អ្នកទៅលេងអង្គវត្ត នឹងប្លែកភ្នែក ដោយសារការកែលម្អថ្មីមួយនេះ
- 2018-01-17 10:19:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកទៅលេងអង្គវត្ត នឹងប្លែកភ្នែក ដោយសារការកែលម្អថ្មីមួយនេះ
ចន្លោះមិនឃើញ
រោងទងកូរសមុទ្រទឹកដោះនៃប្រាសាទអង្គរវត្ត នឹងត្រូវបំពាក់ពិតានឈើឡើងវិញ ដើម្បីបង្ហាញពីសិល្បៈតុបតែងក្នុងស្ថាបត្យកម្មដ៏កំពូលរបស់ខ្មែរនាសម័យអង្គរ។
ការបំពាក់ពិតានឈើនៅលើរោងទងកូរសមុទ្រទឹកដោះនៅប្រាសាទអង្គរវត្តនេះ ជាគម្រោងសហការនៃអាជ្ញាធរជាតិអប្សរា និងអង្គការមូលនិធិប្រាសាទបុរាណពិភពលោក (World Monument Fund-WMF) របស់សហរដ្ឋអាមេរិក។
អ្នកសម្របសម្រួលនិងអនុវត្ដគម្រោងនៃអង្គការមូលនិធិប្រាសាទបុរាណពិភពលោក អ្នកស្រី ជាម ផល្លី ឲ្យដឹងថា គម្រោងនេះបានចាប់ផ្ដើមសាកល្បងហើយ ប៉ុន្ដែមិនដឹងបញ្ចប់នៅពេលណាបានទេ ព្រោះពិតានឈើថ្មីទាំងនេះឆ្លាក់តែជាងចម្លាក់ម្នាក់គត់។
តាមការរៀបរាប់របស់អ្នកស្រី ពិតានឈើទាំងអស់ត្រូវឆ្លាក់តាមទម្រង់ដើម ដែលមានបន្សល់ទុកតាំងបុរាណកាលមក។ ម្យ៉ាងទៀត ទាំងសមត្ថភាពឆ្លាក់និងគុណភាពរូបចម្លាក់ក៏ត្រូវទទួលស្គាល់ដោយគណៈកម្មការអាយស៊ីស៊ី-អង្គរដែរ ហើយឈើដែលត្រូវយកមកឆ្លាក់ធ្វើជាពិតានគឺប្រភេទឈើគគីរ។
អ្នកស្រីបញ្ជាក់ថាៈ «ហេតុផលដែលជ្រើសរើសឈើគគីរ ព្រោះថាឈើពិតានដែលបន្សល់ពីបុរាណនិងរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ និងសារមន្ទីរនៅប្រទេសបារាំង ក៏ជាប្រភេទឈើគគីរដែរ...សាច់ឈើគគីរធន់នឹងទឹកហើយគម្រោងនេះត្រូវការឈើគគីរប្រមាណជាង ១០ម៉ែត្រគីប ប៉ុន្តែអ្វីដែលជាបញ្ហានៅពេលនេះ គឺកង្វះឈើដែលធ្វើឱ្យគម្រោងមានភាពយឺតយ៉ាវ»។
ពិតានឈើថ្មីដែលនឹងត្រូវយកទៅបំពាក់លើថែវកូរសមុទ្រទឹកដោះនេះ គឺមានឆ្លាក់ចម្លាក់ក្បាច់ ធ្វើតាមសំណល់បុរាណដោយមានក្បាច់ចំនួន១០ប្រភេទ គឺ ក្បាច់ផ្កាចាន់ ក្បាច់ផ្កាពងត្រី ក្បាច់ត្រឡាចបំបែក ក្បាច់ពេជ្រក្តារ ក្បាច់ចែងអង្គរ ក្បាច់ស្នឹងព័ទ្ធ ក្បាច់សន្លឹកឈូកបំបែក ក្បាច់ពងត្រីរង្វង់ ក្បាច់កេសរ និងក្បាច់ផ្លែឈូក។
អ្នកស្រី ឲ្យដឹងទៀតថាៈ «ការឆ្លាក់ទំហំពិដានឲ្យឆ្លាស់គ្នានេះគឺយើងត្រូវធ្វើឲ្យដូចទម្រង់ដើម ហើយតាមការសិក្សាលើសំណល់ពិតានបានបង្ហាញឲ្យឃើញថាដូនតាយើងមិនបានកំណត់ទំហំពិតានដូចគ្នានោះទេ»។
អ្នកស្រី ជាម ផល្លី ឲ្យដឹងបន្ថែមថា ការដាក់ពិតានឈើនៅរោងទងកូរសមុទ្រទឹកដោះនៅប្រាសាទអង្គរវត្តក៏ជាការបង្ហាញឲ្យឃើញអំពីសិល្បៈនៃការតុបតែងរបស់បុព្វបុរសខ្មែរជំនាន់នោះ ដែលឡើងដល់កម្រិតកំពូល។ ម្យ៉ាងវិញទៀត គម្រោងនេះក៏ជាការបង្ហាញឲ្យកូនខ្មែរជំនាន់ក្រោយបានសិក្សាស្វែងយល់បន្ថែមទៀតផងដែរ៕