មានខ្លឹមសារ និងមានអត្ថន័យឡប់ឡែចេញផ្សាយព្រោងព្រាត ក្រសួងពាក់ព័ន្ធគួរតែមានវិធានការកែតម្រូវដោយយកចិត្តទុកដាក់ មិនសមណាមកបិទចម្រៀងដែលប្រកបដោយខ្លឹមសារអប់រំ និងបង្ហាញពីតថភាពសង្គមដូចនេះឡើយ។
បទ "គ្រូបង្រៀនស្រវឹងស្រា" ច្រៀងដោយអ្នកនាង ចេន សាយចៃ ក្នុងផលិតកម្មថោន ត្រូវបានក្រសួងព័ត៌មាន ចេញសេចក្ដីប្រកាសមិនឲ្យចាក់ផ្សាយលើគ្រប់បណ្ដាវិទ្យុ និងទូរទស្សន៍ទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៧ ក្រោមមូលហេតុ បទនេះមានខ្លឹមសារបន្តុះបង្អាប់ និងប្រមាថយ៉ាងខ្លាំងដល់គ្រូបង្រៀន ព្រមទាំងដើម្បីចៀសវាងផលអវិជ្ជមាន ប៉ះពាល់អារម្មណ៍ កិត្តិយស និងសេចក្ដីថ្លៃថ្នូរគ្រូបង្រៀនទូទៅ៕