រក​ឃើញ​កត្តា​មួយ​ចំនួន ជុំវិញ​បរាជ័យ​នៃ​រឿង "កិច្ច​សន្យា​ស្នេហ៍ Tom & Jerry”

  • 2018-02-27 03:35:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម Rock បាន​ខកខាន​បន្ត​ភាព​ជោគជ័យ​សម្រាប់​រឿង​ស្វាគមន៍​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ ក្រោយ​រឿង "កិច្ច​សន្យា​ស្នេហ៍ Tom & Jerry” បាន​បរាជ័យ មិន​នឹក​ស្មាន​ដល់ ជាមួយ​ហេតុផល​មួយ​ចំនួន។

ខុស​ពី​រឿង​ពី​អតីតកាល រឿង "កិច្ច​សន្យា​ស្នេហ៍ Tom & Jerry” បញ្ចាំង​បាន​តែ២​សប្ដាហ៍​ប៉ុណ្ណោះ ក៏​ត្រូវ​ខាង​រោងកុន​ទម្លាក់​ចុះ ដោយ​សារ​ខ្សត់​អ្នក​ទស្សនា ខណៈ​ក្រុម​ផលិត​បាន​ទទួល​ស្គាល់​ថា​មាន​ចំណុច​អវិជ្ជមាន​មួយ​ចំនួន បាន​ចង​ភ្ជាប់​រឿង​ខាង​លើ មិន​អាច​ទទួល​ជោគជ័យ​ដូច​រឿង​មុន​ៗ​បាន។

លោក យឹម សុ​សត្យា ប្រធាន​គ្រប់​គ្រង​ការ​ផលិត​របស់​ផលិតកម្ម Rock បាន​ឲ្យ​ដឹង​ថា ចំណុច​ទាំង​នោះ​មាន ទី​១ មាន​ពាក់​ព័ន្ធ​នឹង​តួឯក​ប្រុស ស្រី​ទាំង​ពីរ លោក ម៉ា ច័ន្ទ​បញ្ញា និង​កញ្ញា អ៊ីងអ៊ីង ដែល​គូ​សង្សារ​នឹង​គ្នា​ស្រាប់។ លោក​ថា មុន​សម្រេច​ជ្រើស​រើស​គូស្នេហ៍​មួយ​គូ​នេះ​ជា​តួឯក លោក​សង្កេត​ឃើញ​ថា ពួក​គេ​មាន​ប្រជាប្រិយភាព​ខ្លាំង​តាម​រយៈ Original Song ក្នុង​ចង្កោម​យុវវ័យ។

ប៉ុន្តែ​ពេល​រឿង​ជិត​ដាក់​បញ្ចាំង តួឯក​ទាំង​ពីរ​ស្រាប់​តែ​ភ្លាត់​មាន​បញ្ហា​ផ្ទាល់​ខ្លួន​នឹង​គ្នា បង្ហោះ​ចេញ​លើ​បណ្ដាញ​សង្គម។ បញ្ហា​នេះ លោក​ថា អាច​ជា​ហេតុ​មួយ​ដែរ ដែល​ធ្វើ​ឲ្យ​រឿង​របស់​ពួក​គេ ធ្លាក់​ចុះ​ការ​ទាក់​ទាញ។

តួឯក​ប្រុស ស្រី ម៉ា ច័ន្ទ​បញ្ញា និង​កញ្ញា អ៊ីងអ៊ីង ក្នុង​ថ្ងៃ​សម្ពោធ​ដាក់បញ្ចាំង​រឿង​របស់​ខ្លួន

ទី​២.ចេញ​ក្រោយ និង​កៀក​គ្នា​ពេក​នឹង​រឿង "ធ្មប់"។ បញ្ហា​នេះ លោក លើក​ឡើង​ថា ទស្សនិកជន​បាន​ឆ្អែត​នឹង​ការ​ទស្សនា​រឿង "ធ្មប់" របស់​ផលិតករ ហ៊ុយ យ៉ាឡេង ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង។ ដូច្នេះ ពេល​ដាក់​រឿង "កិច្ច​សន្យា​ស្នេហ៍ Tom & Jerry" ទៅ ផ្សំ​នឹង​យុវវ័យ​ដែល​មិន​សូវ​មាន​ខ្ទង់​សម្រាប់​ចំណាយ​ច្រើន​ផង ធ្វើ​ឲ្យ​រឿង​របស់ Rock មួយ​នេះ ខ្សត់​ការ​គាំទ្រ។

ដោយ​ឡែក​ចំណុច​ទី៣ គឺ​មាន​ពាក់ព័ន្ធ​នឹង​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់៖ ជា​រៀងរាល់​ឆ្នាំ Rock តែង​បញ្ចេញ​ភាពយន្ត​១​រឿង​ឲ្យ​ត្រូវ​នឹង​ឱកាស​នេះ ជាក់​ស្ដែង​ពួក​គេ​ទទួល​ជោគជ័យ​បន្ត​បន្ទាប់​រួច​ហើយ។ ប៉ុន្តែ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​ឆ្នាំ​នេះ ខុស​ពី​ឆ្នាំ​មុន។

លោក សុសត្យា លើក​ឡើង​ថា "ដូច​ឃើញ​ស្រាប់​ហើយ ១៤ កុម្ភៈ ឆ្នាំនេះ ជាប់​គ្នា​នឹង​ថ្ងៃ​ចូល​ឆ្នាំ​ចិន ខុស​ពី​រាល់​ឆ្នាំ អីចឹង​អ្នក​ខ្លះ​គេ​អាច​ទុក​លុយ​សែន គេ​ទុក​លុយ​ដើរ​លេង​អីចឹង​ទៅ អីចឹង​ទាំង​នេះ វា​អាច​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រក​ចំណូល​របស់​យើង​តាម​រយៈ​រឿង​នេះ"។

"កិច្ច​សន្យា​ស្នេហ៍ Tom & Jerry” គឺ​ជា​ស្នាដៃ​និពន្ធ​ដោយ​អ្នក​នាង ស៊ា រស្មី ក្រោម​ដំបូល​ផលិតកម្ម Rock។ អ្នក​និពន្ធ​វ័យ​ក្មេង​រូប​នេះ ធ្លាប់​បាន​សាង​ស្នាដៃ​ឲ្យ​ផលិតកម្ម​ខាង​លើ ជា​ច្រើន​រួច​មក​ហើយ​ចំពោះ​ខ្សែ​ភាពយន្ត​សម្រាប់​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ ក្នុង​នោះ រាប់​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ ២០១៥ មក​មាន​រឿង "អូន​ជា​ការ​ចង​ចាំ​បង" ឬ "You're My Momery”។

ឆ្នាំ​២០១៦ មាន​រឿង "សិស្ស​ប្អូន​សំណព្វ​ចិត្ត" ដែល​ទទួល​បាន​គាំទ្រ​ខ្លាំង​បំផុត ដោយ​ពេល​នោះ បាន​ឈរ​នៅ​លំដាប់​លើ​គេ​ក្នុង​តារាង​ភាពយន្ត​រក​ចំណូល​បាន​ខ្ពស់​របស់​រោង​ភាពយន្ត សម្រាប់​ភាពយន្ត​អម​ថ្ងៃ ១៤ កុម្ភៈ ពោល​គឺ លើ​រឿង​ដ៏​ល្បី​ហូលីវូដ "Dead Pool” នា​ពេល​នោះ​ថែម​ទៀត។ លុះ​មក​ដល់​ឆ្នាំ ២០១៧ ឆ្នាំ​មុន​នេះ Rock នៅ​តែ​ជោគជ័យ​ជាមួយ​រឿង "ខូច​ចិត្ត​អាជីព" របស់​អ្នក​និពន្ធ​ដដែល។

វិល​មក "កិច្ច​សន្យា​ស្នេហ៍ Tom & Jerry” ឆ្នាំ ២០១៨ ដែល​ខកខាន​បន្ត​ភាព​ជោគជ័យ​ឲ្យ​ផលិតកម្ម​ខាង​លើ លោក យឹម សុសត្យា បដិសេធ​បញ្ចេញ​តួលេខ​ចំណូល​ពិត​ប្រាកដ។ ប៉ុន្តែ​លោក​ថា រយៈ​ពេល​២​សប្ដាហ៍​នៃ​ការ​ដាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​នៅ​រាជធានី​នោះ គឺ​ចំណូល​មិន​ទាន់​ស្មើ​ដើម​ផង។ ដូច្នេះ លោក​នឹង​បន្ត​យក​រឿង​នេះ ទៅ​ចាក់​បញ្ចាំង​នៅ​តាម​បណ្ដា​ខេត្ត​ទៀត ជាមួយ​ក្ដី​រំពឹង​ថា ការ​ខាត​បង់​នឹង​ត្រូវ​បាន​ប៉ះប៉ូវ៕

អត្ថបទ៖ ទារិកា