ស្តៅរសល្វីងតែពេញនិយមសម្រាប់ពលរដ្ឋខ្មែរមួយចំនួន
- 2018-01-13 02:19:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្តៅរសល្វីងតែពេញនិយមសម្រាប់ពលរដ្ឋខ្មែរមួយចំនួន
ចន្លោះមិនឃើញ
ស្តៅជារុក្ខជាតិមួយប្រភេទមានរសល្វីង ហើយស្លឹកខ្ចី និងផ្ការបស់វាអាចយកធ្វើជាអន្លកសម្រាប់បរិភោគបាន និងម្យ៉ាងទៀតស្ដៅនេះក៏ជាឱសថសម្រាប់បំបាត់ជំងឺគ្រុនក្ដៅផងដែរ។ ទោះបីជាស្ដៅមានរសជាតិល្វីង តែប្រជាពលរដ្ឋខ្មែរមួយចំនួនក៏ចូលចិត្តទទួលទានស្លឹកខ្ចី និងផ្កានេះខ្លាំងណាស់ដែរ។
ចាប់ពីចុងខែធ្នូ រហូតដល់ចុងខែមករា ស្ដៅតែងចេញផ្កា និងលាស់ស្លឹកខ្ចី ប៉ុន្តែស្លឹកអាចលាស់ខ្ចីជាថ្មីបើសិនជាមានអ្នកបេះវាម្តងហើយម្តងទៀត។ ដោយឡែកផ្កាមិនអាចចេញថ្មីនោះទេ ពោលគឺមានតែម្តងក្នុងមួយឆ្នាំ។
សម្រាប់កសិករនៅស្រុកឈូក ខេត្តកំពត គឺអ្នកស្រី សួន ណូត មានដើមស្ដៅមួយដើមនៅក្នុងដីភូមិរបស់អ្នកស្រី ដែលដើមស្ដៅនេះបានរកចំណូលឲ្យអ្នកស្រីមិនតិចជាង៦០ម៉ឺនរៀននោះទេក្នុងមួយរដូវៗ។
អ្នកស្រីឲ្យដឹងថារៀងរាល់ពីរថ្ងៃម្តង អ្នកស្រីប្រមូលផ្កាស្តៅ ដោយបេះនឹងតម្ពក់ពីដី និងឡើងលើដើមវាផ្ទាល់។ អ្នកស្រីថាៈ «អាណា(ផ្កា)នៅទាបល្មមបេះនឹងតម្ពក់បាន បេះខ្លូនឯង បើនៅចុងឪវាអ្នកឡើងបេះ ថ្ងៃខ្លះឲ្យក្មេងៗវាឡើងបេះ...ស្តៅកាលណាយើងបេះផ្ការបស់វាហើយ វានឹងដុះត្រួយថ្មី តែវាលែងចេញផ្កាហើយ....បើគិតទៅត្រួយឆ្ងាញ់ជាងផ្កាផង»។
អ្នកស្រី សួន ណូន បានបេះផ្កាស្តៅនេះទុកពីល្ងាចជាស្រេច លុះព្រឹកឡើងក៏ដឹកយកទៅផ្សារដើម្បីបោះដុំលក់ឲ្យម៉ូយដែលចាំទិញទុកលក់បន្ត។ សម្រាប់ស្តៅមួយដុំអ្នកស្រីបោះដុំឲ្យម៉ូយបានតម្លៃ១៧០០រៀល រីឯអ្នកលក់បន្តអាចលក់បាន២ ០០០រៀលក្នុងមួយដុំ។ ក្នុងរយៈពេលពីរថ្ងៃ អ្នកស្រីថា អាចបេះបានស្តៅប្រហែល៣០ដុំ និងពេញមួយរដូវកាលអាចរកប្រាក់ពីស្តៅមួយដើមនេះបានប្រហែល៦០ម៉ឺនរៀល សម្រាប់បំពេញតម្រូវការក្នុងគ្រួសារបានមួយរយៈ៕