ភាពយន្ត​ហុងកុង​​ខ្នាត​ធំ​ដែល​គ្រោង​មក​ថត​​នៅ​ស្រុក​​ខ្មែរ ឥឡូវ​ដក​ខ្លួន​វិញ

  • 2015-08-27 18:20:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​ហុងកុង​រឿង "បេសកកម្ម​ទន្លេ​មេគង្គ" ដែល​ដំបូង​ឡើយ​បាន​ដាក់​ផែន​ការ​យក​ប្រទេស​កម្ពុជា​ធ្វើ​ជា​ទី​តាំង​ថត​ឈុត​ខ្លះ​នៃ​សាច់​រឿង​នោះ ឥឡូវ​ព័ត៌មាន​ចុង​ក្រោយ បាន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​ដក​ថយ​វិញ​ហើយ។

 

ព័ត៌មាន​នេះ បញ្ចេញ​ដោយ​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។ ស៊ិន ចន្ទ​សាយ៉ា ថ្នាក់​ដឹក​នាំ​នាយកដ្ឋាន​មួយ​នេះ ថ្លែង​ប្រាប់ Sabay ថា "ខ្ញុំ​អាច​និយាយ​បាន​ថា ភាពយន្ត​ហុង​កុង​រឿង "បេសកកម្ម​មេគង្គ" ដែល​គ្រោង​ថត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឥឡូវ​គេ​បាន​ដក​ថយ​ទៅ​វិញ​ហើយ ហើយ​នេះ​ការ​សម្រេច​ចិត្ត​របស់​ផលិតកម្ម Firework ដែល​ពួក​គេ​បាន​សម្រេច​ចិត្ត​ដូច្នេះ"។

 

 

រូប​តំណាង

 

និយាយ​ពី​មូលហេតុ​នៃ​ការ​ដក​ថយ​នេះ ប្រធាន​នាយកដ្ឋាន​ដដែល មិន​បាន​បង្ហើប​ឲ្យ​ច្បាស់​លាស់​ឡើយ។ លោក​គ្រាន់​តែ​និយាយ​ថា ការ​ដក​ថយ​នោះ ដោយ​សារ​មាន​បញ្ហា​តិច​តួច​មួយ​ចំនួន ក្នុង​នោះ​មាន​ដូច​ជា ពេលវេលា អាកាស​ធាតុ និង​ទីតាំង​ថត​ជា​ដើម។ ក្រៅ​ពី​នេះ នៅ​មាន​ជាប់​ទាក់​ទង​ជាមួយ​ស្ថាប័ន​រដ្ឋ និង​ឯកជន​ជា​ច្រើន​ទៀត។ បន្ថែម​ពី​លើ​នេះ លោក​ទទួល​ស្គាល់​ថា ប្រទេស​យើង​នៅ​មាន​ការ​ពិបាក​ខ្លះ​ៗ​ក្នុង​ការ​ទំនាក់​ទំនង​ផ្សេង​ៗ។

 

លោក បន្ត​ថា "ក្រៅ​ពី​នេះ ខ្ញុំ​អាច​និយាយ​បាន​ថា ទាំង​សង្ខាង​មាន​ចំណុច​ខ្វះ​ខាត​ដូច​គ្នា ហើយ​បើ​តាម​ខ្ញុំ​គិត​នោះ គេ​យក​យើង​គ្រាន់​តែ​ជា​ជម្រើស​ទី​២​ជាមួយ​នឹង​ប្រទេស​ផ្សេង​មាន​ន័យ​ថា បើ​គេ​សុំ​ប្រទេស​ផ្សេង​ដូច​ជា​ថៃ​ជា​ដើមមិន​បាន គេ​មក​យើង​។ តាម​ខ្ញុំ​ដឹង​គេ​បារម្ភ​ថា Scene ខ្លះ​ថៃ​គេ​អត់​អនុញ្ញាត អីចឹង​គេ​មក​ស្រុក​យើង តែ​ឥឡូវ​ថៃ​គេ​អនុញ្ញាត​ហើយ គេ(ផលិតកម្ម)ក៏ Move ទៅ​វិញ។ អីចឹង​ខ្ញុំ​ថា ​គេ​ទុក​យើង​ជា​ជម្រើស​ទី​២​ទេ"។

 

តាម​ព័ត៌មាន ភាពយន្ត​ហុង​កុង​រឿង "បេសកកម្ម​មេគង្គ" គឺ​និយាយ​អំពី​ការ​ចរាចរណ៍ និង​បង្ក្រាប​គ្រឿង​ញៀន​ឆ្លង​ដែន។ សាច់​រឿង គឺ​កើត​ឡើង​នៅ​តំបន់​ត្រីកោណ​មាស​ ដែល​មាន​ពាក់​ព័ន្ធ​នឹង​ប្រទេស​ភូមា ថៃ និង​ចិន។ លោក សាយ៉ា បញ្ជាក់​ថា សាច់​រឿង​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ប្រទេស​យើង​ទេ ប៉ុន្តែ​ដំបូង​ឡើយ​គេ​ដាក់​គម្រោង​មក​ថត​នៅ​ស្រុក​យើង ព្រោះ​តែ​គេ​មើល​ឃើញ​តំបន់​ខ្លះ​អាច​ថត​ជំនួស​តំបន់​ត្រី​កោណ​មាស​បាន​ប៉ុណ្ណោះ។

 

ព័ត៌មាន​ពី​ភាពយន្ត​ហុងកុង​ចង់​មក​ថត​នៅ​ស្រុក​ខ្មែរ មិន​សូវ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​សាធារណៈ ដោយ​សារ​មិន​មាន​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ផ្លូវ​ការ ខណៈ​កន្លង​មក​អ្វី​ៗ​ស្ថិត​នៅ​ដំណើរ​ការ​ទំនាក់ទំនង​គ្នា​នៅ​ឡើយ។

 

 

លោក ស៊ិន ចន្ទ​សាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ

 

យ៉ាង​ណា​ដំណឹង​នេះ បាន​សាយ​ភាយ​ខ្លាំង​នៅ​ក្នុង​សង្គម​សិល្បៈ​ខ្មែរ ពិសេស​សិល្បករ​យើង​ដូច​ជា​សុខ សុវណ្ណា​ដែន ដែល​ត្រៀម​សម្ដែង​ជា​តួ​វាយ​តប់​ក្នុង​រឿង​នេះ ប្រាប់​ថា លោក​សប្បាយ​ចិត្ត និង​មាន​មោទនភាព​ដែល​បាន​មាន​វត្តមាន​ក្នុង​ភាពយន្ត​អន្តរជាតិ។ ប៉ុន្តែ​ក្រោយ​សម្រេច​ដក​ថយ​ពី​កម្ពុជា ក៏​ធ្វើ​ឲ្យ​លោក​មាន​ការ​សោក​ស្ដាយ​ខ្លាំង​ដែរ ព្រោះ​មិន​ត្រឹម​បាត់​ចំណូល ថែម​ទាំង​បាត់​ឱកាស​លេច​មុខ​នៅ​ឆាក​អន្តរជាតិ​តាម​រយៈ​ខ្សែ​ភាពយន្ត​នេះ​ទៀត។

 

"បេសកកម្ម​មេគង្គ" គឺ​ជា​ភាពយន្ត​បរទេស​ទី​២​ដែល​បាន​សម្រេច​ដក​ខ្លួន​មិន​ថត​នៅ​កម្ពុជា ក្នុង​ពេល​ដែល​អ្វី​ៗ​ស្ថិត​ក្នុង​ដំណើរ​ការ​ទំនាក់​ទំនង​ផ្សេង​ៗ​នៅ​ឡើយ គឺ​បន្ទាប់​ពី​ភាពយន្ត​ហូលីវូដ​រឿង "មហា​បុរស​ខ្មែរ" ដែល​ធ្លាប់​បាន​ប្រកាស​ពី​គម្រោង​មក​ថត​ភាពយន្ត​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ ដោយ​យក​សុទ្ធ​តែ​តួ​លំដាប់​ពិភព​លោក​ដូច​ជា Angelina Jolie កីឡាកាស​ល្បី​ឈ្មោះ ចន ស៊ីណា និង​តារា​ស្រី​កូរ៉េ ហាន់ជីអ៊ុន ជា​ដើម​មក​ថត ជាមួយ​ទុន​វិនិយោគ​ជាង ៧០​លាន​ដុល្លារ។

 

បន្ទាប់​ពី​ធ្វើ​ឲ្យ​ពលរដ្ឋ​ជា​ទូទៅ​មោទន​នឹង​ដំណឹង​នេះ ភាពយន្ត​ហូលីវូដ​ខាង​លើ ក៏​បាន​ដក​ខ្លួន​ទៅ​វិញ ជាមួយ​ហេតុផល​មិន​ច្បាស់លាស់​មួយ​ចំនួន។ វិល​មក "បេសកកម្ម​មេគង្គ" បន្ទាប់​ពី​សម្រេច​មិន​ឈប់​សំចត​ថត​នៅ​កម្ពុជា ផលិតកម្ម Firework បាន​សម្រេច​យក​ប្រទេស​ថៃ និង​ម៉ាឡេស៊ី​ជា​ទីតាំង​ថត​ជំនួស​វិញ។ លោក ស៊ិន ចន្ទ​សាយ៉ា បាន​ហៅ​ការ​នេះ​ថា ជា​ការ​ខាត​បង់​ធំ​មួយ​ទៀត​របស់​កម្ពុជា៕

 

អត្ថបទ៖ ទារិកា