កន្លែងញ៉ាំអី៧កន្លែងនៅភ្នំពេញ វេចលុយពីផ្ទះត្រឹម២ម៉ឺនឆ្អែតចង់ជ្រុលផង
- 2018-01-19 06:26:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កន្លែងញ៉ាំអី៧កន្លែងនៅភ្នំពេញ វេចលុយពីផ្ទះត្រឹម២ម៉ឺនឆ្អែតចង់ជ្រុលផង
ចន្លោះមិនឃើញ
ថ្ងៃនេះបង Sabay សូមនាំប្រិយមិត្តទៅស្គាល់កន្លែងញ៉ាំអីឆ្ងាញ់ៗ ទោះបីមិនមែនអាហារក្នុងហាងទំនើបមែនតែរសជាតិឆ្ងាញ់មិនណយដែរ មិនត្រឹមប៉ុណ្ណោះតម្លៃធូរ អស់តែត្រឹម២ម៉ឺនហូបតឹងពោះង៉ាងបាត់។
១. នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក
ប្រិយមិត្តដែលឧស្សាហ៍ទៅហាត់ប្រាណនៅស្តាតអូឡាំពិក ប្រាកដជាដឹងហើយថា នៅទីនោះសម្បូរអាហារឆ្ងាញ់ៗមិនខ្វះហូបទេ។ គ្រាន់តែដល់ទីនោះភ្លាមចំហាយក្លិនអាហារជាច្រើនជះមកប៉ះនឹងច្រមុះតែម្ដងដូចជា ប្រហិតចៀន សាច់គោអាំង បុកល្ហុង បាយឆា មីឆា ដាក់លក់តម្រៀបហូរហែ។
បើតាមអ្នកលក់នៅទីនោះប្រាប់ថា ឱ្យតែល្ងាចឡើងមនុស្សម្នាមកញ៉ាំកកកុញ មិនថាតែអ្នកមកហាត់ប្រាណទេ អ្នកខ្លះជិះតម្រង់មកញ៉ាំតែម្ដង។ ចំពោះតម្លៃវិញសមរម្យបំផុត ប្រហិតមួយចង្កាក់១០០០រៀល ទៅ២០០០រៀល បុកល្ហុងមួយចានត្រឹម ៣០០០រៀល បាយឆា មីឆា ត្រឹម ៤០០០រៀលប៉ុណ្ណោះ។
២. នៅសួនមុខវត្តបទុមវតី
ចំណែកឯកន្លែងលក់អាហារឆ្ងាញ់ៗ កន្លែងនេះវិញកាន់តែសម្បូរបែបថែមទៀតមានលក់អាហារសឹងគ្រប់ប្រភេទដូចជា៖ សាច់ស្ងោដោតចង្កាក់ ប្រហិត បាយឆា មីឆា គុយទាវ គ្រឿងសមុទ្រ បបរមាន់ បាញ់ឆែវ សាច់ក្រកអាំង សាច់គោអាំង។ល។
អ្នកលក់ប្រហិតគ្រប់មុខមួយរូបនៅទីនោះប្រាប់ Sabay ថាបើនិយាយពីអាហារឆ្ងាញ់ៗវិញមានគ្រប់មុខ មិនចាញ់ប៊ូហ្វេក្នុងហាងប៉ុន្មានឡើយ។ ជាក់ស្ដែងដូចជារទេះលក់ប្រហិតនេះ អ្នកទៅញ៉ាំអាចដើរចាប់ដោយខ្លួនឯងតាមការពេញចិត្ត ហើយយកមកចម្អិនយ៉ាងច្រើនអស់ត្រឹម ១ម៉ឺនរៀលញ៉ាំមួយឆ្អែត។
៣. នៅតាមបណ្ដោយសួនច្បារវិមានឯករាជ្យជិតក្រសួងបរិស្ថានចាស់
មិនចាញ់ទីតាំងទាំង២ខាងលើប៉ុន្មានឡើយ នៅទីនេះក៏សម្បូរអាហារឆ្ងាញ់ៗច្រើនណាស់ដែរ មិនថាថ្ងៃចុងសប្ដាហ៍ ឫថ្ងៃណាទេយុវវ័យសម្រុកទៅរកអីញ៉ាំពេញតែម្ដង សឹងតែរកកន្លែងចតម៉ូតូគ្មាន។ រទេះជាច្រើនដាក់តម្រៀបលក់ជាជួរយ៉ាងវែងអន្លាយ សុទ្ធតែអាហារគួរឱ្យចង់ញ៉ាំទាំងអស់ដូចជា ប្រហិតស្ងោ ប្រហិតចៀន បបរមាន់ បាយឆាមីឆា បុកល្ហុងល។ ចំណែកឯតម្លៃវិញក៏មិនខុសគ្នាប៉ុន្មានឡើយ មិនចាំបាច់ចំណាយអស់រាប់ម៉ឺនក៏អាចញ៉ាំបានមួយឆ្អែត។
៤. សាច់ចង្កាក់ក្ដៅៗហុយៗនៅផ្សារតាប៉ាង
បើប្រិយមិត្តជិះទៅផ្សារតាប៉ាងកាច់ជ្រុងច្រកឌឿងហែម ប្រាកដជាឈ្ងុយចេញពីសាច់ចង្កាក់គ្រប់មុខ មកប៉ះនឹងច្រមុះតែម្ដង។ បើនិយាយពីរសជាតិវិញក៏ឆ្ងាញ់មិនធម្មតាដែរ សាច់ចង្កាក់ក្ដៅៗយកស្រង់ចេញពីឆ្នាំងភ្លាមៗ យកទៅជ្រលក់ជាមួយទឹកសៀង និយាយពីថា ឆ្ងាញ់អត់ចង់លេបតែម្ដង។ ចំពោះតម្លៃវិញធូរថ្លៃបំផុត ១ចង្កាក់ត្រឹមតែ ១ ៥០០រៀលប៉ុណ្ណោះ។
៥. ជង្រុកអាហារឆ្ងាញ់ៗនៅផ្សារធំថ្មី
អាហារឆ្ងាញ់ៗជាច្រើនមុខ លក់ហូរហែរនៅផ្សារធំថ្មីឲ្យតែបានទៅម្តងៗ ចង់វិលមុខដោយសារសម្បូរអីញ៉ាំពេកមិនដឹងញ៉ាំអីទុកអី។ អាហារឆ្ងាញ់ជាច្រើនមុខដូចជា មឹកអាំង បង្កងអាំង ភ្លៅមាន់អាំង កោះមាន់អាំង មានតម្លៃចាប់ពី១ម៉ឺនរៀលឡើងទៅ។ ក្រៅពីនោះមានដូចជា សាច់គោអាំងនំប៉័ង សាច់ជន្លួញ មួយចង្កាក់តែ ២ ០០០រៀលទេ និងកំពឹសចៀន បង្គាចៀនជាមួយម្សៅបំពងមួយបន្ទះចាប់ពី ៣ ០០០រៀលឡើងទៅ។ ដូច្នេះបើសិនរកនឹកអីញ៉ាំមិនឃើញទេ ទៅផ្សារធំថ្មីទៅមិនខកបំណងទេ។
៦. មីស៊ុបនៅសាលាបឋមទួលទំពូង
ចាប់ផ្ដើមលក់តាំងពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្នមីស៊ុប អ្នកស្រី ដាវី នៅតែល្បីខ្លាំងមានអ្នកខ្លះហូបតាំងពីនៅរៀនសាលាបឋមទួលទំពូង រហូតមានការងារតំណែងធំក៏នៅតែទៅរកមីស៊ុបរបស់អ្នកស្រីហូបដដែល។ មិនត្រឹមតែលក់សម្រាប់សិស្សសាលាប៉ុណ្ណោះទេ តែសូម្បីអ្នកដំណើរ អ្នកធ្វើការ ទាំងរដ្ឋ និងឯកជន ភ្លូកទឹកភ្លូកដី រហូតរកតែអ្នកលក់ដាក់មិនទាន់ផង។
ចំពោះតម្លៃវិញមួយចានត្រឹមតែ ៣ ០០០ រៀលប៉ុណ្ណោះ តែបើថែមប្រហិត គឺ ៤ ០០០រៀល។
៧. នំបញ្ចុកម៉ាក់យាយនៅវត្តបុទម
បើនិយាយពីនំបញ្ចុកវិញមិនខ្វះលក់ទេ នៅភ្នំពេញ តែបើនិយាយពីរសជាតិអាចខុសគ្នា មិនប្រាកដថា សុទ្ធតែឆ្ងាញ់នោះទេ។ តែបើនំបញ្ចុកម៉ាក់យាយនៅវត្តបុទមនិយាយពីថារសជាតិឆ្ងាញ់នោះឆ្ងាញ់ ហូបមួយចានចង់ថែមមួយចានទៀត ដោយសាររសជាតិសម្លស៊ីគ្នាខ្លាំងជាមួយនំ មានទាំងសម្លប្រហើរបង់ប្រហុកឈ្ងុយៗ សម្លណាំយ៉ាសាច់ត្រីខាំអន្ធិល សម្លការីបងខ្ទិះដូងរម្ងាស់ជាមួយមាន់ស្រែពណ៌ក្រហមឆ្អៅម្ទេសហឹរៗទៀតនោះ និយាយថាឆ្ងាញ់រកនិយាយមិនត្រូវ៕