ទំនង​ប្លែក! ទិញ​ក៏បាន ដូរ​ក៏បាន

  • 2018-02-13 04:03:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ឪឡឹក ពោត ស្ករស ប៊ីចេង លក់​ក៏លក់ ដូរក៏ដូរ!» នេះគឺជាសំឡេង​បន្លឺ​ចេញ​ពី​ឧគ្ឃោសនសព្ទ​ភ្ជាប់​នឹង​រ៉ឺម៉ក​​ម៉ូតូ​មួយ​គ្រឿង​ផ្ទុក​ទៅ​ដោយ​ពោត​ ឪឡឹក​ ដែល​ខ្ចប់​ដាក់​ថង់​រួច​ជា​ស្រេច​រួម​ជា​មួយ​នឹង​បណ្ដា​គ្រឿង​ទេស​មួយ​ចំនួ​ន​ទៀត​។

(លោក ពេញ សឿន អ្នក​លក់​ឆ្លងខេត្ត ទិញ​ក៏បាន ដូរជាមួយ​ស្រូវ​ក៏បាន)

លោក ពេញ ស្រឿន អ្នក​រស់​នៅ​ស្រុក​មង្គល​បុរី ខេត្ត​បន្ទាយមាន​ជ័យ ដឹក​ទំនិញ​ទាំង​នេះ​មក​លក់ និង​ដូរ​ស្រូវ​ជា​មួយ​ប្រជាពល​រដ្ឋ​តាម​បណ្ដា​ភូមិ​ឃុំនានា​ នៅ​ស្រុក​ក្រឡាញ់ និង​អង្គរ​ជុំ​ ខេត្ត​សៀម​រាប​​ជារៀង​រាល់​ថ្ងៃ​។

ទោះ​បី​ជា​របៀប​ធ្វើ​ជំនួញ​នេះ​​មាន​លក្ខណៈ​ប្លែក​បន្ដិចក្ដី ក៏​ប៉ុន្ដែ​លោក ពេញ ស្រឿន ឲ្យ​ដឹង​ថា​ ធ្វើ​បែបនេះ​ស្រប​ទៅ​នឹង​បែប​ផែន​រស់​នៅ​របស់​អ្នក​ស្រុក​ស្រែ​ចម្ការ​ឆ្ងាយ​ពី​ទី​ប្រជុំជន​។

លោក​បញ្ជាក់​ថា ប្រជាជន​រស់​នៅ​ជន​បទ ​មិនសូវ​មាន​ប្រាក់​​សម្រាប់​ទិញ​ទំនិញ​នោះ​ទេ ​​ប៉ុន្តែ​​មាន​​ស្រូវ​អង្ករ​ក្នុង​ជង្រុក ហើយ​ម្យ៉ាង​នៅ​តំបន់​នោះ​ភាគ​ច្រើន​អ្នក​ភូមិ​ដោះដូរ​​ជា​ស្រូវ​ផង​។

លោក​ ពេញ ស្រឿន ឲ្យ​​ដឹងបន្ថែមថាៈ «បើ​លក់​យក​តែ​លុយ​ច្បាស់​ជា​គ្មាន​អ្នក​ទិញ​ទេ​បង​អើយ​ ​ ដូច្នេះ​មាន​តែ​លៃលក​ដូរ​ជា​ស្រូវ​ អង្ករ​ពី​​ពួក​គាត់​ដើម្បី​យក​ទៅ​លក់​នៅ​ផ្សារ​ដូរ​ជា​លុយវិ​ញ​ ជា​ទូទៅ​​ឪឡឹក​មួយ​ថង់​មាន​ចំនួន​​ចន្លោះ​ពី​៣ទៅ​៥ផ្លែ ឯ​ពោត​ក្នុង​មួយ​ថង់​មាន​ចំនួន​១៧ផ្លែ ខ្ញុំ​លក់​ក្នុង​តម្លៃ ៥៥០០​រៀល​ក្នុង​មួយ​ថង់ តែបើ​ដូរ​ជា​ស្រូវ​វិញមួយ​ថង់​ខ្ញុំដូរ​ស្រូវ​មួយ​ជាល​​មានទម្ងន់​ប្រហែល ៦​គីឡូ​ក្រាម​»។

ចំពោះ​ស្រូ​វដែល​លោក​ ពេញ ស្រឿន ទទួល​បាន​ពីការ​ដោះដូរ​ពោត ឪឡឹក​ និង​គ្រឿង​ទេស​ផ្សេងៗ​នោះ លោក​យក​ទៅ​លក់​នៅ​ផ្សារ​ក្រឡាញ់​ ដោយ​ក្នុង​មួយ​គីឡូក្រាម​មាន​តម្លៃ ​៩០០រៀល។

អ្នក​ទិញ​ម្នាក់គឺ​អ្នកស្រី គួយ រឿន អ្នក​ស្រុក​ក្រឡាញ់ លើកឡើង​ថា​ការ​លក់​ដូរ​របៀប​នេះ​ជួយ​សម្រួល​ដល់​ប្រ​ជា​ពល​រដ្ឋ​ដែល​មិន​សូវ​មាន​ប្រាក់។ អ្នក​ស្រី​បន្ថែម​ថាៈ «ពួកខ្ញុំចាស់ៗ​នៅ​ក្នុងភូមិ ធ្វើ​តែ​ស្រែ មិន​មាន​ប្រាក់​ទេ មាន​តែ​ស្រូវ បាន​ដូរ​បែប​នេះ​ស្រួល»។

ក្នុង​មួយថ្ងៃ​លោក​ ពេញ ស្រឿន ត្រូវ​ធ្វើ​ដំណើរ​លក់​ទំនិញ ដូរ​ស្រូវ ជាង ១០០គីឡូម៉ែត្រពី​ផ្ទះ​ហើយ​បើ​ទូទាត់​ទៅ​ក្នុង​មួយ​ខែ​លោក​ថា​បាន​​ចំណេញ​​ចន្លោះពី​៣០​ម៉ឺន​ទៅ​៤០ម៉ឺន​រៀល​។ ទោះបីជា​ចំណេញមិនសូវ​ច្រើន តែ​លោកថា​ប្រសើរ​ជាង​ទៅ​ធ្វើ​ការ​ឲ្យគេ​ឬចំណាក​ស្រុកទៅ​បរទេស៕

ចុចអាន៖

អត្ថបទដោយ៖ រស់ សុជាតិ​

អត្ថបទថ្មី