ពៅ លីដា រំពឹង​​​ខ្ពស់​ ខណៈ​ប៉ះ​ អែត វីន លើក​ដំបូង

  • 2018-01-08 05:52:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ព្រឹក​មិញ​នេះ​​ផលិតកម្ម​ ចក្រ​វាឡ​ពេជ្រ​ភាព​យន្ត​ បាន​ធ្វើ​ពិធី​​ក្រុង​ពាលី​​ខ្សែភាពយន្ត​ភាគ​ថ្មី​​​រឿង​ " ដួង​ច័ន្ទ​ ដួង​ចិត្ត​" ​នៅ​គេហដ្ឋាន​លោក​ស្រី​ ថុង ស៊ីទៀង ​ជា​ចាងហ្វាង​ផលិតកម្ម​ស្ថិត​នៅ​បុរី​វិមាន​ភ្នំពេញ​​ ដោយ​មាន​កំលោះ​សង្ហា អែត វីន និង​ស្រី​ស្អាត​ ពៅ លីដា ​​ប៉ះ​គ្នា​ក្នុង​តំណែង​ជា​តួឯក​លើក​ដំបូង​។

ពៅ លីដា បាន​និយាយ​ថា គឺ​ជា​រឿង​ភាគ​ទី​៥ សម្រាប់​នាង​​ជាមួយ​ផលិតកម្ម​ចក្រវាឡ​ពេជ្រ​ភាព​យន្ត​ ហើយ​ក៏​ជា​រឿង​​ទី​១​​​ដែល​​សម្ដែង​ជាមួយ​កំលោះ​សង្ហា​ អែត វីន ក្រោយ​ពី​ស្គាល់​គ្នា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​។ ដូច្នេះ​​ខ្លួន​ជឿ​ជាក់​ថា​​រឿង​ភាគ"ដួង​​ច័ន្ទ​ដួង​ចិត្ត​" នឹង​ទទួល​បាន​ការ​គាំទ្រ​​ពី​ទស្សនិកជន​​ជាក់​ជា​ពុំ​ខាន់​​សម្រាប់​​ដើម​ឆ្នាំ​២០១៨ នេះ​។

បង​ស្រី ពៅ ពិសិដ្ឋ បន្ថែម​ថា​៖​"​ចាស​រឿង​នេះ​​ខ្ញុំ​​ជឿជាក់​ថា​ នឹង​ជួយ​លើក​ស្ទួយ​កេរ្តិ៍​ឈ្មោះ​ខ្ញុំ​បាន​មួយ​កម្រិត​ទៀត​នៅ​ពេល​ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍​PNN ព្រោះ​ខ្ញុំ​ និង​ អែត វីន សុទ្ធ​តែ​ជា​អ្នក​មាន​បទ​ពិសោធន៍​​សម្ដែង​ដូចគ្នា​ ។ ទោះ​បី​នេះ​ជា​លើក​ទី​១​ ដែល​ពួក​យើង​ជួប​គ្នា​ក្ដី​ តែ​ខ្ញុំ​​ជឿ​ថា​ខ្ញុំ​ទាំង​ពីរ​នាក់​ សម្ដែង​ស៊ី​ចង្វាក់​គ្នា​បាន​ល្អ​ពេល​រឿង​ចេញ​ថត​"។

លោក គ្រូ មុត ថារី និងកូនប្រុស​

ដោយ​ឡែក​លោក​គ្រូ​ មុត ថារី ​ជា​អ្នក​ដឹក​នាំ​សម្ដែង​​បាន​មាន​ប្រសាសន៍​ថា រឿង​"ដួង​ច័ន្ទ​ដួង​ចិត្ត​" ​ជា​ប្រភេទ​​ភាព​យន្ត​ភាគ​កម្សត់​បែប​មនោសញ្ចេតនា​​ស្នេហា​អូន​បង​ លាយឡំ​ជាមួយ​ ឈុត​ឆាក​កំប្លែង​មួយ​ចំនួន​ផង​ដែរ​។ រឿង​នេះ​គ្រោង​ នឹង​ចេញ​ថត​នៅ​ថ្ងៃ​ទី ៩ ខែ មករា ឆ្នាំ ២០១៨ ស្អែក​នេះ​។ ចំណែក​ឯ​ទី​តាំង​ថត​វិញ​គឺ​ ភ្នំពេញ​ កំពង់ឆ្នាំង​ និង​ក្រុង​កែប​។

រឿង​ "ដួង​ច័ន្ទ​ដួង​ចិត្ត​" មាន​ចំនួន​ ៣០ ភាគ ​ប្រើ​​ពេល​ថត​រយៈ​ពេល​ ៥ ខែ​ ត្រៀម​នឹង​ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍​ PNN នៅ​ចុង​ខែ ឧសភា ឬ ដើម​​ខែ​ មិថុនា ឆ្នាំ ២០១៨។ ចូល​រួម​​សម្ដែង​ដោយ លោក អែត វីន ពៅ លីដា ពៅ ពិសិដ្ឋ លឹម មួយហ្គិច និង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត​៕​​​​​

អត្ថបទ៖ ឆុង ស៊ីណាន