Rooney បញ្ចេញវោហារប្រៀបធៀប Sanchez នឹងអតីតកីឡាករ Man Utd មួយរូប
- 2018-02-06 12:55:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rooney បញ្ចេញវោហារប្រៀបធៀប Sanchez នឹងអតីតកីឡាករ Man Utd មួយរូប
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ វីរបុរសក្លឹប Manchester United ខ្សែប្រយុទ្ធ Wayne Rooney ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Everton បានហៅ Alexis Sanchez ជាកីឡាករដ៏ល្អឥតខ្ចោះសម្រាប់ក្លឹបបិសាចក្រហម។ ខ្សែប្រយុទ្ធអង់គ្លេសប្រៀបធៀបខ្សែប្រយុទ្ធស៊ីលី ទៅនឹង Carlos Tevez ដែលធ្លាប់លេងឲ្យក្លឹបពីឆ្នាំ ២០០៧-០៩។
Rooney បានថ្លែងក្នុងកម្មវិធី Monday Night Football ថា៖ "ចំពោះខ្ញុំ គេ(Sanchez) ជាកីឡាករដ៏ល្អឥតខ្ចោះសម្រាប់ Manchester United។ គេមានបច្ចេកទេសប្រយុទ្ធល្អ មានទឹកចិត្តមោះមុត និងជាប្រភេទកីឡាករដែលលេងដើម្បីឈ្នះ"។ ខ្សែប្រយុទ្ធអង់គ្លេសបានបន្ត៖ "ខ្ញុំគិតថា កីឡាករប្រភេទហ្នឹងហើយ ដែល Manchester United ខ្វះកាលពីមុន។ ក្លឹបខ្វះកីឡាករដែលជួយជ្រោមជ្រែងឲ្យ Romelu Lukaku ស៊ុតចូលទី។ ដូច្នេះ វត្តមានរបស់ Sanchez នឹងជួយឲ្យ Lukaku រកគ្រាប់បាល់បានកាន់តែច្រើន"។
វីរបុរសក្លឹបរូបនេះ បានគូសបញ្ជាក់ទៀតថា៖ "Sanchez គឺដូច Carlos Tevez អ៊ីចឹង ដែលសុទ្ធសឹងជាប្រភេទកីឡាករដែលធ្វើឲ្យកីឡាករជុំវិញខ្លួនឡើងទម្រង់លេងពី ១០ ទៅ ១៥ភាគរយ បន្ថែមពីលើសមត្ថភាពដែលពួកគេមាន"។
កាលពីចុងខែមករា ខ្សែប្រយុទ្ធ Sanchez បានចាកចេញពីក្លឹប Arsenal មកចូលរួមជាមួយក្លឹបបិសាចក្រហម។ រហូតមកទល់ពេលនេះ កីឡាករស៊ីលីលេងបាន ៣ប្រកួតហើយឲ្យក្លឹបថ្មីខ្លួន ក្នុងនោះស៊ុតចូលទីបាន ១ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបានចំនួន ១គ្រាប់៕