ប្រាសាទអាយុរាប់សតវត្សរ៍ នៅកណ្តាលក្រុង ដែលទំនងមិនសូវមានអ្នកស្គាល់
- 2017-12-29 07:37:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាសាទអាយុរាប់សតវត្សរ៍ នៅកណ្តាលក្រុង ដែលទំនងមិនសូវមានអ្នកស្គាល់
ចន្លោះមិនឃើញ
«ប្រជាពលរដ្ឋទូទៅលោកមិនចង់ដឹងហ្មង ថាអូស្តេចណាកសាង ជាក់ស្តែងអាត្មាសួរយាយតានៅហ្នឹងគាត់អត់ដឹងថាចេតី(ប្រាសាទ)ឧណ្ណាលោម ហ្នឹងកសាងពីជំនាន់ណាទេ...បើបរទេសគេចាប់អារម្មណ៍ព្រោះមានសរសេរនៅក្នុងសៀវភៅមគ្គទេសក៍»។ នេះជាការលើកឡើងរបស់ព្រះភិក្ខុ វ៉ង សុភស្ត គង់នៅវត្តឧណ្ណាលោម។
បើនិយាយពីវត្តឧណ្ណាលោម ពិតណាស់មានប្រជាពលរដ្ឋខ្មែរជាច្រើនបានស្គាល់ ជាពិសេសអ្នកនៅទីក្រុងភ្នំពេញ។ ទោះយ៉ាងណាបើនិយាយពីប្រាសាទបុរាណមួយនៅក្នុងវត្តនេះទំនងជាមិនសូវមានអ្នកស្គាល់ច្រើនប៉ុន្មាននោះទេ។
ប្រាសាទបុរាណមួយនេះស្ថិតនៅក្នុងបរិវេណវត្តឧណ្ណាលោម ខាងក្រោយព្រះវិហារ ដែលអ្នកទេសចរបរទេសបានចេញចូល ទស្សនាមិនចេះដាច់។ ទោះយ៉ាងណាប្រាសាទបុរាណមួយនេះ បើមើលពីខាងក្រៅ មិនអាចដឹងទេថាជាប្រាសាទបុរាណ ដោយហេតុថាមានសំណង់ថ្មីបានសង់ព័ទ្ធប្រាសាទមួយនេះទៅហើយ។ បើបានចូល ទៅខាងក្នុងសំណង់ នោះ ទើបអាចមើលឃើញពីសំណងប្រាសាទនៅខាងក្នុង ដែលមានទាំងរូបព្រះពុទ្ធបដិមាជាច្រើនអង្គនៅក្នុងហ្នឹងផងដែរ។
បើនិយាយពីប្រវត្តិប្រាសាទមួយនេះ សម្តេចព្រះសង្ឃរាជ ជួន ណាត អះអាងថាមានវត្តមានមុនពេលដែលវត្តឧណ្ណាលោមកកើតទៅទៀត។ បើតាមកំណត់ត្រារបស់សម្តេច ព្រះសង្ឃរាជ ជួន ណាត ដែលកត់ត្រាពីប្រវត្តិវត្តឧណ្ណាលោម បោះពុម្ពនៅឆ្នាំ១៩៦៣ រៀបរាប់ថាវត្តឧណ្ណាលោម ត្រូវបានសាងសង់ក្នុងរាជព្រះបាទ ពញា យ៉ាត ជាមួយនឹងវត្តចំនួនប្រាំមួយផ្សេងទៀតនៅក្នុងរាជធានីភ្នំពេញ។
ទាំងវត្តឧណ្ណាលោម និងវត្តប្រាំមួយផ្សេងទៀតត្រូវបានធ្វើពិធីសម្ពោធឲ្យប្រើប្រាស់ដំណាលគ្នានៅឆ្នាំ១៤៤២។ នេះបើតាមឯកសារដដែល។ វត្តឧណ្ណាលោម ត្រូវបានរក្សាតាមឈ្មោះប្រាសាទដែលមានស្រាប់ «ឧណ្ណាលោម ឬពោធិលោម»។ បើនិយាយពីអាយុកាលនៃវត្តឧណ្ណាលោមនេះ មាន អាយុ៥៧៥ឆ្នាំមកហើយ។ សម្រាប់វិហារវត្តឧណ្ណាលោម វិញគឺកសាងចប់នៅឆ្នាំ១៩៦០ លើខឿនវិហារចាស់ និងបានធ្វើពិធីដាក់ឲ្យប្រើប្រាស់នៅឆ្នាំ១៩៦៣។
សម្រាប់ប្រាសាទពោធិលោម ឬឧណ្ណាលោម នេះវិញ សម្តេចព្រះសង្ឃរាជ ជួន ណាត បញ្ជាក់ថាមិនមានកំណត់ត្រាណាមួយបញ្ជាក់ពីកាលបរិច្ឆេតសាងសង់នោះទេ។ ទោះយ៉ាងណា គេអាចដឹងថាប្រាសាទនេះមានអយុច្រើនជាងវត្តឧណ្ណាលោម។
ព្រះភិក្ខុ វ៉ង់ សុភស្ត គង់នៅវត្តឧណ្ណាលោម និងជាសាស្រ្តាចារ្យផ្នែកទស្សនវិជ្ជានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានសង្ឃដីការពន្យល់ថា ពាក្យ «ឧណ្ណាលោម» ប្រែថារោមប្រជុំចិញ្ចើម។
ព្រះអង្គពន្យល់ថាៈ «អ្នកខ្លះគេថាជារោមប្រជុំចិញ្ចើមរបស់ព្រះពុទ្ធ ពីព្រោះពាក្យថាឧណ្ណាលោមហ្នឹងជាពាក្យបាលី ឯខ្មែរយើងប្រែថា រោមប្រជុំចិញ្ចើម ហើយព្រះពុទ្ធមានរោមប្រជុំចិញ្ចើមមួយខុសពីមនុស្សយើងធម្មតា យើងមានតែចិញ្ចើមនេះទេ តែអត់មានអាប្រលោះកណ្តាលហ្នឹងទេ តែព្រះពុទ្ធព្រះមាន»។
បើនិយាយពីអ្នកទេសចរបរទេសវិញ គឺចេញចូលវត្តនេះមិនចេះដាច់នោះទេ ជាពិសេសគឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ នេះបើតាមព្រះភិក្ខុ វ៉ង់ សុភស្ត។ ព្រះអង្គបន្តថា ប្រជាពលរដ្ឋពុទ្ធបរិស័ទខ្មែរដែលមកវត្តនេះមិនសូវជាចាប់អារម្មណ៍ និងបានដឹង ឬសួរនាំពីប្រវត្តិវត្តនេះ និងប្រសាទនោះទេ។ ផ្ទុយមកវិញព្រះអង្គបន្តថាជនបរទេសជាច្រើនបានដឹង និងបានមករកមើលប្រាសាទមួយនេះគ្មានលួសថ្ងៃ៕