មាន​រឿង​បរទេស​តែ​១​រឿង​គត់ ចូល​ហើយ​ដក​ខ្លួន​ពី​កម្ពុជា​វិញ រង្វង់​៣​ឆ្នាំ​ចុង​ក្រោយ

  • 2017-12-28 03:39:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ប្រធាន​នាយកដ្ឋាន​ភាពយន្ត​ទើប​ឡើង​ថ្មី លោក ប៉ុក បូរក្ស បាន​បញ្ចេញ​ឲ្យ​ដឹង​ថា គិត​ត្រឹម​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​មាន​តែ​រឿង​បរទេស​មួយ​រឿង​ប៉ុណ្ណោះ ដែល​បាន​សុំ​សិទ្ធិ​ចូល​មក​ថត​នៅ​កម្ពុជា​ហើយ បាន​ដក​ខ្លួន​ទៅ​វិញ។ នេះ​ដោយ​មិន​រាប់​បញ្ចូល​ភាពយន្ត​ហូលីវូដ​រឿង "មហា​អធិរាជា​ណាចក្រ​ខ្មែរ" ដែល​បាន​សុំ​ថត​ឆ្នាំ ២០០៩ ហើយ​ដក​ខ្លួន​វិញ​នៅ​ឆ្នាំ ២០១៤ឡើយ។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌

ភាពយន្ត​បរទេស​ចុង​ក្រោយ​នោះ ត្រូវ​បាន​គេ​ដឹង​ថា​ជា​ភាពយន្ត​របស់​ផលិតកម្ម​ហុងកុង មាន​ចំណង​ជើង​ថា "បេសកកម្ម​ទន្លេ​មេ​គង្គ" ដែល​បាន​សុំ​ចូល​ខ្លួន​មក​ថត​នៅ​ស្រុក​ខ្មែរ​ដើម​ឆ្នាំ ២០១៥ តែ​ចុង​ក្រោយ​សម្រេច​មិន​ថត និង​បាន​ប្ដូរ​ផែន​ការ​លើក​ទៅ​ថត​នៅ​ថៃ និង​ម៉ាឡេស៊ី​ជំនួស​វិញ។

ចំពោះ​បញ្ហា​នេះ អតីត​ប្រធាន​នាយកដ្ឋាន​ភាពយន្ត​លោក ស៊ិន ច័ន្ទសាយ៉ា ធ្លាប់​ប្រាប់​ថា ដោយ​មាន​បញ្ហា​លើ​កត្តា​មួយ​ចំនួន​ដូច​ជា ​ទីតាំង​ថត ពេល​វេលា និង​អាកាស​ធាតុ​ជា​ដើម។ វិល​មក លោក ប៉ុក បូរក្ស ប្រធាន​នាយកដ្ឋាន​ថ្មី ក៏​ប្រាប់​ស្រដៀង​គ្នា​ដែរ​ថា បណ្ដាល​មក​ពី​​ប្រព័ន្ធ​ធ្វើ​ការ​របស់​ផលិត​ហុងកុង​ក្រុម​នោះ ហាក់​នៅ​ថ្មី​ថ្មោង​ក្នុង​ការ​ធ្វើ​ការ​នៅ​កម្ពុជា។

“បញ្ហា​នៅ​ត្រង់​នេះ គឺ​ថា​បើ​យើង​ធ្វើ​ការ​ជាមួយ​ផលិតករ​មក​ពី​អាមេរិក អឺរ៉ុប អី​គឺ​គេ​មាន​ប្រព័ន្ធ​ធ្វើ​ការ ឯកសារ ពេល​វេលា​អី​ច្បាស់​លាស់​ទាំង​អស់ អីចឹង​យើង​ស្រួល​ធ្វើ​ការ ប៉ុន្តែ​ផលិតករ​ចិន ដែល​គាត់​ទើប​ចូល​ទីផ្សារ​យើង​ថ្មី​ថ្មោង គាត់​អត់​ស៊ី​ជម្រៅ​រឿង​អស់​ហ្នឹង គឺ​គាត់​ខ្វះ​ឯកសារ​នេះ នោះ គាត់​ចូល​មក​ដោយ​ឯកឯង អត់​មាន​ដៃគូ​ណែនាំ ហើយ​គាត់​មាន​ពេល​វេលា​តិច ដល់​ការ​ស្នើ​សុំ​សិទ្ធិ​ថត មាន​រយៈ​ពេល​យូរ អីចឹង​គាត់​មិន​អាច​រង់​ចាំ​បាន គាត់​ក៏​ទៅ​វិញ​ទៅ"។

ឈុត​មួយ​ក្នុង​រឿង "បេសកកម្ម​ទន្លេ​មេគង្គ"

ដើម​ឡើយ​ភាពយន្ត "បេសកកម្ម​ទន្លេ​មេ​គង្គ" ដែល​និយាយ​ពី​ការ​ចរាចរណ៍​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស​៣​គឺ ភូមា ថៃ និង ចិន នោះ បាន​សម្លឹង​ឃើញ​ទីតាំង​មួយ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​អាច​ថត​ជំនួស​បាន ទើប​ចូល​ខ្លួន​មក។ ប៉ុន្តែ​ក្រោយ​ពី​មិន​ជោគជ័យ​លើ​ការងារ​សម្រប​សម្រួល​នានា​នោះ ពួក​គេ​ក៏​បាន​ដក​ខ្លួន​ទៅ​វិញ។

តាំង​ពី​នោះ​មក មិន​មាន​ភាពយន្ត​ហុងកុង​ណា​មួយ​ចូល​ខ្លួន​មក​ទៀត​ទេ ទើប​តែ​ឆ្នាំ​២០១៧​នេះ។ តាម​លោក ប៉ុក បូរក្ស មក​ទល់​បច្ចុប្បន្ន មាន​ភាពយន្ត​ហុងកុង​ធំ​៣​រឿង​ហើយ ដែល​បាន​ចូល​មក​សុំ​សិទ្ធិ​ថត​នៅ​ក្នុង​កម្ពុជា។ លោក​ថា តួ​លេខ​នេះ គឺ​កើន​ឡើង​សម្រាប់​ភាពយន្ត​ហុងកុង​ថត​នៅ​លើ​ទឹក​ដី​កម្ពុជា ខណៈ​ផលិតករ​មក​ពី​​អឺរ៉ុប​ធ្លាក់​ចុះ​តិច​តួច។

តាម​ប្រធាន​នាយកដ្ឋាន​ដដែល លើក​ឡើង​ថា នេះ​ផល​ចំណេញ​មួយ​របស់​កម្ពុជា​ពី​ភាពយន្ត​ចិន ខណៈ​ចិន គឺ​ជា​ទីផ្សារ​ធំ​មួយ​ជាមួយ​ចំនួន​ប្រជាជន​ជាង​១​ពាន់​លាន​នាក់។

១ ក្នុង​ចំណោម​៣​នោះ គឺ​រឿង "Siam Code" ជា​ប្រភេទ TV Dramaបាន​ថត​រួច​រាល់​ហើយ​នៅ​កម្ពុជា រង់​ចាំ​តែ​ថ្ងៃ​ដាក់​បញ្ចាំង​ប៉ុណ្ណោះ។

និយាយ​ជា​រួម​ពី​តួលេខ​ភាពយន្ត​បរទេស​មក​ថត​នៅ​កម្ពុជា ពេញ​១ឆ្នាំ ២០១៧ នេះ​វិញ គឺ​មាន​ប្រមាណ ៥០​គម្រោង ក្នុង​នោះ​មាន​មក​ពី​អាមេរិក អឺរ៉ុប និង​ចិន។ តួលេខ​នេះ លោក បូរក្ស អះអាង​ថា នៅ​ថេរ​ក្នុង​រង្វង់​៣​ឆ្នាំ​ចុង​ក្រោយ៕

ភាពយន្ត​ហុងកុង​​ខ្នាត​ធំ​ដែល​គ្រោង​មក​ថត​​នៅ​ស្រុក​​ខ្មែរ ឥឡូវ​ដក​ខ្លួន​វិញ

អត្ថបទ៖ ទារិកា