មកស្គាល់ឧបករណ៍ភ្លេងបុរាណខ្មែរដែលមានតែឈ្មោះ តែបាត់រូបរាង
- 2018-02-27 00:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ឧបករណ៍ភ្លេងបុរាណខ្មែរដែលមានតែឈ្មោះ តែបាត់រូបរាង
ចន្លោះមិនឃើញ
ឧបករណ៍ភ្លេងបុរាណខ្មែរមានជាច្រើនប្រភេទ ឧបករណ៍ចំនួននៅមានវត្តមានក្នុងការប្រគំតន្រ្តីនៅឡើយ ហើយមួយចំនួនទៀតធ្លាប់ឮតែឈ្មោះ តែមិនស្គាល់រូបរាងក៏មាន។
ថ្ងៃនេះ Sabay សូមលើកយកឧបករណ៍តន្រ្តីមួយចំនួន ដែលស្ទើរតែបាត់បង់ក្នុងពេលបច្ចុប្បន្នមកបង្ហាញ៖
១. ក្រាបញី ក្រាបឈ្មោល៖ គេប្រើឧបករណ៍បុរាណធ្វើពីបន្ទះឫស្សីមួយកង់នេះសម្រាប់គោះបន្ទរឧបករណ៍ ឆាប ឈឹង ប៉ាន់ ឡោក។ ក្រាប នេះគេអាចលេងក្នុងឆៃយ៉ាំ និងក្នុងរបាំក្រាប។
២. ក្រពះ៖ ក្រពះជាឧបករណ៍តន្រ្តីបុរាណខ្មែរ គេមិនកំណត់ថាលេងក្នុងវង់ភ្លេងណាមួយឡើយ។ ឧបករណ៍មួយនេះមានសំឡេងពីរោះ ហើយមានតួនាទីយ៉ាងសំខាន់ក្នុងរបាំប្រជាប្រិយខ្មែរ ជាពិសេសរបាំច្រូតស្រូវ។ ឧបករណ៍ក្រពះ ក៏ត្រូវបានពលរដ្ឋខ្មែរប្រើដើម្បីបណ្ដេញចាបកុំឲ្យស៊ីស្រូវ បន្លែដំណាំទៀតផង។
៣. អង្គួច៖ ឧបករណ៍មួយនេះ មានអាយុកាលយូយារណាស់មកហើយនៅក្នុងប្រទេសកម្ពុជា ហើយជាឧបករណ៍មួយដែលជិតស្និទ្ធជាមួយអ្នកស្រុកស្រែចម្ការខ្លាំងណាស់ ព្រោះភាគច្រើន ពេលទៅឃ្វាលគោក្របី គេតែងតែផ្លុំវាបំបាត់អផ្សុក។ ជាពិសេស គេអាចលេងក្នុងវង់ភ្លេងមហោរី អាចច្រៀងបទមហោរីមួយជាន់ និង បទប្រជាប្រិយ។
៤.ឡោ៖ ឧបករណ៍មួយនេះមានរូបរាងដូចគ្នាទៅនឹងឃ្មោះ គេប្រើវាក្នុងការសម្ដែងល្ខោនបាសាក់ ។ វាមានតួនាទីសំខាន់សម្រាប់បើកនិងបិទឆាក ពេលតួចេញនិងចូល ពេលសម្ដែង។
៥.គង រីង៖ ឧបករណ៍មួយនេះ ធ្វើអំពីឫស្សីដែលមានថ្នាំងទាំងសងខាង មានសរសៃឆ្មាៗ ធ្វើជាខ្សែសំនៀង។ ឧបករណ៍គង រីង ពេលនេះនៅមានវត្តមានក្នុងតន្រ្តីរបស់ប្អូនខ្មែរនៅក្នុងខេត្តមណ្ឌលគីរី។
៦.ប៉ាន់៖ នៅក្នុងវង់ភ្លេងល្ខោនបាសាក់ ឧបករណ៍មួយនេះគេលេងដើម្បីបន្ទរក្នុងវង់ភ្លេង និងកាត់ឆាក។ ឧបករណ៍ប៉ាន់ មានរូបរាងទ្រវែង ធ្វើពីឈើមួយកំណាត់ ដែលមានចោះប្រហោង ដើម្បីឲ្យសំឡេងខ្ទរ។
ប្រវត្តិឧបករណ៍ភ្លេងខ្មែរខាងលើ ដកស្រង់ពីសៀវភៅឧបករណ៍តន្រ្តីបុរាណកម្ពុជា បោះពុម្ពឆ្នាំ១៩៩៤ របស់អង្គការអប់រំវិទ្យាសាស្រ្ត និងវប្បធម៌នៃសហប្រជាជាតិ៕