ទម្រាំបាន​ផ្កាអង្គាសីល​មក​លក់​ម្តងៗ ត្រូវចូល​ព្រៃ​មិនចេះ​ជិត

  • 2018-02-12 02:37:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួន​ដែល​ប្រកបរបរ​​លក់​ដើម​ផ្កា​អង្គាសីល​​មុន​ថ្ងៃ​ចូល​ឆ្នាំ​ចិន​លើក​ឡើង​ថា​បច្ចុប្បន្ន​មិន​ងាយ​រក​បានទេ​​ដោយ​ថា​តំបន់​ដែល​ធ្លាប់​មាន​​ផ្កា​ប្រភេទ​នេះ​បាន​ក្លាយ​ជា​ដី​ចម្ការ និង​ម្យ៉ាង​ត្រូវ​រើស​រក​ដើម​ណា​ដែល​អាច​ចេញ​ផ្កា​ច្រើន​ផង។

អ្នកស្រី​ ចាន់ ស្រីមួយ រស់​នៅ​ស្រុក​ឈូក ខេត្ត​កំពត ដែល​បាន​ប្រកប​បរបរ​លក់​ដើម​ផ្កាអង្គាសីល​ លើក​ឡើង​ថា​អ្នកស្រី និង​សមាជិក​គ្រូួសារ​ផ្សេងទៀត​តែង​ចូល​ព្រៃ​នៅ​តំបន់​ភ្នំជិតៗ​ផ្ទះ​ដើម្បី​កាត់​ដើមផ្កា​​យក​មក​លក់​មុន​ថ្ងៃ​ចូល​ឆ្នាំចិន​ចូល​មក​ដល់​។

(អតិថិជន​ម្នាក់​កំពុង​ទិញ​ដើម​ផ្កាអង្គាសីល​ពី​អ្នកភូមិ​​នៅ​ផ្សារឈូក ខេត្ត​កំពត)

អ្នក​ស្រី​បន្តថា​ទម្រាំដល់​ថ្ងៃ​ចូល​ឆ្នាំ​ចិន​អ្នកស្រី​អាច​ទៅ​រក​ដើម​ផ្កាអង្គាសីល​​មក​លក់​បាន​ពី​ប្រាំ​ទៅ​ប្រាំមួយ​ដង។ អ្នកស្រី​ឲ្យ​ដឹងទៀតថា​ឆ្នាំនេះ​កាន់តែ​ពិបាក​ជាង​ឆ្នាំ​មុនៗ​ក្នុង​ការរក​ដើម​ផ្កាអង្គាសីល​ដោយ​ថា​ត្រូវ​ចូល​ទៅ​កាន់​​ព្រៃភ្នំជ្រៅជាង​មុន​ ដែល​មាន​ចំងាយ​កាន់​តែឆ្ងាយ រហូត​ដល់២០គីឡូម៉ែត្រ​ពី​ភូមិ​។

អ្នកស្រី​បន្ថែមថាៈ «ពេល​ទៅ​ដល់​ក៏​មិន​មែន​កាប់​យកៗ​ដែរ​ ត្រូវ​ដើរ​រក​ដើម​ណា​ដែល​មាន​ចេញ​ផ្កា​ទើប​កាប់​យក​...មិន​ស្រួល​កាប់​ទេ​កាល​មុន​សម្បូរ​ តែ​ឥឡូវ​ ដើរ​ប៉ះ​១០​ ដើម​មិន​ទាន់​កាប់​បាន​មួយ​ដើម​ផង​ ឥឡូវ​ដី​គេ​វាត​ដាំដំណាំ​ចង់​អស់ហើយ​ ចូល​ព្រៃ​ជ្រៅ»។

ដើម្បី​បាន​ផ្កាអង្គាសីល​មក​លក់​ អ្នកស្រីថា ត្រូវ​ចំណាយ​ពេល​ជិត​មួយ​ថ្ងៃ​គឺ ចេញ​ពីផ្ទះ​នៅ​ពេល​ព្រលឹម​និង​ត្រឡប់​វិញ​នៅ​ពេល​រសៀល ហើយ​ថា​ក្នុង​មួយ​ជើង​អាច​លក់​បាន​ប្រាក់​ចន្លោះពី​៦ម៉ឺន ទៅ​៧​ម៉ឺន​ប៉ុណ្ណោះ។​

ពល​រដ្ឋខ្មែរ​ជាប់​សែស្រឡាយ​ចិន​ម្នាក់ អ្នកស្រី ស៊ីវ ចេង មាន​ប្រសាសន៍​ថា​មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​​ចូល​មក​ដល់​ពល​រដ្ឋ​ខ្មែរជាប់​សែស្រឡាយ​ចិន​ទិញ​ដើម​ផ្កា​អង្គាសីល​ដាក់​ផ្ទះ​ ដោយ​មាន​ជំនឿថា បើ​កាល​ណា​ផ្កា​អង្គាសីល​ចេញ​ផ្កាល្អ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​នឹង​អាច​រក​ស៊ី​មាន​បាន​ តែ​បើ​មិន​ចេញផ្កា​ទេ អាច​ជា​ប្រផ្នូល​​ថា រាសី​ធ្លាក់​ចុះ​។​

ត្រង់​ចំណុច​នេះ​ហើយ​ អ្នក​លក់​ផ្កា​អង្គាសីល​ដូច​ជា​អ្នកស្រី ចាន់ ស្រីមួយ ​ចាត់ទុក​ថា​ការ​ដើរ​កាប់​ផ្កា​អង្គាសីល​ពិបាក​មួយ​កម្រិត​ទៀត​។ មិនត្រឹម​តែពិបាក​រកទេ តែ​ថា​ត្រូវ​រក​ដើម​ផ្កាណាដែល​មាន​ស្នាមពកៗ​​ច្រើន ដែល​មាន​ន័យ​ថា​អាច​នឹង​មាន​ផ្កា​ចេញ​ច្រើន​៕​​

អត្ថបទដោយ៖ គីម សាយ

អត្ថបទថ្មី