រូបភាព​គួរ​ឲ្យ​ចាប់ចិត្តបំផុត ៥សន្លឹក ប្រចាំសប្ដាហ៍

  • 2018-01-22 03:03:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១. សំរាម​មិន​មែន​ធ្លាក់​ពី​លើ​មេឃ​ទេ​

២. ទី​សោយ​សុខ​ក្រោយ​អាហារ​ពេល​ថ្ងៃ​របស់​អ្នក​ធាក់​ស៊ីក្លូ

៣. ​​​​ប្រភព​បន្លែ​លើ​ទឹក​នៅ​ភ្នំពេញ​

៤. ​​​​របរ​ចាក់​បង្គា​អ្នក​ភូមិ​ចង្ហោន​ខេត្ត​កំពត

៥. បឹង​យក្ស​លោម​ខេត្ត​រតនៈ​គិរី

កាល​ពី​សប្ដាហ៍​មុន​នេះ ក្រុម​ការងារ​អ្នក​ថតរូប​ Sabay បាន​ផ្ដិត​រូបភាព​ប្លែកៗ កើត​មាន​នៅ​ក្នុង​សង្គម​ ក៏ដូចជារឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដើម្បីបង្ហាញ​ជូន​មិត្ត​អ្នក​អាន។ រូបភាព ៥សន្លឹក នោះ​ ទាក់ទង​នឹង​បញ្ហា​សំរាម ជីវិត​អ្នក​ធាក់ស៊ីក្លូ ប្រភព​បន្លែនៅ​រាជធានី របរ​​ចាក់​បង្គា​ នៅ​ខេត្ត​កំពត និង​ទេសភាព​ស្រស់ត្រកាល​បឹងយក្សលោម ខេត្តរតនៈគីរី។

តោះ! ទស្សនា​រូបភាពខាងក្រោម​នេះ​ ទាំង​អស់​គ្នា៖

សំរាម​មិន​មែន​ធ្លាក់​ពី​លើ​មេឃ​ទេ​

សំរាម​មិន​មែន​ធ្លាក់​ពី​លើ​មេឃ​ទេ​ បើ​ពួក​យើង​មិន​បោះ​ចោល​ពាស​វាល​ពាស​កាល​នោះ។ រូបភាព​មួយ​សន្លឹក​នេះ ​អាច​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​​មួយ​ដែល​អាច​ជា​គំរូ​ល្អ​ដល់​មនុស្ស​ដទៃ​ផ្សេង​ទៀត​ដែល​មាន​ចំណេះ​ តែ​មិន​បាន​ធ្វើ​ដូច​ពួក​គាត់​ទាំង​នេះ​។ រូប​ភាព​នេះ ​គឺ​ជា​និស្សិត​របស់​សកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង​យក​សំរាម​ និង​កាកសំណល់​អាហារ​ពេល​ព្រឹក ​ដែល​ពួក​គាត់​​​បរិភោគ​រួច​យក​មក​ដាក់​ក្នុង​ធុង​សំរាម​នៅ​លើ​សួន​ច្បារ​មួយ​នៅ​មុខ​សាលា​។​

ទី​សោយ​សុខ​ក្រោយ​អាហារ​ពេល​ថ្ងៃ​របស់​អ្នក​ធាក់​ស៊ីក្លូ

​អ្នក​ធាក់​​ស៊ីក្លូ​វ័យ​កណ្ដាល​ម្នាក់​កំពុង​សម្រាក​ក្រោម​ដើម​ឈើ​ធំ​មួយ​នៅ​ខាង​ជើង​ជាប់​​របង​សាលា​បឋម​សិក្សា​វត្ត​កោះ​ក្រោយ​អាហារ​ពេល​ថ្ងៃ​រួច​។ ​​​ជា​រៀង​រាល់​ថ្ងៃ​ក្រុម​អ្នក​ធាក់​ស៊ីក្លូ​មួយ​ភាគ​ច្រើន​គឺ​តែង​តែ​មក​សម្រាក​ និង​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​នៅ​ទី​នេះ​ដោយ​យក​ដើម​ឈើ​ និង​សំយាប​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ម្ដុំ​នោះ​ធ្វើ​ជា​ទី​​សម្រាក​យ៉ាង​សោយ​សុខ​របស់​ខ្លួន​។ សព្វ​ថ្ងៃ​នៅ​កម្ពុជា​មាន​ស៊ីក្លូ​សរុប​៤០០គ្រឿង​តែ​ប៉ុណ្ណោះ​ ហើយ​ជីវភាព​របស់​បង​ប្អូន​ដែល​ប្រកប​របរ​ដែល​មាន​អាយុ​កាល​ជិត​១០០ឆ្នាំ​នេះ​នៅ​តែ​មាន​ជីវភាព​លំបាក​ដដែល​។ ​

​​​​ប្រភព​បន្លែ​លើ​ទឹក​នៅ​ភ្នំពេញ​

បុរស​២​នាក់​កំពុង​ចែវ​ទូក​ទៅ​កាត់​បន្លែ​ត្រកួន​ និង​កញ្ឆែត​នៅ​ចម្ការ​លើ​ទឹក​របស់​ខ្លួន​ក្នុង​បឹង​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។ បឹង​ចម្ការ​បន្លែ​លើ​ទឹក​ដែល​មាន​ទី​តាំង​នៅ​ជាប់​ផ្លូវ​៦០​ម៉ែត្រ​ខាង​ក្រោយ​មជ្ឈមណ្ឌល​ប្រល័យ​ ពូជ​សាសន៍​ជើង​ឯក​នេះ​គឺជា​ទីតាំង​ដាំ​ដុះ​បន្លែ​ ត្រកួន កញ្ឆែត​ធំ​មួយ​​សម្រាប់​ផ្គត់​ផ្គង់​ដល់​ផ្សារ​បោះ​ដុំ​បន្លែ​នាគ​មាស​។ បន្លែ​កញ្ឆែត ត្រកួន​ដែល​យក​ពី​​ទីនេះ​​លក់​បោះ​ដុំ​ក្នុង​១គីឡូ​ចន្លោះ​ពី​១៥០០រៀល​ទៅ​៣ពាន់​រៀល។

​​​​របរ​ចាក់​បង្គា​អ្នក​ភូមិ​ចង្ហោន​ខេត្ត​កំពត

នេះ​គឺជា​ក្មេងៗ​​ និង​ភ្ញៀវ​ទេសចរ​កំពុង​ដើរ​ចាក់​បង្គា​នៅ​ភូមិ​មួយ​នៅ​ជាប់​សមុទ្រ​ខេត្ត​កំពត​។ ​​នៅ​រាល់​ពេល​ល្ងាច​​ទឹក​សមុទ្រ​នាច​ប្រជាពលរដ្ឋ ​ពិសេស​ក្មេងៗ​ដែល​រស់​នៅ​​​ភូមិ​ចង្ហោន ស្រុក​ទឹកឈូ ​ខេត្ត​កំពត​ដែល​មាន​ចម្ងាយ​ពី​ក្រុង​កំពត​ប្រមាណ​ជា​២០​គីឡូម៉ែត្រ​ចាប់​ផ្ដើម​ចេញ​រក​ចាក់​បង្គា​ធ្វើ​ម្ហូប និង​លក់​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​នៅ​ក្នុង​ភូមិ​​របស់​ខ្លួន​។

បឹង​យក្ស​លោម​ខេត្ត​រតនៈ​គិរី

ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ម្នាក់​កំពុង​លោត​ទឹក​លេង​នៅ​បឹង​យក្ស​លោម​ ដែល​ជា​រមណីយដ្ឋាន​ដ៏​ល្បី​មួយ​នៅ​ប្រចាំ​ខេត្ត​រតនៈ​គិរី។ បឹង​យក្ស​លោម​គឺ​ជា​​រមណីយដ្ឋាន​បែប​ធម្មជាតិ​មួយ​ល្បី​ប្រចាំ​ក្រុង​បានលុង​ ខេត្ត​រតនៈ​គិរី​ ភាគ​ឦសាន​ក្នុង​​នៃ​​ប្រទេស​កម្ពុជា​​​​។ បឹង​កើត​ចេញ​ពី​បន្ទុះ​ភ្នំ​ភ្លើង​មួយ​នេះ​មាន​បរិមាត្រ ២ ៦១២ម៉ែត្រ ដែល​មាន​អង្កត់​ផ្ចិត​ ៨០០​ម៉ែត្រ និង​ជម្រៅ ​៥០ម៉ែត្រ៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី