ម្ចាស់​បទ​ "អតីត" ត្រៀម​បញ្ចេញ​បទ​ថ្មី ជា​មួយ​ អាន វិលាល

  • 2018-01-18 02:37:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ចាន់ ភក្ដី ហៅ Shutter ដែល​ជា​ម្ចាស់​បទ​ "អតីត" បាន​បង្ហើប​​ឲ្យ​ដឹង​ថា ឆាប់ៗ​ខាង​មុខ​នេះ ខ្លួន​គ្រោង​ចេញ​បទ​​ចម្រៀង​ថ្មី​មួយ​បទ​ទៀត​​ហើយ ដោយ​បទ​ចម្រៀង​មួយ​បទ​នោះ លោក​នឹង​​ច្រៀង​ចាប់​ដៃគូ​ជា​មួយ តារា​ចម្រៀង លោក​ អាន វិសាល។

បទ​ចម្រៀង​ខាង​លើ​ដែល​​អ្នក​ទាំង​២​គ្រោង​បញ្ចេញ​នោះ​មាន​ចំណង​ជើង​ថា "សង​នាង​ឲ្យ​ខ្ញុំ​វិញ​មក" ​បច្ចុប្បន្ន​បាន​ផលិត​រួច​រាល់​ហើយ គ្រោង​បញ្ចេញ​ប្រហែល​១សប្ដាហ៍​ខាង​មុខ​នេះ។ ម្ចាស់​បទ "អតីត"​ រូប​នេះ​បាន​​បន្ត​ឲ្យ​ដឹង​ថា បទ​ចម្រៀង​មួយ​បទ​នោះ ជា​ចង្វាក់ Slow ដែល​​និយាយ​ពី​​ការ​លួងលោមរបស់​បុរស​​ម្នាក់ ដោយ​ចង់​បាន​សង្សារ​របស់​ខ្លួន​​ឲ្យ​ត្រលប់​មក​វិញ នៅ​ពេល​ដែល​​នាងទៅ​​​រស់​នៅ​ជា​មួយ​របស់​ម្នាក់​ទៀត។

លោក​ថា បទ​ចម្រៀង​មួយ​បទ​នេះ ទាំង​សរសេរ​ប៉ារូល ក៏​ដូច​​ជា មេឡូឌី ​ គឺ​លោក​ជា​អ្នក​ធ្វើ​តែ​ម្នាក់​ឯង ចំណែក​លោក អាន វិសាល គ្រាន់​តែ​ជា​អ្នក​ច្រៀង​ប៉ុណ្ណោះ។ មូលហេតុ​ដែល​នាំ​ឲ្យ អ្នក​​ទាំង​ពី២ ចាប់​ដៃគូ​ច្រៀង​រួម​គ្នា​នេះ ត្រូវ​បាន​លោក Shutter បញ្ជាក់​ឲ្យ​ដឹង​ថា ក៏​ព្រោះ​តែ​អារម្មណ៍​នៃ​បទ​ចម្រៀង​ដែល​លោក​សរសេរ​នោះ ត្រូវ​នឹង​​សំឡេង លោក អាន វិសាល តែ​ម្ដង ម្យ៉ាង​​ពួក​គេ​បាន​រាប់​អាន​គ្នា​ជា​យូរ​ណាស់​មក​ហើយ គួបផ្សំ​លោក​ចង់​ធ្វើ​អ្វី​ដែល​ថ្មីៗ​ផង ​ក៏​សម្រេច​ចិត្ត​ចាប់​ដៃគូ​ជា​មួយ​គ្នា​តែម្ដង​ទៅ។

តារាចម្រៀង ចាន់ ភក្ដី ហៅ Shutter

លោក Shutter មិន​បាន​រំពឹង​ថា ការ​ចាប់​ដៃគូ​ជា​មួយ​លោក អាន វិសាល អាច​ល្បី​ដូច​បទ "អតីត"​ ដែល​លោក​ធ្លាប់​ច្រៀង​រួម​គ្នា​ជា​មួយ​តារា​ចម្រៀង​កូន​កាត់​ខ្មែរ​ថៃ លោក ប៉ាវផ្លយ នោះ​ទេ ដោយ​លោក​ទុក​ឲ្យ​ទស្សនិកជន​ជា​អ្នក​វាយ​តម្លៃ​ចុះ ។ តែ​បែប​ណា​ក្ដី​លោក​ថ្លែង​ថា ក្នុង​នាម​​ជា​អ្នក​សិល្បៈ​ដែល​ចូល​ចិត្ត​ធ្វើ​ស្នាដៃ​ថ្មីៗ លោក​នឹង​ខិត​ប្រឹង ដើម្បី​បម្រើ​​អារម្មណ៍​ទស្សនិកជន រិះរក​អ្វី​ដែល​ថ្មីៗ​ប្លែក។

​ប្រសិន​បើ ​"សង​នាង​ឲ្យ​ខ្ញុំ​វិញ​មក" ចេញ​ទៅ​មាន​ការ​គាំទ្រ​​ច្រើន តារា​ចម្រៀង​ និង​ជា​ជាង​ថត​រូប​ល្បី​ឈ្មោះ​រូប​នេះ គ្រោង​នឹង​ផលិត​ចេញ​ជា ​MV ហើយ​អាច​ចាប់​ដៃគូ​ជា​មួយ ​លោក អាន វិសាល នៅ​បទ​ថ្មីៗ​ជា​បន្ត​បន្ទាប់​ថែម​ទៀត៕

អត្ថបទៈ ស៊ុនហួត

រូបភាពៈ ផ្តល់ឲ្យ

អត្ថបទថ្មី