មួយប៉ព្រិចភ្នែក! ​បង្រ្កាប​ទីតាំង​ផលិត​ប៊ីចេង​ក្លែងក្លាយ​ ៣កន្លែង​នៅភ្នំពេញ​

  • 2018-01-24 05:02:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កម្លាំង​នគរបាលប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួង​មហាផ្ទៃ ​សហការ​ជាមួយ​មន្រ្តី​កាំកុងត្រូលផែស្ងួត​ចុងទី​ភ្នំពេញ បានចុះបង្រ្កាប​ទីតាំងផលិតប៊ីចេង​សញ្ញារួបវែក​ក្លែងក្លាយ ចំនួន ៣កន្លែង ​ស្ថិត​នៅក្នុង​សង្កាត់​បឹង​ព្រលឹត​ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី២២ មករា និង​ថ្ងៃ​ទី២៣ ខែមករានេះ។

ការចុះ​បង្ក្រាប​នេះ​ ដឹកនាំដោយ​លោក លី សុផាន់ណា​ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​លោក​ឧត្តមសេនីយ៍​ឯក ចាន់ វ៉ាន់ធឿន ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច។ ប្រតិបត្តិការ​នេះ​ គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន​ប៊ីចេង​នៅថៃ​ឈ្មោះ​ Thai Fermentation Industry Co., Ltd. បានដាក់​ពាក្យបណ្ដឹង​មក​សមត្ថកិច្ច​កម្ពុជា ពីការ​ក្លែង​ម៉ាក​ប៊ីចេង​សញ្ញា​រូប "វែក" ​។

ទីតាំង​វេចខ្ចប់​ ស្តុក និង​ចែកចាយ​ប៊ីចេង​ក្លែងក្លាយ​សញ្ញា​រូបវែក​ ដែល​សមត្ថកិច្ចចុះ​បង្ក្រាប​ រួមមាន​៖

  • ទីតាំងទី១ ​ស្ថិតនៅ​ចំណុចផ្ទះ​លេខ២៣ ផ្លូវ១២៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។ សមត្ថកិច្ច​​ដកហូត​បាន ប៊ីចេង ចំនួន ៥៣បេ ស្មើនឹង ១៣៦៤គីឡូក្រាម ប៊ីចេងមិនទាន់​វេចខ្ចប់​ចំនួន ៧៦បេ ស្មើនឹង ១៨៩៨ គីឡូក្រាម សំបកវេចខ្ចប់​ទំងន់ ៩៩ គីឡូក្រាម ម៉ាស៊ីន​អ៊ុតមាត់​ថង់ ១គ្រឿង និងម៉ាស៊ីន​វេចខ្ចប់ ១គ្រឿង។

  • ទីតាំងទី២ ស្ថិតនៅចំណុចផ្ទះ១៤B ផ្លូវ១៤១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។ សមត្ថកិច្ច​​ដកហូត​ប៊ីចេង​​ក្លែងក្លាយ​ចំនួន៨០០​កញ្ចប់តូច ស្មើនឹង ២៧៥គីឡូក្រាម និង​សំបក​ខ្ចប់មួយ​ចំនួនទៀត។

  • ទីតាំងទី៣ ស្ថិតនៅ​ផ្ទះ១០ ផ្លូវ​១៤១​ សង្កាត់​បឹង​ព្រលឹត​ ខណ្ឌ៧មករា​ រាជធានី​ភ្នំពេញ​។

វត្ថុតាងទាំងអស់ដែល​សមត្ថកិច្ចបាន​រកឃើញ ត្រូវ​បានដកហូត​យកទៅរក្សា​ទុកនៅ​នាយកដ្ឋាន​នគរបាល​ប្រឆំាង​បទល្មើស​សេដ្ឋកិច្ច​។ ​ចំណែក​ម្ចាស់​ទីតាំង​ ត្រូវ​បាន​នាំ​ទៅ​នាយកដ្ឋាន​ដូចគ្នា ​ដើម្បី​បន្ត​នីតិវិធី និងចាត់វិធានការ​តាម​ច្បាប់៕

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ ស៊ិន សាវ៉េត