មក​ថត​រឿង​នៅស្រុកខ្មែរ២​លើក​ ​អម្ពរ ទេវី ឆក់​​យក​បេះ​ដូង​​កំលោះ ប៊ុត សារ៉ាវុធ បាត់​

  • 2018-02-07 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​​ ប៊ុត សារ៉ាវុធ បាន​ប្រាប់​ថា​​ តារា​សម្ដែង​ស្រី​មួយ​រូប​អាច​ឆក់​យក​បេះ​ដូង​លោក​បាន​ដោយ​មិន​ដឹង​ខ្លួន​​គឺ​​​អ្នក​នាង អម្ពរ ទេវី ។

ប៊ុត សារ៉ាវុធ ថា​ ហេតុ​ផល​ដែល​​ខ្លួន​ស្រលាញ់​ចូល​ចិត្ត​អ្នកនាង អម្ពរ ទេវី ខ្លាំង​ដោយ​សារ​តែ​តារា​សម្ដែង​ជើង​ចាស់​រូប​នេះ​​អាច​សម្ដែង​បាន​គ្រប់​ទម្រង់​​ទាំង​អស់​ ជាពិសេស​​​គឺ​តួ​អង្គ​បែប​​ក្រមិចក្រមើម ធ្វើ​ឲ្យ​​មហា​ជន​​ដែល​បាន​​ទស្សនា​ហើយ​​​ជក់​ចិត្ត​ដិត​អារម្មណ៍​​ ចំពោះ​សមត្ថភាព​​ពុំ​អាច​កាត់​ថ្លៃ​បាន​មួយ​នេះ​។

​​​​​​​ កំលោះ​សង្ហា​រូប​នេះ​បន្ថែម​ថា ក្រៅ​ពី​មាន​សមត្ថភាព​សម្ដែង​ហើយ​នោះ​ អ្នកនាង អម្ពរ ទេវី ​គឺ​ជា​តារា​សម្ដែង​ជើង​ចាស់​មួយ​រូប​​មាន​អត្តចរិត​ល្អ​ រួសរាយ​រាក់ទាក់​​មិន​ប្រកាន់​ខ្លួន​​​ ទោះ​បី​មាន​ឈ្មោះ​ជា​កំពូល​តារា​សម្ដែង​ស្រី​​ដ៏​មាន​ប្រជា​ប្រិយភាព​ខ្លាំង​​នា​ទសវត្សរ៍​ ៩០ របស់​កម្ពុជា​ក៏​ដោយ​។ ដូច្នេះ​​តារា​សម្ដែង​ស្រករ​ក្រោយ​គួរ​តែ​យក​គំរូ​តាម​ មិន​ត្រូវ​មើល​រំលង​ឡើយ​។

តួ​ឯក​ប្រុស​ក្នុង​រឿង ​"​នាង​រក្សា​" រៀប​រាប់​ថា​៖​“អ្វី​ដែល​ខ្ញុំ​បាន​រៀន​សូត្រ​ពី​គាត់​នោះ​ គឺ​ការ​សម្ដែង​ នៅ​ពេល​ខ្ញុំ​បាន​ថត​រឿង​ "ទឹក​ចិត្ត​ម្ដាយ​សម័យ​ថ្មី​" ​​ជាមួយ​គាត់ ទោះ​បី​ខ្ញុំ​មិន​ដែល​ជួប​គាត់​ផ្ទាល់​ពី​មុន​មក​ តែ​មាន​អារម្មណ៍​ថា​ស្និទ្ធស្នាល​ ដូច​ម្ដាយ​ និង​កូន​បង្កើត​ហើយ​ខ្ញុំ​ស្រលាញ់​ និង​គោរព​គាត់​ណាស់​​​​"។

បើ​មាន​ឱកាស​ ប៊ុត សារ៉ាវុធ ចង់​​ថត​រឿង​ជាមួយ​អ្នក​នាង​ អម្ពរ ទេវី ​ជា​ថ្មី​ម្ដង​ទៀត​ ព្រោះ​ការ​ត្រលប់​មក​​សម្ដែង​រឿង​ជា​លើក​ទី​២​នៅ​​ប្រទេស​កំណើត​​ លោក​មិន​​​មាន​វត្តមាន​សម្ដែង​ជាមួយ​តារា​សម្ដែង​ជើង​ចាស់​រូប​នេះ​ឡើយ​ ។ ដូច្នេះ​​ខ្លួន​សង្ឃឹម​ និង​ជឿជាក់​ថា​ បាន​ថត​​ភាព​យន្ត​ជាមួយ​គ្នា​ម្ដង​ទៀត​នៅ​ថ្ងៃ​ណា​មួយ​៕​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី