អត្តពលិក​កូរ៉េ​ខាង​ជើង​មិន​អាច​យក​ Note8 ដែល​ Samsung ចែក​ហ្វ្រីៗ​ ទៅ​ស្រុក​បាន​នោះ​ទេ

  • 2018-02-08 03:44:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បាន​ប្រកាស​កាល​ពី​ពេល​កន្លង​ទៅ​ថា​នឹង​ចែក​ Galaxy Note8 ដែល​ផលិត​យ៉ាង​ពិសេស​ចំនួន​ជាង​ ៤ ០០០ គ្រឿង​ដល់​អត្តពលិក​ដែល​ចូល​រួម​​ព្រឹត្តិការណ៍​​កីឡា​អូឡាំពិក​​រដូវ​រងា​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ នា​ខែ​កុម្ភៈ​នេះ។

យ៉ាងណាក្ដី​អត្តពលិក​មក​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​ រួម​ទាំង​ប្រទេស​អ៊ីរ៉ង់​ នឹង​មិន​អាច​​យក​ស្មាតហ្វូន​នេះ​ត្រឡប់​ទៅ​​ប្រទេស​របស់​ខ្លួន​បាន​នោះ​ទេ ដោយ​សារ​ច្បាប់​របស់​អង្គការ​សហប្រជាជាតិ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​រៀប​ចំ​ព្រឹត្តិការណ៍។ ច្បាប់​របស់​អង្គការ​សហប្រជាជាតិ​​បាន​ហាម​ឃាត់​ការ​យក​ Note8 ចូល​ប្រទេស​កូរ៉េ​ខាង​ជើង​ និង​អ៊ីរ៉ង់​ដោយ​សារ​តែ​គេ​យល់​ថា​វា​អាច​​ប្រើ​ជា​សព្វាវុធ​មួយ​បាន។

កាល​ពី​ឆ្នាំ​ ២០១៦ ក្រុមហ៊ុន​ Samsung ក៏​បាន​​ផលិត​ Galaxy S7 Edge ស៊េរី​ពិសេស​សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​​នៅ​ទីក្រុង​ Rio de Janeiro ​ប្រទេស​ប្រេស៊ីល​ ដែល​ចែក​ឲ្យ​អត្តពលិក​ និង​មាន​លក់​​សម្រាប់​​អតិថិជន​ដែល​ចាប់​អារម្មណ៍​ផង​ដែរ។ ខណៈ​នោះ​​អត្តពលិក​កូរ៉េ​ខាង​ជើង​​ក៏​មិន​អាច​យក​ Galaxy S7 Edge បាន​ដូច​គ្នា​ ដោយ​​គណៈកម្មការ​បាន​ដក​ហូត​វា​ពី​អត្តពលិក​ចំនួន​ ៣១ រូប។

នេះ​ក៏​ដោយ​សារ​ S7 Edge ​ជា​ឧបករណ៍​ល្មើស​ច្បាប់​របស់​កូរ៉េ​ខាង​ជើង​ដែល​​​​ហាម​ឃាត់​​​ឧបករណ៍​ GPS។ ​មិន​តែ​ប៉ុណ្ណោះ​មាន​ប្រើ​ឡូហ្គោ​​ Samsung ​ម៉ាក​សញ្ញា​មួយ​របស់​កូរ៉េ​ខាង​ត្បូង​ ជា​ប្រទេស​​ជិត​ខាង​ដែល​មិន​ត្រូវ​គ្នា​​នឹង​កូរ៉េ​ខាង​ជើង​​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៤៥ មក៕​​​​​​​​

​​​​​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី