តាមសំណូមពរ អភិបាលក្រុងសម្រេចធ្វើប្រឡាយថ្មីជិត១ ៥០០ម៉ែត្រនៅតំបន់ពិសេសមួយ
- អាទិត្យ, 28 មករា 2018 09:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមសំណូមពរ អភិបាលក្រុងសម្រេចធ្វើប្រឡាយថ្មីជិត១ ៥០០ម៉ែត្រនៅតំបន់ពិសេសមួយ
ចន្លោះមិនឃើញ
អភិបាលក្រុងភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានសម្រេចឲ្យសាងសង់គម្រោងប្រឡាយស្ទឹងមានជ័យលើប្រវែងជិត ១ ៥០០ ម៉ែត្រ តាមសំណូមពរប្រជាពលរដ្ឋរស់នៅតំបន់ស្ទឹងមានជ័យ។ ប្រឡាយជញ្ជាំងបេតុងថ្មីនេះ នឹងធ្វើចាប់ពីស្ពានអាកាសស្ទឹងមានជ័យដល់ទ្វារទឹកដើមស្លែង ផ្លូវលេខ ៣៧១។
កាលពីថ្ងៃទី ២៧ មករា ម្សិលមិញនេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញចុះពិនិត្យដំណើរការកាយសំរាម ចាក់ដី និងសាងសង់ប្រឡាយបេតុងស្ទឹងមានជ័យ។ ជាលទ្ធផល ក្រុមការងារសាលារាជធានី និងមន្ទីរសាធារណការភ្នំពេញ បានកាយសំរាមនិងភក់ដឹកចេញបានបរិមាណ ១១ ០០០ម៉ែត្រគូបនៃសំរាមសរុប ៤៣.០០០ម៉ែត្រគូប និងបានចាក់ដីខ្សាច់បានបរិមាណ ៧៥ ០០០ម៉ែត្រគូបនៃដីខ្សាច់សរុប ១៧៥.០០០ម៉ែត្រគូប។
ឯកឧត្តម គូសបញ្ជាក់ថា ប្រឡាយស្ទឹងមានជ័យមាន មានសារៈសំខាន់ណាស់ ក្នុងការរំដោះទឹកជំនន់ទឹកភ្លៀង ចេញពីតំបន់ព្រលានយន្តហោះផ្នែកខាងត្បូង និងខាងកើត ផ្លូវ២០០៤ ផ្លូវ២០០២ និងតំបន់ប្រមូលទឹកស្ទឹងមានជ័យ ដោយបង្ហូរទំលាក់ទៅតាមប្រឡាយមេស្ទឹងមានជ័យ ឆ្កោះទៅស្ថានីយបូមទឹកបឹងទំពុន។
ចំពោះគម្រោងសាងសង់ប្រឡាយថ្មី មន្ទីរសាធារណការ បានសិក្សារួចរាល់ហើយ នឹងស្ថាបនាប្រវែង ១៤៩៨ម៉ែត្រ និងទទឹង ៨ម៉ែត្រ ក្នុងពេលឆាប់ៗនេះ៕