អាហារសម្រន់តាមរដូវ របស់អ្នកខេត្តកំពត អ្នកលក់ថា«ឆ្ងាញ់»
- 2018-02-08 09:50:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារសម្រន់តាមរដូវ របស់អ្នកខេត្តកំពត អ្នកលក់ថា«ឆ្ងាញ់»
ចន្លោះមិនឃើញ
ត្នោតដុះជាអាហារសម្រន់មួយប្រភេទសម្រាប់អ្នកខេត្តកំពត តែអាហារប្រភេទនេះមិនមានគ្រប់រដូវកាលនោះទេ ពោលគឺមានតែចន្លោះពីខែសីហា ដល់ខែកុម្ភៈ តែប៉ុណ្ណោះ។
ដំបូងឡើយត្នោតដុះនេះប្រជាពលរដ្ឋមួយចំនួនក្នុងខេត្តនេះអាចដើរដកតាមក្រោមដើមត្នោតដើម្បីយកទៅស្ងោរទទួលទាន។ ពេលវេលាប្រែប្រួល ត្នោតដុះទាំងនេះត្រូវបានប្រជាពលរដ្ឋខ្លះដាំដោយខ្លួនឯងវិញសម្រាប់ស្ងោរលក់បន្ត។ អ្នកស្រី យក់ ហាវ ជាអ្នកស្ងោរត្នោតដុះលក់ លើកឡើងថាអ្នកស្រីបានដើររើសត្នោតមកឲ្យគោស៊ី និងបានយកគ្រាប់ត្នោតទាំងនោះទៅគរទុកឲ្យដុះដោយមានរោយដីពីលើផង និងស្រោចទឹកជាប្រចាំផង។ ធ្វើបែបនេះអ្នកស្រីថាដើម្បីឲ្យត្នោតដុះបានល្អ ហើយរយៈពេលប្រាំទៅប្រាំមួយខែទើបអាចដកស្ងោរលក់បាន។
អ្នកស្រីបន្ថែមថាៈ «ជាជាងបោះវាចោលស្តាយវា ព្រោះត្នោតច្រើនណាស់... មិនលក់ធ្វើមានបានអ្វីទេ»។ អ្នកស្រីឲ្យដឹងថាកូនត្នោតដុះដែលស្ងោររួច អាចលក់បានក្នុងតម្លៃ៥០០រៀលក្នុងមួយដុំ ដែលមានកូនត្នោតដុះចំនួនបី។ បើលក់ឲ្យអ្នកលក់បន្ត អ្នកស្រីថា បានមួយដុំតែ៧០០រៀលប៉ុណ្ណោះ ដែលមួយដុំមានកូនត្នោតចំនួនប្រាំមួយ។ លក់ម្តងអ្នកស្រីថាបានប្រាក់ពី៤ម៉ឺនទៅ៦ម៉ឺនរៀល ហើយពីបីថ្ងៃទៅមួយសប្តាហ៍ទើបអាចដកកូនត្នោតលក់បានម្តង។
អ្នកស្រុកឈូក រូបនេះឲ្យដឹងទៀតថាត្នោតដុះដែលល្អគឺមានរាងវែងៗ ថ្លោស និងមានពណ៌លឿងក្រម៉ៅបន្តិច។ ក្រោយពីជីកបាន អ្នកស្រីថាត្រូវយកទៅចិតឫស និងលាងទឹកសម្អាតឲ្យស្អាត មុនដាក់ស្ងោរពី១០ ទៅ១៥នាទី។ ពេលទទួលទានអ្នកស្រីថាត្រូវបកសំបកចេញ និងថាចំពោះអ្នកដែលមិនធ្លាប់ទទួលទាន ដំបូងអាចមានរសជាតិល្វីងតិចៗ តែបើបានទទួលទានច្រើនបន្តិច នឹងទទួលបានរសជាតិឆ្ងាញ់មិនខាន៕